អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ផ្តើម​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​ស្តី​ពី​ព្រំដែន

ខណៈ​ដែល​មេដឹកនាំ​កម្ពុជា និង​ថៃ​គ្រោង​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​របៀបវារៈ​នៃ​ការ​ស្តារ​ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើង​វិញ ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តើម​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​ដល់​កងទ័ព​ សមរភូមិ​មុខ​អំពី​បញ្ហា​នេះ។ ​ពិធី​ជួបជុំ​មួយ​បាន​ផ្តើម​ឡើង កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ឯ​តំបន់​ព្រំដែន​ព្រះវិហារ​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​ថ្មី​ដល់​ កងទ័ព។ ​នៅ​ឯ​ប្រទេស​ថៃ​ឯណោះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី ដែល​ទើប​ឡើង​កាន់​តំណែង​បាន​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ ទូទៅ ត្រូវ​បើក​ធ្វើ​ឲ្យ​បាន​ឆាប់​បំផុត ពោល​គឺ​អាច​នឹង​ធ្វើ នៅ​ចុង​ខែ​សីហា​ នេះ។

កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ថត​កាលពី​ឆ្នាំ ២០០៨
កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ថត​កាលពី​ឆ្នាំ ២០០៨ ©Reuters
ផ្សាយពាណិជ្ជកម្ម

ពិធី​ជួបជុំ​មួយ​ត្រូវ​បាន​គេ​ផ្តើម​ធ្វើ​ឡើង កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​សីហា​ម្សិលមិញ នៅ​ឯ​ព្រះវិហារ​ដែល​មាន​នាយ​ទាហាន និង​ពលទាហាន ជាច្រើន​ចូលរួម។ ពិធីនេះ​ត្រូវ​បាន​គេអះអាង​ថា ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ស្តី​ពី​បញ្ហា​ព្រំដែន​ដល់​កងទ័ព​សមរភូមិ​មុខ។ ខ្លឹមសារ​សំខាន់​ដែល​មេទ័ព​កម្ពុជា​ចង់​បញ្ជ្រាប​ដល់​យោធា​សមរភូមិ​មុខគឺ ពេល​នេះ​ជា​សករាជ​ថ្មី​នៃ​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​បាងកក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត។ សារ​នេះត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ជាសាធារណៈ កាលពី​ថ្ងៃ​ទី​១១ ​ខែ​សីហា ​ឆ្នាំ​២០១១។

 
ប្រភព​ពី​មន្ត្រី​យោធា​ឲ្យ​ដឹង​ថា ​ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​​គោល​ជំហរ​ថ្មី​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ប្រទេស​ថៃ។ នាយ​ឧត្តមសេនីយ៍​ គន់ គីម ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​ប្រចាំ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ​បាន​ពន្យល់​កងទ័ព​ដែល​ឈរ​ជើង​នៅ​ជួរ​មុខ​អំពី​បរិយាកាស​ថ្មី​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែនដោយ​សន្តិវិធី។

កាលពី​ដើម​សប្តាហ៍​នេះ​ មន្ត្រី​យោធា​នៃ​ក្រសួង​ការពារជាតិ​ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ត្រៀម​រៀបចំ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​ដែរ។ ​កិច្ច​ប្រជុំ​ដែល​គេ​រំពឹង​ថា​នឹង​បើក​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ។ ​មុន​នេះ​បន្តិច ​កម្ពុជា​ក៏​បាន​កែ​សម្រួល​កម្លាំង​ទ័ព​មួយចំនួន​នៅ​តាម​ជាយដែន​ដែរ។ ​កងកម្លាំង​អន្តរាគមន៍​មួយចំនួន​ត្រូវ​បាន​ដក​ថយ​មក​សមរភូមិ​ក្រោយ​វិញ។ ​ទាំងនេះ​គឺជា​ការ​បង្ហាញ​កាយវិការ​ថ្មី ក្នុង​ន័យ​ត្រៀម​ខ្លួន​ដើម្បី​បង្កើត​បរិយាកាស​ថ្មី​នៅតាម​ព្រំដែន។

នៅឯ​ទីក្រុង​បាងកក ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត ​ក៏​អន្ទះសា​ណាស់​ដែរ​ក្នុង​ការស្តារ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឡើង​វិញ។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​ដែល​ទើប​ឡើង​កាន់​តំណែង ​លោក​ Yuthasak Sasiprapha ​បាន​ថ្លែង​ប្រាប់​កាសែត ​The Nation​ ថា ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​ថៃ​នឹង​បើក​កិច្ច​ប្រជុំ​ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន។ ​លោក ​Yuthasak ​រំពឹង​ថា ​កិច្ច​ប្រជុំ​នេះ​ត្រូវ​ធ្វើ​នៅ ក្នុង​អំឡុង​ខែ​សីហា​នេះ។
 

លោក​ឧត្តមសេនីយ៍​ឈុំ សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​អះអាង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យោធា​ជួរមុខ ក្នុង​ការ​សាង​ទំនាក់ទំនង​ល្អ​ជាមួយ​ថៃ តាម​រយៈ​ការជួបជុំ​លេង​កីឡាឬ​ហូបបាយ​សាមគ្គី​រវាង​កងទ័ព​នៃ​ភាគី​ទាំង​ពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ