អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រមុខ​ការទូត​ខ្មែ​រចេញដំណើរ​ទៅស្តាប់​ក្តី​សម្រេច​របស់​តុលាការ​ឡាអេ

ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំងហុង​នឹង​ដឹកនាំគណៈ​​ប្រតិភូ​ចេញ​ទៅ​ប្រទេស​ហូឡង់​ ដើម្បី​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​បណ្តឹង​របស់​កម្ពុជា​ដែល​ស្នើ​អោយ​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃ​ចន្ទ​ទី​១៨​កក្កដា ដើម​សប្តាហ៍​ក្រោយ​នេះ។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង ដែលនឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឡាអេ នៅចុង​សប្តាហ៍នេះ
រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង ដែលនឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឡាអេ នៅចុង​សប្តាហ៍នេះ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ស្តាប់​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​ដើម​សប្តាហ៍​ក្រោយ។ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង​របស់​កម្ពុជា​ដែល​សុំ​អោយ​តុលាការ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​ប្រាសាទ​ព្រះវិហារ។

កម្ពុជា​បាន​ដាក់​បណ្តឹង​នេះ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ហើយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បើក​សវនាការ​រយៈ​ពីរ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី​៣០​និង​៣១​ឧសភា​កន្លង​ទៅ។

នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ផ្ទាល់មាត់​កម្ពុជា​ដែល​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស បាន​ធ្វើ​សំណើ​៣​ចំនុច ​ទៅ​ក្រុម​ចៅក្រម។ ចំនុច​ទី​១ ​កម្ពុជា​ស្នើ​អោយ​ថៃ​ដកទ័ព​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ។ ទី២​ ហាម​មិន​អោយ​ថៃ​ចល័ត​ទ័ព​នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ និងទី​៣​ហាម​មិន​អោយ​កងទ័ព​ថៃ​បញ្ចេញ​សកម្មភាព​ណា​មួយ​ដែល​អាច​បង្ក​អោយ​មាន​ស្ថានភាព​តានតឹង​នៅតាម​ព្រំដែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក​កុយ គួង​បាន​ថ្លែង​ថា​កម្ពុជា​មិន​ទាន់​អាច​សន្និដ្ឋាន​អំពី​អនាគត​សាលក្រម​របស់​តុលាការ​អន្តរជាតិ​នោះ​ឡើយ។

ក្រោយ​ពី​ចូលរួម​ស្តាប់​សាលក្រម​តុលាការ​ក្រុងឡាអេ​រួច​ហើយ​នោះ លោក​ហោ ណាំហុង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៤ កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៨ ដែល​ប្រព្រឹត្ត​ទៅ​​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ ២៣ កក្កដា នៅ​ប្រទេស​ឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ