អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​បន្ត​ថែរក្សា​​ធនធាន​ត្រី ក្នុង​បឹង​ទន្លេ​សាប

ក្នុង​ទិវា​មច្ឆជាតិ នៅ​ថ្ងៃ​១​កក្កដា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឲ្យ​ដក​តំណែង​នាយ​ខណ្ឌ​ជលផល ក្នុង​ខេត្ត​បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និង​ខេត្ត​កំពង់ធំ ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប។ ការ​ដក​តំណែង​មន្ត្រី​ជលផល​ទាំង​នោះ ដោយសារ​តែ​ការ​បណ្តែត​បណ្តោយ ឲ្យ​កើតមាន​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​។ បទបញ្ជា​លេខ ០១ រុះរើ​សម្រាស់ និង​ព្រួល ដែល​នាំ​ដល់​ការ​គោក​រាក់​ទឹក​បឹង​។ ទិវា​មច្ឆជាតិ នៅ​ថ្ងៃ​ទី ១ ​កក្កដា នៅ​ខេត្ត​ស្វាយរៀង កូន​ត្រី​ជាង ១ លាន​ក្បាល ក៏​ត្រូវ​បាន​ព្រលែង​ក្នុង​ទន្លេ​វ៉ៃកូ​ផងដែរ​។​

ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង
ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង ©​ អ៊ឹម ណាវិន
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ឲ្យ​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដក​តំណែង​នាយខ​ណ្ឌ​ជលផល ក្នុង​ខេត្ត​ចំនួន៥ នៅ​ជុំវិញ​បឹង​ទន្លេសាប រួមមាន​៖ ខេត្ត​បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និង​ខេត្ត​កំពង់ធំ។​

ប្រធាន​ជលផល​ទាំង ៥ ខេត្ត​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី អះអាង​ថា មាន​កំហុស​ឆ្គង ដែល​បាន​បណ្តែតបណ្តោយ​ឲ្យមាន​ប​ទ​ល្មើស​នេសាទ ជាពិសេស​ការដាក់​សម្រាស់ និង​ព្រួល នៅក្នុង​បឹង​ទន្លេសាប​។​

​ការដាក់​សម្រាស់ និង​ព្រួល ដែល​ធ្វើឲ្យ​គោក​រាក់ និង​នាំ​ដល់​ការបាត់បង់​ធនធាន​ត្រី ក្នុង​បឹង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​។ ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចុះ​អនុវត្ត​បទបញ្ជា​លេខ ០១ ដោយ​​រុះរើ​សម្រាស់ ព្រួល​ធំៗ និង​បំផ្លាញ​អាង​ទប់​ទឹក​ជាច្រើន ក្នុង​បឹង​ទន្លេសាប​។​

ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទបញ្ជា​លេខ ០១ ដើម្បី​ការពារ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប គ្មាន​ឱ​សាន​វា​ទទេ គឺ​ត្រូវ​អនុវត្ត​ជាប្រចាំពិសេស​ការ​ចំណុច​ទី​២ ដែល​កំណត់​ពី​ការរុះរើ​សម្រាស់​ និងព្រួល​។

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស បង្កើត​អធិការកិច្ច​មួយក្រុម ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋ មន្ត្រី​ម្នាក់ ដើម្បី​ចុះ​ពិនិត្យ​ដល់​បណ្តា​ឡូតិ៍​នេសាទ ក្នុង​បឹង​ទន្លេសាប ពិសេស​នៅ​ឡូ​តិ៍លេខ​២ ក្នុង​ខេត្ត​បាត់ដំបង ដែល​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាងគេ​។​

​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ទិវា​មច្ឆា​ជាតិ ដែល​កូន​ត្រី កូន​បង្កង អណ្តើក កន្ធា​យ កង្កែប អន្ទង់ ជាង ១ លាន​ក្បាល ត្រូវបាន​ព្រលែង​ក្នុង​ទន្លេ​វ៉ៃកូ​​ នៅ​ទី​រួម​ខេត្ត​ស្វាយ​រៀង។

​ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី បាន​កត់សម្គាល់​ថា វា​គ្មាន​ន័យ​ទាល់តែសោះ បើសិនជា​លែង​ត្រី​ជាង ១ លាន​ក្បាល​នៅថ្ងៃនេះ តែ​គេ​នៅតែ​បំផ្លាញ​ធនធាន​ត្រី ក្នុង​បឹង​ទន្លេសាប។ ដូច្នេះ​តាម​លោកនាយក​រដ្ឋមន្ត្រី អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ធ្វើ​ការងារ​ពីរ​ទន្ទឹមគ្នា ដោយ​ដៃ​ម្ខាង​លែង​កូន​ត្រី និង​ជំរុញ​ការចិញ្ចឹម​ភ្ញាស់​កូន​ត្រី ហើយ​ដៃ​ម្ខាង​ទៀត ការពារ​ធនធាន​ត្រី​តាម​បឹងបួ តាមរយៈ​ការបង្ក្រាប​បទល្មើស​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ