អានតួអត្ថបទ
កម្ពុជា

WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​​ឡា​វ​ នៅ​ទន្លេ​មេគង្គ​ប៉ះពាល់​បរិស្ថាន​ និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល​

ចរាចរ​ត្រី ព្រមទាំង​ប្រភព​ផ្គត់ផ្គង់​អាហារ​ចាំបាច់​សម្រាប់​ប្រជាជន​រាប់​លាន​នាក់ រួម​ទាំង​ប្រជាជន​កម្ពុជា ដែល​រស់​នៅ​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ នឹង​ត្រូវ​កាត់ផ្តាច់ ប្រសិនបើ​គេ​អនុញ្ញាត​ឲ្យមាន​ការសាង​សង់​ទំនប់​វារី​អគ្គិសនី​ដំបូង​មួយ នៅ​ប្រទេស​ឡាវ ក្នុង​ដង​ទន្លេ​មេគង្គ ផ្នែក​ខាង​ក្រោម​។ នេះ​ជា​ការ​វាយតម្លៃ​ទុក​ជាមុន​របស់​អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ ហៅ​កាត់​ថា WWF។ អង្គការ WWF បាន​ស្នើ​ឲ្យ​មាន​ការពន្យារ​ពេល​សាងសង់​ទំនប់​វារី​អគ្គិសនី នៅ​ដង​ទន្លេ​មេគង្គ ១០ ឆ្នាំ​ទៀត ដើម្បី​ឲ្យ​មាន​ការ​សិក្សា​គ្រប់​ជ្រុងជ្រោយ​ពី​ផល​ប៉ះពាល់​បរិស្ថាន។

WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល
WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល © Reuters
ផ្សាយពាណិជ្ជកម្ម
02:22

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

ក្នុង​សេចក្តី​ប្រកាស​បន្ទាន់​របស់​អង្គការ WWF ប្រចាំ​កម្ពុជា បង្ហាញ​ថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដំបូង​មួយ នៅ​ដង​ទន្លេ​មេគង្គ​ក្រោម ក្នុង​ប្រទេស​ឡាវ នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​សម្រាប់​ផែនការ​សាងសង់​ទំនប់​វារី​អគ្គិសនី សាយា​បូរី ដែល​ត្រូវ​បាន​ស្នើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ គ្មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ហើយ​មាន​កំរិត​ទាប បើ​ធៀប​នឹង​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ តម្រូវ​សម្រាប់​ការសិក្សា​បែបនេះ។
​ទំនប់​សាយា​បូរី នៅ​ក្នុង​ប្រទេស​ឡាវ គឺ​ជា​ទំនប់​វារី​អគ្គិសនី​ទី​មួយ ក្នុង​ចំណោម​ទំនប់​ទាំង​អស់​ចំនួន ១១ ដែល​ត្រូវ​បាន​គេ​ស្នើ​សុំ​សាងសង់​នៅ​ក្នុង​តំបន់​នៃ​ដង​ទន្លេ​មេគង្គ​ក្រោម។ រដ្ឋាភិបាល​បណ្តា​ប្រទេស ដែល​ស្ថិត​នៅ​អាង​ទន្លេមេគង្គ​ក្រោម រួម​មាន​៖ កម្ពុជា វៀតណាម ឡាវ និងថៃ នឹង​ប្រជុំគ្នា នៅ​ថ្ងៃ​ទី​២២​មេសា​ខាង​មុខ ដើម្បី​សម្រេច​ថា តើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្រោម អាច​ធ្វើ​ទៅ​បាន ឬ​មិន​បាន។

តាម​ការ​សិក្សា​ថ្មី របស់ WWF មាន​ត្រី​ចំនួន ២២៩ ប្រភេទ ដែល​ត្រូវការ​ទីជម្រក​នៅ​ផ្នែក​ខាង​លើ​ដង​ទន្លេ​នៃ​តំបន់​គ្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី សម្រាប់​ធ្វើ​ជា​ការពង​កូន និង​រស់នៅ​ពេល​រដូវ​ទឹក​ស្រក។ ក្នុង​នោះ មាន​ត្រី ៧០ ប្រភេទ ត្រូវ​ធ្វើ​ចរាចរ​ឡើង​ចុះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន អង្គការ WWF បាន​លើក​ឡើង​ថា ត្រី​ចំនួន ៨៥% នៃ​ចំនួន​ត្រី​សរុប បាន​ទទួល​រង​ការ​ប៉ះពាល់ ដោយសារ​ទំនប់​វារី​អគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ​។ ក្នុង​នោះ មាន​ត្រី ៥៦ ប្រភេទ បាន​បាត់បង់​ទាំង​ស្រុង​។ ចំណែក​ផល​ត្រី ក៏​បាន​ធ្លាក់​ចុះ ចំពោះ​ត្រី ១៦៩ ប្រភេទ​ថែម​ទៀត។
អង្គការ WWF គាំទ្រ​ឲ្យ​មាន​ការ​ពន្យារ​ពេល ១០ ឆ្នាំ​ទៀត ចំពោះ​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នានា នៅ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម ក្នុង​នោះ មាន​គម្រោង​ទំនប់​សាយា​បូរី របស់​ប្រទេស​ឡាវ​ផង​ដែរ ដើម្បី​អាច​ធានា​ថា មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​នៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ