អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​មេ​របស់​​ Mfone ព្រម​​សង​ប្រាក់​ខែ​​ដល់​បុគ្គលិក

ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន អ៊ឹមហ្វូន យល់ព្រម​បើក​ប្រាក់​បំណាច់ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​បុគ្គលិក​ជាង ១​ពាន់​នាក់ ដែល​បាន​ធ្វើ​កូដកម្ម​ទាមទារ បន្ទាប់​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​​មួយ​នេះ​ក្ស័យ​ធន កាលពី​ដើម​ឆ្នាំ ២០១៣។ តាមការប៉ាន់​ប្រមាណ​ទឹក​ប្រាក់​ដែល​នឹង​គ្រោង​បើក​ឲ្យ​បុគ្គលិក​នោះ មាន​ចំនួន ៤,៤​លាន​ដុល្លារ ដែល​ជា​ការបញ្ចេញ​សាច់​ប្រាក់​បើក​ឲ្យ​បុគ្គលិក​មុន របស់​ក្រុមហ៊ុន​ធំ​នៅ​ក្រៅ​ប្រទេស ដោយ​ក្រុមហ៊ុន​មេ​នេះ នឹង​កាត់​យក​ប្រាក់​នេះ​វិញ នៅ​ពេល​ដែល​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​អ៊ឹមហ្វូន នៅ​កម្ពុជា​ត្រូវ​បាន​លក់ដាច់។

បុគ្គលិក​កម្មករក្រុមហ៊ុន​អ៊ឺមហ្វូន​ធ្វើ​បាតុកម្ម
បុគ្គលិក​កម្មករក្រុមហ៊ុន​អ៊ឺមហ្វូន​ធ្វើ​បាតុកម្ម © RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បុគ្គលិកទូរស័ព្ទ MFone ជាង​១០០០ នាក់ ដែល​បាន​ខកខាន​បំពេញ​ការងារ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដោយសារ​ក្រុមហ៊ុន​ក្ស័យ​ធន នៅ​មិនទាន់​បាន​ទទួល​ប្រាក់​បំណាច់ នៅ​ឡើយ​មក​ទល់​ពេល​នេះ។

 
លោក នឹម សូលីដា​ តំណឆាង ប្រតិភូ​បុគ្គលិក​ក្រុមហ៊ុន MFone ដែល​កំពុង​តាមដាន​ដំណើរ​វិវឌ្ឍន៍ ក្នុង​ការស្វែង​រក​មធ្យោបាយ​ដោះស្រាយ​ប្រាក់​បំណាច់​ជូន​បុគ្កលិក​ទាំងអស់​បាន​រៀប​រាប់​ថា លោក និង​អ្នក​ឯ​ទៀត​កំពុង​រង់ចាំ​អភិបាល​បណ្តោះ​អាសន្ន ក្រុមហ៊ុន MFone លក់​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ដើម្បី​បាន​លុយ​បើក​ឲ្យ​បុគ្គលិក។

ជាទូទៅ​ នីតិវិធី​ក្នុង​ដំណើរការ​លក់​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ត្រូវបាន​អនុញ្ញាត​ពី​តុលាការ​រួច​ហើយ ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ស្វែង​រក​អ្នក​ទិញ​ទ្រព្យសម្បត្តិ ក្រុមហ៊ុន​ដែល​នៅ​សេសសល់​ទាំងនេះ​បាន​នៅ​ឡើយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក នឹម សូលីដា តំណាង​ប្រតិភូ​បុគ្គលិក បាន​បញ្ជាក់​ថា លោក​បាន​ធ្វើ​លិខិត​ទៅ​កាន់​ក្រុមហ៊ុន​មេ​នៅ​ឯ​ប្រទេស​ថៃ និង​ប្រទេស​សិង្ហបុរី គឺ Asia Holding និងThaicom ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​នេះ បញ្ចេញ​សាច់​ប្រាក់​បើក​ឲ្យ​បុគ្គលិក​កម្មករ ដែល​បាន​បាត់បង់​ប្រាក់​ខែ​កន្លង​មក។ តំណាង​បុគ្គលិក​រូប​នេះ​បញ្ជាក់​ថា​ក្រុមហ៊ុន​ធំ​របស់ MFone បាន​យល់ព្រម​ហើយ ក្នុង​ការផ្តល់​ប្រាក់​សម្រាប់​ដោះស្រាយ បើក​ឲ្យ​បុគ្គលិក MFone ដោយ​គ្រាន់​តែ​រង់ចាំ​មេធាវី​ធ្វើការ​ឲ្យ​បាន​ច្បាស់លាស់​សិន។

លោក វង្ស សុវណ្ណ អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម កូដកម្ម គ្រប់​រូបភាព​បាន​ប្រាប់ RFI ថា​គណៈកម្មការ​របស់​លោក ក៏​បាន​ជំរុញ​ផង​ដែរ ឲ្យ​មាន​ការដោះស្រាយ​ ឲ្យ​បាន​លឿន ក៏​ប៉ុន្តែ​នីតិវិធី​នៃ​ការដោះស្រាយ​បញ្ហា​ក្ស័យធន ដែល​មិន​ដែល​កើត​មាន​នៅ​ស្រុក​ខ្មែរ​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច។

សូម​រំលឹក​ថា​ក្រុមហ៊ុន MFone បាន​ប្រកាស​ក្ស័យ​ធន​កាលពី​ចុង​ឆ្នាំ ២០១២​កន្លង​ទៅ និង​ពុំ​មាន​សកម្មភាព​ការងារ​ទាំង​ស្រុង​នៅ​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បណ្តាល​ឲ្យ​មាន​កូដកម្ម​កើត​ឡើង​ជាច្រើន​លើក​ពី​សំណាក់​បុគ្គលិក កម្មករ។

ទោះជាយ៉ាងនេះក្តី គេ​រំពឹង​ថា​ថវិកា​សម្រាប់​ដោះស្រាយ និង​បើក​ជូន​ដល់​បុគ្គលិក​ទាំងអស់ នឹង​ត្រូវ​ចាត់ទុក​ជា​អាទិភាព ដោយសារ​បុគ្គលិក​មួយ​ចំនួន​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ។ តាមការ​គណនា ទឹក​ប្រាក់​ចំនួន ៤,៤លាន​ដុល្លារ នឹង​ត្រូវ​ចំណាយ​សម្រាប់​ប្រាក់​បំណាច់ ប្រាក់​អតីតភាព ប្រាក់​បញ្ឈប់​ពី​ការងារ​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត របស់​បុគ្គលិក បន្ទាប់ពី​ក្រុមហ៊ុន​ក្ស័យធន។

តាមការប៉ាន់ប្រមាណ ក្រុមហ៊ុន MFone បាន​ជំពាក់បំណុល​សរុប​ប្រមាណ​ជា ១៦០លាន ដុល្លារ ក៏​ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំងអស់ ត្រូវគេ​រក​ឃើញ​តែ​ជាង ១០០លាន​ដុល្លារ​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ