អានតួអត្ថបទ
កម្ពុជា

សហព័ន្ធ​សហជីព​កម្មករ និង​សមាគម ១៨ ស្នើ​ឲ្យ​កម្មករ​ផ្តើម​ធ្វើ​កូដកម្ម​ជា​ថ្មី តាម​រូបភាព​ផ្សេង​

សហព័ន្ធ​សហជីព​កម្មករ និង​សមាគម ចំនួន​ ១៨ ស្ថាប័ន បាន​រួមគ្នា​ អំពាវនាវមួយ កាលពីថ្ងៃទី ១៣កុម្ភៈ ដែល​អ្នក​កាសែតទើប​តែទទួល​បាន​នៅ​ថ្ងៃទី ១៧កុម្ភៈនេះ អំពី​សេចក្តី​អំពាវនាវនៃ​ការ​ធ្វើ​កូដកម្មជា​ថ្មី។ ជា​សេចក្តី​អំពាវនាវ ឲ្យ​កម្មកររោងចក្រ​កាត់ដេរ ផ្តើម​ធ្វើកូដកម្ម​ពី​ថ្ងៃទី ២៤កុម្ភៈ តាម​រូបភាព​ថ្មី ដោយ​មិន​មែន​ជា​ការ​ដើរហែក្បូន​កូដកម្ម បិទ​ផ្លូវ​ដូចកាលពី​លើកមុន​នោះទេ។

ត្រារបស់​សហព័ន្ធសហជីព និង​សមាគម ទាំង ១៨។
ត្រារបស់​សហព័ន្ធសហជីព និង​សមាគម ទាំង ១៨។ RFI
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​សហជីព​កម្មករ និង​សមាគម​ចំនួន ១៨ បាន​ចេញ​សេចក្តី​អំពាវនាវរួម​គ្នាមួយ ស្នើសុំ​ឲ្យ​សមាជិក កម្មករ​និយោជិត មន្រ្តីរាជការ ចូលរួម​ធ្វើ​ពហិការ​ មិន​ធ្វើ​ការ​ថែម​ម៉ោង នៅ​គ្រប់​បណ្តា​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨កុម្ភៈ។ ​សេចក្តី​អំពាវនាវនោះ ក៏​បាន​ស្នើសុំឲ្យ​គ្រប់​ភាគី ដែល​មាន​អារម្មណ៏​ថា ខ្លួន​កំពុងជូប​ភាពអយុត្តិធម៌ ចូលរួម​វេទិកាសាធារណៈ នៅ​ថ្ងៃទី​៨​មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ។ ជា​វេទិកា ដែល​សហជីព ស្នើសុំ យល់ថា នឹង​មាន​ការ​ចូលរួម​ពី កម្មករ មន្ត្រី​រាជការ ដោយ​មាន​ការ​អញ្ចើញ​លោក ស ខេង លោក គាត ឈន់ លោក អ៊ិត សំហេង និង​លោក ជីវ កេង តំណាង​ខាងរដ្ឋាភិបាល មក​ឆ្លើយ​បំភ្លឺនៅមុខមហាជន ជុំវិញករណី​មិន​អាចតម្លើង​ប្រាក់​ខែ ដល់​កម្មករ និង​មន្ត្រីរាជការ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ សហជីព ថែម​ទាំងព្រមាន​ទៀតថា ប្រសិន​បើនៅ​តែមិន​មាន​ដំណោះ​ស្រាយ ចំពោះ​ការ​តំលើង​ប្រាក់ខែគោល​កម្មករ ១៦០ដុល្លា ក្នុង​មួយ​ខែ និង​ការ​តំលើង​ប្រាក់ខែ​ជូន​គ្រូបង្រៀន​ និង​មន្ត្រី​រាជការ នោះ​កូដកម្ម​ទ្រង់ទ្រាយ​ឌំ នឹង​ធ្វើឡើង នៅ​ទូទាំងប្រទេស​ ចាប់ពី​ថ្ងៃទី ១២មិនា ដល់ថ្ងៃទី ១៥មិនា ដោយ​កម្មករ​និយោជិត និង​មន្ត្រីរាជការ ធ្វើ​កូដកម្ម​មិន​មក​ធ្វើការ។ និង​ពី​ថ្ងៃទី ១៦ ដល់ ១៩មិនា កម្មករ​និយោជិត នឹងមក​កន្លែង​ធ្វើការ ប៉ុន្តែ​មិន​បំពេញ​ការងារ តាម​មុខជំនាញ​ខ្លួន។

សេចក្តីអំពាវនាវ​រប​ស់​ សហព័ន្ធ​សហជីព​កម្មករ និង​សមាគម ទាំង ១៨នេះ ត្រូវ​បាន​បញ្ជាក់ថា គឺ​ក្នុង​គោល​បំណង ចំនួន​៧ធំៗ ដែល​រួម​មាន ទាមទារ​សុំ​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង ២១ នាក់ និង​ទំលាក់ចោល​ការចោទប្រកាន់ជន​ទាំង ២៣ នាក់។ ​ស្នើ ​ឲ្យ​មានការ​ចរចា​តម្លើង​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ ក្នុង​មួយខែ​ឡើងវិញ។ ទាមទារ​ឲ្យ​​​ដាក់​ទោស​ដល់​ជនល្មើស ដែល​បាន​ប្រើ​ហិង្សា និង​សម្លាប់​កម្មករ កាលពី​ដើម​ខែ​មករា ព្រមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត រងរបួស និង​ជាប់​ឃុំឃាំង​។

ក្នុងនោះ សេចក្តីអំពាវនាវ ក៏ផ្តោតសំខាន់ ឲ្យ​​​រដ្ឋាភិបាល ​ដក​បម្រាម​ នៃ​ការជួបប្រជុំ​ជា​សាធារណៈ​ របស់​ប្រជាពលរដ្ឋ​ចេញ។ សុំ​ឲ្យ​​តំណាង​ក្រុមហ៊ុន ដក​បណ្តឹង ដែល​ប្រឆាំង​សហជីព និង​កម្មករនិយោជិត ហើយ​​ទទួលយក​កម្មករ ដែល​បាន​បញ្ឈប់​ពី​ការងារ​ឲ្យ​ចូលធ្វើការ​វិញ ព្រមទាំង​បង់ប្រាក់​រំលឹក ដល់​ពួកគេ​​គ្រប់​គ្នា។ និង ​ថែម​ទាំង​សុំ​ឲ្យ​​និយោជក​ណា ដែល​បាន​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់ ក្នុងអំឡុង​ពេលធ្វើ​កូដកម្ម​កន្លងមក ត្រូវ​ផ្តល់ជូន​ដល់​កម្មករ​វិញ​។

យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ប្រតិកម្ម​តាម​សេចក្តី​ថ្លែងការណ៏​ បែបណា​ពី​ភាគី​និយោជក និង​មន្ត្រី​ក្រសួង​ការងារ ជុំវិញ​គម្រោង​ធ្វើ​កូដកម្ម ជាថ្មីទៀត​របស់​កម្មក​រ និង​មន្ត្រីរាជការ ដែល​ត្រូវ​បានប្រកាស នាពេលនេះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ