អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​កាត់​បន្ថយ​បុគ្គលិក​១០​ភាគរយ

សាលាក្តីខ្មែរក្រហម​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​ភាគី​កម្ពុជា​ចំនួន ១០ ភាគរយ​ចាប់​ពី​ដើម​ខែ​កក្កដា​នេះ​តទៅ​ក្នុង​ចំណោម​បុគ្គលិក​សរុប​ចំនួន ២៦៧ នាក់​ដែល​សាលាក្តី​មាន​បច្ចុប្បន្ន។ បុគ្គលិក​ចំនួន​ជិត ៣០ នាក់​បាន​រង​ផល​ប៉ះពាល់​​ដោយសារ​ការកាត់​បន្ថយ​នេះ។ សាលាក្តី​ក៏​គ្រោង​កាត់​បន្ថយ​បុគ្គលិក ១០ ភាគរយ​ទៀត​នៅ​ដំណាច់​ឆ្នាំ ២០១៣។ មូលហេតុ​គឺ​ដោយសារ​បញ្ហា​ថវិកា និង​តម្រូវការ​ជាក់ស្តែង​របស់​សាលាក្តី។

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

 

ចាប់ពីដើម​ខែ​កក្កដា​នេះ​តទៅ បុគ្គលិក​ដែល​ធ្លាប់​បម្រើ​ការ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ចំនួន​១០% ត្រូវ​ជា​ប្រមាណ ៣០ នាក់​ត្រូវ​បាន​រដ្ឋបាល​សាលាក្តី​សម្រេច​មិន​បន្ត​កិច្ចសន្យា​ការងារ​ជូន​ទៀត​ទេ។ ចំណែក​ឯ​បុគ្គលិក​ដែល​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​នោះ​ក៏​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​ដែរ​ ពីព្រោះ​តែ​សាលាក្តី​នេះ​អស់​ថវិកា​សម្រាប់​ដំណើរការ​ទៅ​ហើយ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា មូលហេតុ​នៃ​ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​គឺ​ដោយសារ​តែ​សាលាក្តី​ជួប​បញ្ហា​ថវិកា​និង​ដោយសារ​តម្រូវការ​ជាក់ស្តែង​របស់​សាលាក្តី​ផង​ដែរ ពោលគឺ​ជន​ជាប់​ចោទ​នៅ​សល់​តែ​ពីរ​នាក់​ប៉ុណ្ណោះ។​សាលាក្តី​ខ្មែរក្រហម​ក៏​គ្រោង​កាត់​បន្ថយ​បុគ្គលិក​បន្ថែម ១០%​ទៀត​នៅ​ដំណាច់​ឆ្នាំ ២០១៣ នេះ។

សូមបញ្ជាក់ថា នៅ​ដំណាច់​ខែ​មិថុនា​នេះ បុគ្គលិក​ជាតិ​ទាំងអស់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​​​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​ឡើយ ខណៈដែល​ប្រាក់​ខែ​ខែ​ឧសភា​នៅ​មិន​ទាន់​បើក​បាន​គ្រប់​ចំនួន​ផង។ បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​នៃ​តុលាការ​ខ្មែរក្រហម នេះ​ជា​ស្ថានភាព​អាក្រក់​មួយ ពីព្រោះ​ថា ខណៈ​ដែល​សាលាក្តី​គ្មាន​ថវិកា​សម្រាប់​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ខាង​ភាគី​កម្ពុជា​ទៀត​នោះ ​សាលាក្តី​ក៏​នៅ​មិន​ទាន់​បាន​ទទួល​ការសន្យា​ផ្តល់​ជំនួយ​ពី​ប្រទេស​​ផ្តល់​ជំនួយ​​ណា​មួយ​នៅ​ឡើយ​ដែរ។

លោក នេត្រ ភក្ត្រា​បន្តថា ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ត្រូវការ​ថវិកា​ជិត ៤​លាន​ដុល្លារ​ទៀត​សម្រាប់​ការ​ប្រើប្រាស់​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៣​នេះ។ រីឯ​ថវិកា​របស់​ភាគី​អន្តរជាតិ​ក៏​នឹង​អស់​​នៅ​ក្នុង​ខែ​កញ្ញា​ខាងមុខ​នេះដែរ។ បញ្ហា​ថវិកា​គឺ​ជា​ចំណោទ​ដ៏​ធំធេង​មួយ​សម្រាប់​សាលាក្តី​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។ ចំណោទ​ថវិកា​ដែល​កើត​ឡើង​ខណៈ​ដែល​ជន​ជាប់ចោទ​កាន់​តែ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​នោះ​បាន​ធ្វើ​ឲ្យ​អនាគត​របស់​សាលាក្តី​នេះស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ