អានតួអត្ថបទ
កម្ពុជា-ថៃ

ព្រំដែន​កម្ពុជាថៃ​ស្ងប់ស្ងាត់​នៅពេល​រដ្ឋាភិបាល​ជួបគ្នា​នៅឆាក​អន្តរជាតិ​

អ្នកនាំពាក្យ​យោធា​កម្ពុជា​បាន​អះអាង​អោយ​ដឹង​ថា ស្ថានភាព​ព្រំដែន​បាន​ស្ថិត​នៅក្នុង​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​ទាហាន​នៅតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបទ្ទវហេតុនៃ​​ការ​ផ្ទុះអាវុធ​ដូច​ពេល​មុនៗ។ កម្ពុជា និង​ថៃ​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ ចំពោះ​បណ្តឹង​របស់​កម្ពុជា​ដែល​ស្នើអោយ​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ ព្រះវិហារ។ តំណាង​រដ្ឋាភិបាល​ទាំងពីរ​ក៏​កំពុង​ត្រៀមខ្លួន​ចូលរួម​កិច្ច​ប្រជុំ​ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៣៥ នៅទីក្រុង​ប៉ារីស​ដែលនឹង​ចាប់ផ្តើមនៅ​ថ្ងៃទី១៩​មិថុនានេះ​ផងដែរ។

កម្ពុជា​និង​ថៃ​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ចំពោះ​បណ្តឹង​របស់​កម្ពុជា​ដែលស្នើអោយ​ថៃ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហា​រ
កម្ពុជា​និង​ថៃ​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ចំពោះ​បណ្តឹង​របស់​កម្ពុជា​ដែលស្នើអោយ​ថៃ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហា​រ © លាងដឺលុច/RFI-DELUX
ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​ចៅក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡាអេ​កំពុង​ស្តាប់​ទឡ្ហីករណ៍​របស់​កម្ពុជា និងថៃ ជុំវិញ​បណ្តឹង​របស់​កម្ពុជា​ទាមទារ​អោយ​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ប្រជាជាតិ​ទាំងពីរ​អ្នក​តាមដាន​បញ្ហា​ព្រំដែន ​ក៏​កំពុង​តាមដាន​ព្រឹត្តិការណ៍​នេះ​យ៉ាង​យកចិត្ត​ទុក​ដាក់។ ​ការ​តាមដាន​នេះ ក៏​អាចមាន​នៅក្នុង​មជ្ឈដ្ឋាន​កងទ័ព​ផងដែរ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះថា ស្ថានភាព​នៅតាម​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់​គួរ​អោយ​លើក​ទឹកចិត្ត។ ប៉ុន្តែ​ថា កងទ័ព​ត្រូវ​បាន​បញ្ជា​អោយ​ប្រុង​ប្រយ័ត្ន​ជានិច្ច ដើម្បី​ទប់ទល់​ការ​វាយប្រហារ​ពី​សត្រូវ​ជាយថាហេតុ។ នៅថ្ងៃនេះ សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ថា ទាហាន​ថៃ​បាន​បើក​យន្តហោះ ហោះ​តាម​ព្រំដែន​កម្ពុជាថៃ នៅខេត្ត​បន្ទាយមាន​ជ័យ និង​ឧត្តរមានជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​ និង​ថ្ងៃនេះ។

គួរ​រម្លឹក​ថា តុលាការ​អន្តរជាតិ​ក្រុងឡាអេ​បាន​បើក​សវនាការ​សាធារណៈ​២​ថ្ងៃ​កន្លង​មកនេះ ដើម្បី​ចាត់ការ​បណ្តឹង​របស់​កម្ពុជា​មួយ ដែល​ស្នើ​អោយ​តុលាការ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការ​ថែរក្សា​ប្រាសាទ​ព្រះវិហារ ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់កាំភ្លើង។

ទន្ទឹមនឹង​នេះ​ដែរ ប្រធានបទ​នៃ​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធុនធ្ងន់​របស់​ទាហាន​ថៃ​មក​លើ​សម្បត្តិ​បេតិកភណ្ឌពិភព​លោក នឹង​ក្លាយ​ទៅជា​ប្រធានបទ​សំខាន់​មួយ​ផង​ដែរ ដែល​កម្ពុជា​នឹង​លើក​យកមកដាក់​លើតុ​នៅក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៥ បន្ថែម​ពី​លើ​ផែនការ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​សម្បត្តិ​បេតិកភណ្ឌ​ពិលោក ប្រាសាទ​ព្រះវិហារនេះ។ ​នេះបើតាម​ការបញ្ជាក់​របស់​លោកទិត សុធា​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ ​កិច្ច​ប្រជុំគណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៣៥ នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅក្នុង​ខែមិថុនា​នេះ​ពីថ្ងៃទី​១៩ដល់ថ្ងៃទី២៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ