អានតួអត្ថបទ
កម្ពុជា-ថៃ

ក្រុមការងារ​ចម្រុះ​កម្ពុជា​ប្រជុំ​ត្រៀមខ្លួន​ទៅប្រទេសថៃ​

ក្រុម​ការងារ​ចម្រុះ​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រជុំ​អនុវត្ត​ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ បាន​ជូប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​របស់​ថៃ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ភ្លាម នៅ​ពេល​ដែល​កម្ពុជា​បាន​ដឹង​ថា​ថៃ​ទើប​បាន​បង្កើត​សមាសភាព​ក្រុម​ការងារ​របស់​គេ​រួច​ហើយ។

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

នាយ​ឧត្តម​សេនីយ​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ភាគី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ចាកចេញ​ទៅ​ប្រជុំ​ជាមួយ​ក្រុម​ការងារ​របស់​ថៃ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ថា ភាគី​ថៃ​ទើប​​បង្កើត​បាន​ក្រុម​ការងារ​ចម្រុះ​របស់​ពួកគេ​កាល​ពី​សប្តាហ៍​មុន។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បន្ត​ថា កិច្ច​ប្រជុំ​ក្រុមការងារ​ចម្រុះ​នេះ​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ឯកសារ​និង​ប្រធានបទ​នានា​ដែល​ត្រូវ​លើក​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ទាក់ទងនឹង​ការ​អនុវត្ត​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​​តំបន់​គ្មាន​ព្រំដែន​បណ្តោះ​អាសន្ន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

 
រហូត​ដល់​ពេល​នេះ កម្ពុជា​បាន​ទទួល​តែ​ព័ត៌មាន​ស្តី​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​របស់​ភាគី​ថៃ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​នោះ ភាគី​ថៃ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ បើទោះជាមាន​ការ​សួរ​នាំ​អំពី​បញ្ហា​នេះ ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់​ទៅ​សមភាគី​ថៃ​កន្លងមក​ក៏​ដោយ។

ទាក់​ទង​នឹង​ស្ថានភាព​ព្រំដែន​ដដែល សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ក្រសួង​មហាផ្ទៃ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​កម្លាំង​នគរបាល​ព្រំដែន​ចំនួន​៦០០​នាក់​នៅ​តាម​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ប៉ុន្តែ​ថា ការ​ផ្លាស់ប្តូរកម្លាំង​នគរបាល​ការពារ​ព្រំដែន​នេះ មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​តំបន់​ដែល​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ដែល​កំណត់​ដោយ​ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ