អានតួអត្ថបទ
កម្ពុជា-ថៃ

តុលាការ​ឡាអេ​ប្រកាស​សេចក្តី​សម្រេច​លើបញ្ហា​កម្ពុជា-ថៃ​ នៅថ្ងៃទី​១៨កក្កដា​

តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេនឹង​ប្រកាស​សេចក្តី​សម្រេច​លើ​ពាក្យ​បណ្តឹង​ចាត់​វិធានការ​បន្ទាន់​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃទី​១៨​កក្កដា​។ ​សេចក្តី​សម្រេច​នាពេល​ខាងមុខ​ គឺ​ធ្វើឡើង​តាម​ពាក្យ​បណ្តឹងដែល​កម្ពុជា​បាន​ស្នើសុំ​វិធានការ​បន្ទាន់ ​ចំពោះ​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​។​ មានន័យ​ថា ​សេចក្តី​សម្រេច​ខាង​មុខ មិនទាន់​ផ្តោតលើ​សំណើ​របស់​កម្ពុជា ​ដែល​បាន​ស្នើ​ឲ្យ​តុលាការ​ឡាអេ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​នោះឡើយ​។

អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់
អគារ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទស​ហូឡង់ ©​ RFI
ផ្សាយពាណិជ្ជកម្ម

តុលាការ​យុតិ្តធម៌​អន្តរជាតិ ​ទីក្រុង​ឡាអេ ​បាន​ប្រកាស​កាលពី​ថ្ងៃទី៧​កក្កដា​ថា​ នៅ​ថ្ងៃទី១៨​កក្កដា​ខាង​មុខ ​តុលាការ​កំពូល​នេះ​នឹង​ប្រកាស​ជា​សាធារណៈ​នូវ​សេចក្តី​សម្រេច​លើ​ពាក្យ​បណ្តឹង​ ចាត់​វិធានការ​បន្ទាន់ ​ចំពោះ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​។

 
សេចក្តី​សម្រេច​របស់​តុលាការ​ ដែល​មាន​ចៅក្រម​ចម្រុះ​ជាតិ​សាសន៍ ១៥ រូប ​នៅ​ថ្ងៃ​១៨​កក្កដា​ខាង​មុខ ​ធ្វើឡើង​យោងតាម​ពាក្យ​បណ្តឹង​របស់​កម្ពុជា ​ដែល​មាន​ការ​ទាញ​សំអាង​ហេតុ​ផ្ទាល់មាត់ ​កាលពី​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​៣១​ឧសភា​។​ ភាគី​កម្ពុជា ​តំណាង​ដោយ​លោក​ប្រមុខ​ការទូត ហោ ណាំហុង​ និង​ភាគី​ថៃ​ តំណាង​ដោយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​ហូឡង់ដ៍​។

កម្ពុជា​បាន​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​តំបន់​ព្រំដែន​ ពិសេស​ដើម្បី​កុំឲ្យ​មាន​ការខូចខាត​ ដែល​មិន​អាច​ជួសជុល​បាន​។ ​នោះ​គឺ​ខូចខាត​ប្រាសាទ​ព្រះវិហារ និង​ការ​បាត់បង់​អាយុ​ជីវិត​មនុស្ស ​ដោយសារ​ការវាយ​ប្រហារ​របស់​ថៃ​។

នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ ថ្ងៃ​១៨​កក្កដា​ខាង​មុខ ​លោក​ប្រមុខ​ការទូត ហោ ណាំហុង​ នឹង​ចូលរួម​ស្តាប់​ដោយផ្ទាល់ ​នៅ​តុលាការ​ទី​ក្រុងឡាអេ​។ ​ចំណែក​ខាង​ភាគី​ថៃ ក៏​ត្រូវបាន​គេ​រាយការណ៍​ថា មាន​លោក​ប្រមុខ​ការទូត​ថៃ ​កាស៊ីតភិរម្យ ​និង​ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​ប្រទេស​ហូឡង់ដ៍​ ដែលជា​អ្នក​តតាំង​ក្តី​ជាមួយ​កម្ពុជា​។

យ៉ាងណា​ក៏ដោយ ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កុយ គួង​ នៅ​ពេល​រង់ចាំ​ការសម្រេច​របស់​តុលាការ​ឡាអេ លើ​សំណើ​របស់​កម្ពុជា ​អំពី​វិធានការ​បណ្តុះ​អាសន្ន ​ឬ​វិធាន​បន្ទាន់ សម្រាប់​ប្រាសាទ​ព្រះវិហារ ​នៅពេល​នេះ​ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​មាន​ភាព​ស្ងប់ស្ងាត់ ​មានន័យ​ថា ​បទ​ឈប់​បាញ់​ ហាក់ដូចជា​កើតឡើង​ហើយ​ ខណៈ​ដែល​ប្រទេស​ថៃ ​នឹង​មាន​រដ្ឋាភិបាល​ថ្មី ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

សូម​រម្លឹកថា ​ជាមួយ​នឹង​ពាក្យបណ្តឹង​លើ​វិធានការ​បន្ទាន់ ​កាលពី​ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១១​ បន្ទាប់​ពី​ថៃ​បង្ក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​កម្ពុជា​ក៏​បាន​ប្តឹង​ឲ្យ​តុលាការ​ឡាអេ ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ​ដែល​តុលាការ​កំពូល​នេះ បាន​សម្រេច​ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ថៃ​ លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ​។ ​ក៏ប៉ុន្តែ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​តុលាការ​មិន​ទាន់​លើក​មក​ជំនុំ​ជម្រះ​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ