អានតួអត្ថបទ
កម្ពុជា

CMAC៖ ​កងទ័ពថៃ​បានបាញ់​ផ្លោងគ្រាប់មីន​ចង្កោម​មកលើ​ទឹកដីកម្ពុជា​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ​គ្រាប់មីន​ចង្កោម​ជាច្រើន​ត្រូវបាន​កងទ័ព​ថៃ​បាញ់​ចូល​ក្នុង​ទឹកដី​កម្ពុជា ​នៅពេល​វាយ​ប្រហារ​ជិត​ប្រាសាទ​ព្រះវិហារ ​ចាប់​តាំងពី​ថ្ងៃ​៤​កុម្ភៈ។​ កងកម្លាំង​ពិសេស​របស់ ​CMAC ​ត្រូវបាន​ដាក់ពង្រាយ ​ដើម្បី​អប់រំ​ដល់​ប្រជាជន​ក្នុង​សហគមន៍ ​ពិសេស​អ្នក​រត់​ភៀសខ្លួន​នៅ​តំបន់​ជម្លោះ​តាម​ព្រំដែន។​ ប័ណ្ណ​ប្រកាស​អប់រំ​ពី​គ្រោះថ្នាក់​គ្រាប់​មិន​ទាន់​ផ្ទុះ ជាពិសេស ​គ្រោះថ្នាក់​ពី​គ្រាប់មីន​ចង្កោម​ត្រូវ​បាន​បិទ​ផ្សាយ​ជា​ច្រើន នៅ​តំបន់​ព្រំដែន​ព្រះវិហារ​ផងដែរ។ 

CMAC​ ប្រកាស​ថាមានភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់ថា​គ្រាប់មីន​ចង្កោម​ត្រូវ​បាន​កងទ័ពថៃ​បាញ់ចូល​ក្នុងទឹកដី​កម្ពុជា​
CMAC​ ប្រកាស​ថាមានភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់ថា​គ្រាប់មីន​ចង្កោម​ត្រូវ​បាន​កងទ័ពថៃ​បាញ់ចូល​ក្នុងទឹកដី​កម្ពុជា​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

លី ម៉េងហួរ

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC បាន​ប្រកាស​ថា មាន​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ គ្រាប់មីន​ចង្កោម​ជាច្រើន​ត្រូវបាន​កងទ័ព​ថៃ​ប្រើប្រាស់​លើ​កម្ពុជា។ ​គឺក្នុង​រយៈពេល​ ៤ ថ្ងៃ​ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​និង​ថៃ​កាលពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧​កុម្ភៈ។​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ CMAC បាន​គូសបញ្ជាក់​ពី​ការប្រើប្រាស់​គ្រាប់មីន​ចង្កោម​ដោយ​កងទ័ព​ថៃ​ចូល​លើ​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ព្រះវិហារ​។​ CMAC បញ្ជាក់ថា ការ​ប្រើ​ប្រាស់​គ្រាប់មីន​ចង្កោម​របស់​ថៃ​ដើម្បី​បាញ់​លើ​កម្ពុជា​ក្នុងពេល​ប្រយុទ្ធ​គ្នា​គឺ​មាន​ភស្តុតាង​បង្ហាញ​ថា​កងទ័ព​ថៃ​បាន​ប្រើប្រាស់​តាមរយៈ​កាំភ្លើង​ធុន​ធ្ងន់​ប្រភេទ ១០៥ ម.ម​. ១៣០ ម.ម​. និង ១៥៥ ម.ម​។

 
អ្នក​ជំនាញ​របស់ CMAC បាន​អះអាង​ថា ក្នុង​គ្រាប់​កាំភ្លើង​ធំ​របស់​ថៃ មាន​ផ្ទុក​គ្រាប់មីន​ចង្កោម រួមមាន​៖ ប្រភេទ M35 M42 និង M46 ។ គ្រាប់មីន​ចង្កោម​ទាំងនេះ ស្ថិត​នៅ​រាយប៉ាយ​ក្នុង​សមរភូមិ​ជិត​ប្រាសាទ​ព្រះវិហារ។​ គ្រាប់មីន​ចង្កោម ជា​អាវុធ​ផ្ទុះ​ដែល​គេ​បាញ់​បាច់សាច​ជា​បំណែក​តូចៗ​ជាច្រើន។​ បំណែក​តូចៗ​ទាំងនោះ ​អាច​ផ្ទុះ និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស ​សត្វ ​និង​ទ្រព្យសម្បត្តិ​ ជាពិសេស​នៅ​ពេល​រថយន្ត​បើកជាន់​ឬ​មនុស្ស​ប៉ះពាល់។

ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​នេះ CMAC បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​ក្រុម​អ្នកឯកទេស​ជាច្រើន នៅ​តំបន់​ជម្លោះ​ព្រះវិហារ ​ដើម្បី​ប្រកាស​អាសន្ន​ដល់​សហគម​ន៍ និង​អប់រំ​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​រត់​ភៀសខ្លួន។ ​សញ្ញា និង​ខិតប័ណ្ណ​ជាច្រើន​ត្រូវបាន​លើក​បង្ហាញ​ ដើម្បី​បញ្ជាក់​ពី​តំបន់​មាន​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​ពិសេស​គ្រាប់បែក​ចង្កោម​របស់​កងទ័ព​ថៃ​នៅតំបន់​ជម្លោះ។

ការអប់រំ​នោះ សំខាន់​ផ្តោត​លើ​កុមារ ដែល​ជា​ក្រុម​អ្នករងគ្រោះ​ខ្ពស់​ជាងគេ នៅ​តំបន់​សមរភូមិ​ព្រះវិហារ។​ ប្រទេស​កម្ពុជា និង​ថៃ មិន​ទាន់​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ពី​គ្រាប់បែក​ចង្កោម​នៅឡើយ​ទេ​។ ​អនុសញ្ញា​អន្តរជាតិនោះ បាន​ហាមឃាត់​ការប្រើ​គ្រាប់បែក​ចង្កោម ដើម្បី​ចៀសវាង​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​។

អំពី​សភាពការណ៍​នៅ​ព្រំដែន​ព្រះវិហារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ត​ស្ងប់ស្ងាត់​តែ​កងទ័ព​កម្ពុជា ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ​កម្រិត​ខ្ពស់។​ រីឯ​ថៃ នៅតែ​បន្ត​បង្កើន​កម្លាំង និង​ចល័ត​ទ័ព តាម​បណ្តោយ​ព្រំដែន​កម្ពុជា។ ​ចំណែក​អ្នក​ភៀស​សឹក​កម្ពុជា​រាប់​ពាន់​នាក់ បន្ត​ស្នាក់នៅ​ទី​សុវត្ថិភាព​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ជម្លោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ