អានតួអត្ថបទ
កម្ពុជា-ថៃ

សំណុំរឿងព្រះវិហារ៖ តុលាការ​ក្រុងឡាអេ​ជំរុញ​កម្ពុជា និង​ថៃ​ឲ្យ​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ

នៅ​ថ្ងៃច័ន្ទ ទី១៨ កក្កដា​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​បាន​ប្រកាស​សាលក្រម​ទាក់ទង​នឹង​បណ្តឹង​របស់​កម្ពុជា​ដែល​បាន​សុំ​ឲ្យ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នំា ១៩៦២ និង​សុំ​ឲ្យ​ចាត់​វិធានការ​បន្ទាន់ នៅ​ក្នុង​សំណុំរឿង​ព្រះវិហារ​ដែល​កម្ពុជា និង​ថៃ​កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា។ នៅ​ទីបំផុត តុលាការ​បាន​សម្រេច​ឲ្យ​ភាគី​ទំាង​ពីរ​ដក​កងទ័ព​ទំាង​អស់​ចេញ​ពី​តំបន់​ជម្លោះ។

លោក ហោ ណំាហុង និង​គណៈប្រតិភូ​ខ្មែរ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ប្រទេស​ហូឡង់
លោក ហោ ណំាហុង និង​គណៈប្រតិភូ​ខ្មែរ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

សាលក្រម​ដែល​ទើប​ប្រកាស​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នៅ​ថ្ងៃ​នេះ ទាក់ទង​តែ​បណ្តឹង​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​បណ្តឹង​ចំនួន​ពីរ​របស់​កម្ពុជា។ បណ្តឹង​ទំាង​ពីរ​នោះ​រួម​មាន ការ​សុំ​ឲ្យ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នំា ១៩៦២ និង​ការ​សុំ​ឲ្យ​ចាត់​វិធានការ​បន្ទាន់ នៅ​ក្នុង​សំណុំរឿង​ព្រះវិហារ​ដែល​កម្ពុជា និង​ថៃ​កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា។ នៅ​ថ្ងៃ​នេះ តុលាការ​បាន​ប្រកាស​សាលក្រម​ទាក់ទង​តែ​បណ្តឹង​សុំ​ឲ្យ​ចាត់​វិធានការ​បន្ទាន់។ ចំណែក​បណ្តឹង​ទាក់ទង​សុំ​ឲ្យ​បក​ស្រាយ​សាលក្រម​ឆ្នំា ១៩៦២ នឹង​ត្រូវ​តុលាការ​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃ​ខាង​មុខ។ ទាក់ទង​នឹង​បណ្តឹង​សុំ​ឲ្យ​ចាត់​វិធានការ​បន្ទាន់ តុលាការ​បាន​សម្រេច​ឲ្យ​ភាគី​ទំាង​សង​ខាង ទំាង​កម្ពុជា និង​ថៃ​ដក​កម្លំាង​ទ័ព​របស់​ខ្លួន​ទំាង​អស់​ជា​បន្ទាន់​ចេញ​ពី​តំបន់​ជម្លោះ ទំាង​ពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ជា​រួម តុលាការ​បាន​សម្រេច​ទុក​ឲ្យ​តំបន់​ជម្លោះ ជា​តំបន់​គ្មាន​កងទ័ព។ ការ​សម្រេច​បែប​នេះ ដោយ​តុលាការ​កត់សម្គាល់​ឃើញ​ថា ការ​ដែល​ភាគី​ទំាង​ពីរ​បន្ត​រក្សា​វត្តមាន​កងទ័ព​នៅ​ទី​នោះ នឹង​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​អាវុធ​ជា​ថ្មី ដោយ​ចៀស​មិន​រួច។ ទន្ទឹម​គ្នា​នេះ តុលាការ​បាន​តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ​អនុញ្ញាត​ឲ្យ​មាន​ក្រុម​អ្នកសង្កេតការណ៍​របស់​អាស៊ាន​នៅ​លើ​តំបន់​ជម្លោះ។

ដោយ​ឡែក តុលាការ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បន្ត​សកម្មភាព​ប្រចំាថ្ងៃ​នៅ​ក្នុង​ប្រាសាទ​ព្រះវិហារ និង​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ លើក​លែង​តែ​សកម្មភាព​កងទ័ព​ចេញ។ ចំណែក​ភាគី​ថៃ​ត្រូវ​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ស៊ីវិល ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
ចំណុច​សំខាន់​មួយ​ទៀត គឺ​ទាក់ទង​នឹង​ការ​ច្រានចោល​របស់​តុលាការ​ចំពោះ​ការ​ចោទ​របស់​ថៃ​ដែល​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​គ្មាន​សមត្ថភាព និង​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ខ្មែរ ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ តុលាការ​បាន​ប្រកាស​ច្បាស់ៗ​នៅ​ថ្ងៃ​នេះ​ថា តុលាការ​មាន​សិទ្ធិ និង​សមត្ថកិច្ច​គ្រប់​គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ និង​បន្ត​ដោះស្រាយ​រហូត​ដល់​ចប់។ នៅ​ថ្ងៃ​នេះ ជា​ការ​ប្រកាស​សាលក្រម​ទាក់ទង​នឹង​បណ្តឹង​ឲ្យ​ចាត់​វិធានការ​បន្ទាន់។ នៅ​ថ្ងៃ​ខាង​មុខ តុលាការ​នឹង​ផ្តើម​ពិនិត្យ​លើ​បណ្តឹង​សុំ​ឲ្យ​ធ្វើ​ការ​បកស្រាយ​សាលក្រម​ឆ្នំា ១៩៦២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ