អានតួអត្ថបទ
កម្ពុជា-ថៃ

ថៃនៅ​តែមិនទាន់​ប្រាប់ពី​ពេលវេលា​នៃការ​ប្រជុំ​ក្រុមការងារ​ចម្រុះ​

រហូត​ដល់​ពេល​នេះ ភាគី​ថៃ​នៅ​តែ​មិន​ទាន់​កំណត់​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​សរសេរ​លិខិត​រំលឹក​ភាគី​ហើយ​ក៏ដោយ។ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ភាគី​ទាំងពីរ​កម្ពុជា​បាន​សម្រេច​បង្កើត​អោយ​មាន​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ជជែក​អំពី​ការ​អនុវត្ត​ដីកា​បញ្ជា​របស់​តុលាការ​ឡាអេ​ថៃ​ទី​១៨​កក្កដា​២០១១។

លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា
លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

ពីរ​សប្តាហ៍​ហើយ​ដែល​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​សមភាគី​ថៃ​ដើម្បី​រម្លឹក​អោយ​សមភាគី​ថៃ​របស់​លោក​កំណត់ពេល​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​ដូច​ដែល​ភាគី​ទាំងពីរ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​កន្លង​ទៅ។ រហូតដល់​ពេល​នេះ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយឯក​ ឈុំ សុជាតិ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​មក​លោក​ទៀ បាញ់​នៅ​ឡើយ​ទេ។

គណៈកម្មាធិការ​ព្រំដែន​ទូទៅ បាន​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ជជែក​អំពី​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រុវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន។ នៅពេលនោះ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នេះ បាន​សម្រេច​ថា​ភាគី​ទាំងសងខាង​ត្រូវ​បាន​បង្កើត​ក្រុម​ការងារ​រៀងៗ​ខ្លួន ហើយ​ភាគី​ថៃ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​នេះ ដើម្បី​ជជែក​នីតិវិធី​នៃ​ការ​អនុវត្តិ​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​ដែល​បញ្ជា​អោយ​មាន​ការ​ដក​កងទ័ព​ចេញ​តំបន់​ទំហំ​១៧គម​ការេ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ធ្លាប់​បាន​អះអាង​ហើយ​ថា កម្ពុជា​បាន​រៀបចំ​ក្រុមការងារ​របស់​ខ្លួន​រួចហើយ​ដែល​សមាជិក​ប្រមាណ​២០​នាក់ ​ដឹក​នាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ​ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ នៅឡើយ​តែ​ភាគី​ថៃ​ដែល​កម្ពុជា​មិន​ដែល​មាន​ព័ត៌មាន​អំពី​ក្រុម​ការងារ និង​ការ​កំណត់​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​នេះ។

ផ្ទុយ​ទៅ​វិញ ក្នុងពេលកន្លងមក បែរ​ជា​មាន​ការ​អះអាង​ពី​ភាគី​ឥណ្ឌូនេស៊ី​វិញ ភាគី​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​ចូលរួម​សង្កេតការណ៍​រួមគ្នា​ជាមួយ​ភាគី​កម្ពុជា និង​ថៃ​នោះ ថា​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​តំបន់​ព្រំដែន​កម្ពុជា​យ៉ាងយូរ​ដើម​ខែ​ឧសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ