អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ត្រូវធ្វើ​សកម្មភាព​បញ្ឈប់​កុំឲ្យ​ទាហានថៃ​ប្រមាថ​ជីវិត​ពលរដ្ឋខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ថ្មី​មួយ​ទៀត​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​ដើម្បី​តវ៉ា​រឿង​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣​នាក់​នៅ​ក្នុង​ទឹកដី​ទល់ដែន​ខេត្ត​សុរិន្ទ។​ពលរដ្ឋ​ខ្មែរ​ទាំង​៣​ត្រូវបាន​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹកដី​ថៃ​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ។ ​គ្រាន់តែ​ក្នុង​ឆ្នាំ​២០១១ ​និង​២​ខែ​ដើម​ឆ្នាំ​២០១២​នេះ​មានពលរដ្ឋ​ខ្មែរ​ដល់​ទៅ​២៤​នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ។ ​នេះ​ជា​តួលេខ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​ដែល​អាជ្ញាធរ​និង​ពលរដ្ឋ​ខ្មែរ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។​ តើ​កម្ពុជា​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​បញ្ឈប់​អំពើ​ឃោរឃៅ​អមនុស្សធម៌​របស់​ទាហាន​ថៃ​ដែល​កំពុង​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន?

លោក​ ហោ​ ណាំហុង​ ប្រមុខ​ការទូត​កម្ពុជា
លោក​ ហោ​ ណាំហុង​ ប្រមុខ​ការទូត​កម្ពុជា ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​គ្រាន់​តែ​ឆ្លងដែន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​ថៃ​បាន​ក្លាយ​ជា​រឿង​ភាគ​នៃ​សោកនាដកម្ម​គួរ​ឲ្យ​ឈឺចាប់​បំផុត​មួយ​ដែល​គ្មាន​ទី​បញ្ចប់។​ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១១​ បូក​នឹង​២​ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​២០១២​នេះ​ មាន​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​២៤​នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ។ ​បើ​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​មាន​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ចុង​កាណុង​ទាហាន​សៀម។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។

 
តួលេខ​នេះ​ពិតជា​គួរ​ឲ្យ​ព្រឺខ្លាច​និង​មិន​គួរ​ឲ្យ​ជឿ ​ពីព្រោះ​ថា ​ប្រទេស​មួយ​ដែល​គេ​ចាត់ទុក​ថា​មាន​អារ្យធម៌​មួយ​ដែរ​នៅ​អាស៊ី​អាគ្នេយ៍​បែរ​ជា​ក្លាយ​ជា​ប្រទេស​ដែល​ប្រើ​ច្បាប់​ព្រៃ​សម្លាប់​ជាតិ​សាសន៍​ខ្មែរ​ដូច​សត្វ​ធាតុ​បែប​នេះ​ទៅ​វិញ។ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់​ការទូត​ជាច្រើន​លើក​ហើយ​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ​ដើម្បី​ថ្កោលទោស​និង​ទាមទារ​ឲ្យ​ទាហាន​ថៃ​បញ្ឈប់​អំពើ​អមនុស្សធម៌​ប្រកប​ដោយ​ការ​ប្រមាថ​ជីវិត​ពលរដ្ឋ​ខ្មែរ។ ​កំណត់ទូត​ចុងក្រោយ​ ត្រូវ​បាន​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​កាល​ព្រឹក​ថ្ងៃ​ទី​២៨​កុម្ភៈ​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​នៅ​ឯ​តំបន់​ទល់ដែន​ខេត្ត​សុរិន្ទ។

ជាការ​ពិត​ណាស់ ​ការ​តវ៉ា​តាម​ផ្លូវ​ការទូត​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​ដែល​រស់​ក្រោម​ដំបូល​ច្បាប់​ជាតិ​និង​អន្តរជាតិ។ ​ប៉ុន្តែ ​វិធី​នេះ​អាច​ធ្វើ​ទៅ​បាន​តែ​ជាមួយ​អ្នក​ដែល​ចេះ​ស្តាប់​ភាសា​ការទូត​តែ​ប៉ុណ្ណោះ ​តែ​ជាមួយ​នឹង​ប្រទេស​ថៃ​ ភាសា​ការទូត​មិន​ខុស​អ្វី​ពី​ស្ថានភាព​«ផ្លុំខ្លុយ​ឲ្យ​គោ​ស្តាប់»​នោះ​ឡើយ។ ​ដូច្នេះ​ វា​ជា​ការ​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​ដំឡើង​កម្រិត​នៃ​ការ​ប្រឆាំង​តវ៉ា​របស់​ខ្លួន​តប​ទៅ​នឹង​អំពើ​ឃោរឃៅ​របស់​ទាហាន​សៀម។

ពិត​ហើយ​ វា​ជា​អកុសល​ណាស់​ដែល​ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​នាំ​គ្នា​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​ថៃ​ជារៀង​រាល់​ថ្ងៃ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ​អ្នក​ខ្លះ​បាន​ប្រថុយ​ជីវិត​ឆ្លង​ដែន​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​គេ​ក្នុង​ព្រៃ​ទឹកដី​ថៃ​ជា​ថ្នូរ​នឹង​ប្រាក់​បន្តិច​បន្តួច។ ​នេះ​ពិត​ជា​កំហុស​គួរ​ឲ្យ​សោក​ស្តាយ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​នោះ ​ឬ​ក៏​ជា​កំហុស​របស់​អាជ្ញាធរ​ក៏​ថា​បាន​ពីព្រោះ​ពួកគេ​មិន​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន។ ​ប៉ុន្តែ ​ទោះជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ​ចុះ ​ការ​បាញ់​សម្លាប់​មនុស្ស​ជារឿង​ដែល​មិន​អាច​ធ្វើ​បាន​ឡើយ​នៅ​ក្នុង​ប្រទេស​នីតិរដ្ឋ​លើក​លែង​តែ​ប្រទេស​ដែល​ប្រើ​ច្បាប់​ព្រៃ​តែ​ប៉ុណ្ណោះ។

នៅ​ពេល​ដែល​ពលរដ្ឋ​របស់​ខ្លួន​រាប់សិប​នាក់​ត្រូវ​គេ​បាញ់​សម្លាប់ ​ក្រុម​គ្រួសារ​ និង​អាជ្ញាធរ​កម្ពុជា​បាន​ត្រឹម​ទទួល​យក​សព​ពី​ភាគី​ថៃ​មក​ធ្វើ​បុណ្យ ​និង​បាន​ត្រឹម​តវ៉ា​តាម​ការទូត​ដែល​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។ ​ដូច្នេះ ​តើ​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គួរ​នៅ​ស្ងៀម​ចំពោះ​មុខ​ការ​ប្រមាថ​ជីវិត​បែប​នេះ​ត​ទៅ​ទៀត​បាន​ដែរ​ឬ​ទេ? វា​មិន​មែន​មាន​ន័យ​ថា​ពលរដ្ឋខ្មែរ​ត្រូវ​ក្រោក​ឡើង​ប្រឆាំង​នឹង​ផលប្រយោជន៍​ថៃ​ ឬ​ប្រឆាំង​ពលរដ្ឋ​ថៃ​ជា​ទូទៅ​នោះ​ឡើយ ​ហើយ​ក៏​ត្រូវ​ប្រើ​អំពើ​ហិង្សា​ណាមួយ​ដែរ​ ប៉ុន្តែ ​វា​ជា​ការ​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​ការពារ​ខ្លួន​ចេញ​ពី​ការប្រមាថ​ពី​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​របស់​ខ្លួន។

មាន​វិធី​ច្រើន​យ៉ាង​ណាស់​ដែល​ត្រូ​វធ្វើ ​និង​ធ្វើ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​អហិង្សា​ ដូចជា​ ការ​ចូល​រួម​កាន់ទុក្ខ​អ្នក​ស្លាប់​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ​ការ​រឹតត្បិត​ទំនាក់​ទំនង​ក្នុង​ផ្នែក​ណា​មួយ​ជាមួយ​ថៃ​ ឬ​ការ​ប្តឹង​ទៅ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​ជាដើម។ ​ទន្ទឹមនឹង​នោះ​ អាជ្ញាធរ​កម្ពុជា​ក៏​ត្រូវ​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ​ក្នុង​ការ​ទប់ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹកដី​ថៃ​បន្ត​ទៀត។​សកម្មភាព​ទាំង​នេះ​ចាំបាច់​ត្រូវ​ធ្វើ ​និង​ធ្វើ​ឲ្យ​បាន​ខ្លាំង​ក្លា​ទៀត​ផង។ ​ការ​សម្ងំ​ស្ងៀម​ចំពោះមុខ​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ​គឺ​ជារឿង​ដែល​មិន​អាច​ធ្វើ​បាន​ក្នុង​ឋានៈ​ជា​ជនជាតិ​មួយ​ដែល​រង​ការ​ប្រមាថ​អាយុ​ជីវិត​ម្តង​ហើយ​ម្តង​ទៀត​ពី​ប្រទេស​ជិត​ខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ