អានតួអត្ថបទ
កម្ពុជា-ឡាវ

ការសិក្សា​ឡើងវិញ​ពី​លទ្ធភាព​សាងសង់​ទំនប់​វារិអគ្គិសនី​នៅ​ដង​ទន្លេមេគង្គ​ត្រូវ​មាន​លក្ខណៈ​ស្តង់ដារ

ប្រទេស​ឡាវ បាន​ព្រមព្រៀង ឲ្យមាន​ការសិក្សា​ស្រាវជ្រាវ​ជា​ថ្មី​ឡើងវិញ​លើ​ផលប៉ះពាល់​បរិស្ថាន ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ា​បូរី នៅ​ដង​ទន្លេមេគង្គ​ផ្នែក​ក្រោម​។ សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​គណៈកម្មការ​ទន្លេមេគង្គ រួមមាន កម្ពុជា ថៃ វៀតណាម និង​ឡាវ បានសម្រេច​ពន្យារពេល​សាងសង់​ទំនប់​វារិអគ្គិសនី សាយ៉ា​បូរី ក្នុង​ប្រទេស​ឡាវ កាលពី​ខែ​មុន​។ ចំណែក​អង្គការ ផ្នែក​បរិស្ថាន WWF បាន​ស្នើ​យ៉ាង​ទទូច ឲ្យ​បណ្តា​ក្រុមហ៊ុន ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​យក​ការសិក្សា​វាយតម្លៃ​ឡើងវិញ លើ​ការសាងសង់​ទំនប់​វារិអគ្គិសនី​របស់​ឡាវ ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​អនុវត្ត​បច្ចេកទេស​សិក្សា និង​វាយតម្លៃ តាម​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​។​

WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល
WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល © Reuters
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​ឡាវ​នឹង​បង្កើត​ក្រុម​អ្នកជំនាញ ដើម្បី​ធ្វើ​ការសិក្សា​ជា​ថ្មី​ឡើងវិញ​ពី​ផលប៉ះពាល់​បរិស្ថាន ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារិ​អគ្គិសនី សាយ៉ា​បូរី ដែល​មាន​តម្លៃ ៣,៨ ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ប្រទេស​ឡាវ ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។​

កាសែត​បាន​ផ្សាយ​ថា ការសិក្សា​ឡើង​វិញ​លើ​កង្វល់​នៃ​ផលប៉ះពាល់​បរិ​សា្ថន ចំពោះ​គម្រោង​សាងសង់​ទំនប់​វារិ​អគ្គិសនី នៅ​ដង​ទន្លេ​មេគង្គ​ក្រោម ក្នុង​ប្រទេស​ឡាវ នឹង​ត្រូវ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​អ្នកជំនាញ​អន្តរជាតិ​។ រីឯ​ការចំណាយ ជា​ការធានារ៉ាប់រងរ​បស់​ក្រុមហ៊ុន​ថៃ CH. Karnchang Public Co. ដែល​ទទួល​សិទ្ធិ​ក្នុង​ការសាងសង់​ទំនប់​វារិ​អគ្គិសនី​ដ៏​ធំ​នោះ​។​

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​១៩​មេសា គណៈកម្មការ​ទន្លេមេគង្គ ដែល​រួមមាន​តំណាង​មកពី​កម្ពុជា វៀតណាម ថៃ និង​ប្រទេស​ឡាវ បានសម្រេច ពន្យារ​ពេល​ការសាងសង់​ទំនប់​វារិ​អគ្គិសនី សាយ៉ា​បូរី​។ ជា​ការសំរេច ដោយ​ផ្អែក​លើ​ការផ្តល់​យោបល់​រិះគន់​ពី​សំណាក់​ក្រុម​អ្នកជំនាញ​ផ្នែក​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ ព្រមទាំង​ផ្អែក​លើ​ក្តីបារម្ភ​នានា​របស់​ប្រជាជន​សហគមន៍ និង​ផ្អែកលើ​ភស្តុតាង​ជា​ច្រើន ដែល​បង្ហាញ​ពី​កង្វះខាត​ព័ត៌មាន​ចាំបាច់ ស្តី​ពី​ហេតុ​ប៉ះពាល់​សំខាន់ៗ​អាច​កើត​ចេញពី​ការសាងសង់​ទំនប់​វារិអគ្គិសនី​។ ផលប៉ះពាល់​ទាំងនោះ អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ការផ្គត់ផ្គង់​ស្បៀង និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​រាប់​សិប​លាន​នាក់ ក្នុងប្រទេស​កម្ពុជា វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ឡាវ ជា​ពិសេស​នឹង​បង្ក ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​។​

អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា WWF បាន​ស្នើ​យ៉ាង​ទទូច​ថា បណ្តា​ក្រុមហ៊ុន ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​យក​ការសិក្សា​វាយតម្លៃ​ឡើង​វិញ​មួយ លើ​ការសាងសង់​ទំនប់​វារិអគ្គិសនី សាយ៉ា​បូរី ក្នុង​ដង​ទន្លេ​មេគង្គ​ក្រោម នៅ​ប្រទេស​ឡាវ ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​អនុវត្ត​បច្ចេកទេស​សិក្សា និង​វាយតម្លៃ ដែល​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​បន្ទាន់​នៅថ្ងៃនេះ អង្គការ WWF បាន​ទទូច​សុំឲ្យ​មាន​ការ​ពន្យារ​រយៈពេល ១០ ឆ្នាំ ចំពោះ​រាល់​ការសាងសង់​ទំនប់​វារិអគ្គិសនី​ទាំងឡាយ ដែល​គេ​បាន​ស្នើ​ឡើង​លើ​ដង​ទន្លេមេគង្គ​ប៉ែក​ខាងក្រោម រហូតដល់​មាន​ការសិក្សា​ច្បាស់លាស់ ក៏ដូចជា ការប្រមូល​ព័ត៌មាន​គ្រប់គ្រាន់ ស្តីពី ផលប៉ះពាល់​នានា​ជាមុនសិន​។

ការស្នើ​យ៉ាង​ដូច្នេះ ក៏​ត្រូវបាន​ប្រទេស​វៀតណាម បាន​បញ្ចេញ​សំឡេង​​តវ៉ា​យ៉ាង​ខ្លាំង ដោយ​ថា ទំនប់​វារិអគ្គិសនី នៅ​ដង​ទន្លេមេគង្គ​ក្រោម នឹង​បង្ក​ការប៉ះពាល់​ដល់​ការនេសាទ និង​ការធ្វើ​ស្រែចំការ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ