អានតួអត្ថបទ
កម្ពុជា

ថៅកែ​រោងចក្រ​អះ​អាង​មិន​ចរចា​បញ្ហា​ប្រាក់​ខែ​ឡើង​វិញ​ទេ​

ខណៈដែល​ក្រុម​សហជីព កំពុងតែ​ប្រកូក​ប្រកាស ប្រមូលគ្នា ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ​នៅ​ទូទាំងប្រទេស​ ដើម្បី​សុំអោយ​មាន​ការចចា​​ឡើងវិញ អំពី​ការដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០ដុល្លារ​ ​ក្នុង​មួយខែ ខាង​ភាគី​និយោជក​បានបញ្ជាក់​អះអាងថា ​គ្មាន​ទៀតឡើយ​ការចចា​​ឡើងវិញ​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា។ ប្រឈម​នឹង​ស្ថានភាព​នេះ ក្រសួង​ការងារ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ ពិចារណា​ឡើងវិញ​ដោយ​គិតគូរ​ផលប្រយោជន៍​រួម។ 

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដឹកនាំកម្មករធ្វើបាតុកម្ម ក្នុង​ពេល​កន្លងទៅ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដឹកនាំកម្មករធ្វើបាតុកម្ម ក្នុង​ពេល​កន្លងទៅ។ RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

គ្មានទេ​ការចរចា​ឡើងវិញ​និយាយ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក កេ​ន លូ អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ​នេះ។

ទាក់ទង​ទៅនឹង​សេចក្តីអំពាវនាវ​របស់​សហជីព​ដែល​សូមអោយ​កម្មករ​ធ្វើ​ព​ហិ​ការមិនធ្វើ​ការបន្ថែម​ម៉ោង និង​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នោះ លោក កេ​ន លូ បញ្ជាក់ថា នេះ​គឺជា​សិទ្ធិ​សម្រេចចិត្ត​របស់​កម្មក​រ ប្រសិន​ចង់​ធ្វើ​កូដកម្ម​សូមអោយ​ពួកគាត់​រៀបចំ​សុំ​ធ្វើតាម​និតិ​វិធី​ចុះ។ ប៉ុន្តែ ប្រសិនបើ​មាន​បញ្ហា​ហិង្សា​កើតឡើង នឹងមាន​ការបញ្ឈប់​បុគ្គលិក​ណា​ដែល​បង្កបញ្ហា។

តំណាង​និយោជក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ដែរ ​អំពី​ការខាតបង់​ប្រាក់ចំណេញ​របស់​រោងចក្រ​​ ក្នុង​កំឡុង​ពេលធ្វើ​កូដកម្ម ​និង​ពហិកា​មិន​ធ្វើការ​របស់​ក្រុមកម្មករ។ លោក វង្ស សុវណ្ណ អគ្គលេខាធិការ​ង​នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  បាន​អះអាងថា គណៈ​ក​ម្មការ​​ជាតិ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា​ កំពុងតែ​សិក្សា​អំពី​បញ្ហា​នេះ។ លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ពិចារណា​ឡើងវិញ ​ដោយ​គិតពី​ផលប្រយោជន៍​រួម។

សូមបញ្ជាក់ថា ក្រុម​សហ​ព​ន្ធ័​សហជីព​និង​សមាគម​ចំនួន ១៨​អង្គភាព ​បានប្រកាសថា នឹង​រៀបចំ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី១៩ ខែមីនា ខាងមុខ​នេះ។ នេះ​បើតាម​សេចក្តីអំពាវនាវ​រួម​ ចុះ​ថ្ងៃទី១៣កុម្ភៈ ដែល​ទើបតែ​ផ្សព្វផ្សាយ​ដល់​អ្នក​សារពត៌មាន​ នៅ​ថ្ងៃទី១៧កុម្ភៈ។

សេចក្តី​អំពាវនាវ​រួមគ្នា​ដែល​ចែក​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​បាន​ស្នើសុំ​ឲ្យ​សមាជិក កម្មករនិយោជិត មន្ត្រីរាជការ ចូលរួម​ធ្វើពហិការ មិន​ធ្វើការ​ថែម​ម៉ោង នៅ​គ្រប់​បណ្តា​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨កុម្ភៈ ព្រមទាំង​ស្នើសុំ​ឲ្យ​គ្រប់ភាគី ដែលមាន​អារ​ម្ម​ណ៍​ថា ខ្លួន​កំពុង​ជូ​ប​ភាពអយុត្តិធម៌ ចូលរួម​វេទិកាសាធារណៈ នៅ​ថ្ងៃទី៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ប្រកាស​ធ្វើ​កូដកម្ម​ទូទាំងប្រទេស​នា​ខែមីនា  ដើម្បី​ស្នើ​ឲ្យ​មាន​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ ក្នុង​មួយខែ​ឡើងវិញ ទាមទារ​សុំ​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង ២១ នាក់ និង​ទំលាក់ចោល​ការចោទប្រកាន់​ជន​ទាំង ២៣ នាក់ ត្រូវដាក់​ទោស​ដល់​ជនល្មើស​ដែល​ប្រើ​ហិង្សា​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ