អានតួអត្ថបទ
កម្ពុជា

ប្រជាជន​កម្ពុជា​ខ្លះ បួស​សង​គុណ​ឪពុក​ម្តាយ ខ្លះ​ដើរ​ដើម្បី​សន្តិភាព ក្នុង​ឱកាស​បុណ្យ​វិសាខបូជា

នៅ​ខេត្ត​សៀមរាប ប្រជាជន​កម្ពុជា​មួយ​ចំនួន បាន​កោរ​សក់​បួស​សង​គុណ​ឪពុក​ម្តាយ ក្នុង​ឱកាស​បុណ្យវិសាខបូជា ឆ្នាំ​នេះ។ នៅ​ឯ​ភ្នំពេញ​ឯណេះ​វិញ ប្រជាជន​ខ្លះ​ទៀត គ្រោង​ធ្វើ​ធម្មយាត្រា​ដើម្បី​សាមគ្គីភាព និង​សន្តិភាព។​ ទាំង​នេះ​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ពុទ្ធ​សាសនា ដែល​បាន​ក្លាយ​ជា​បុណ្យ​អន្តរជាតិ នៅ​ឆ្នាំ១៩៩៩។

រូបភាព​ព្រះពុទ្ធ​សម្តែង​ធម៌​ទេសនា​
រូបភាព​ព្រះពុទ្ធ​សម្តែង​ធម៌​ទេសនា​
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា​ឆ្នាំ​នេះ យុវជន​កម្ពុជា​៨៣២​នាក់ មក​ពី​ខេត្ត​ក្រចេះ ព្រះសីហនុ ព្រៃវែង រាជធានី​ភ្នំពេញ និង​សៀមរាប​ផ្ទាល់ ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​សម្រេច​ចិត្ត​សាង​ផ្នួស រយៈ​ពេល​មួយ​សប្តាហ៍ ដើម្បី​បំពេញ​កតញ្ញូតាធម៌​ ចំពោះ​ឪពុក​ម្តាយ​របស់​ខ្លួន និង​ដើម្បី​ស្វែង​យល់​អំពី​ព្រះធម៌ ជា​ពិសេស​សីលធម៌ និង​ចរិយាធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មានកម្ពុជា ដែល​បាន​ឱ្យ​ដឹង​ថា ការ​បំបួស​យុវជន​ទាំង​នេះ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​វត្ត​អង្គរ​ខាងត្បូង ក្នុង​ខេត្ត​សៀមរាប។

នៅ​ឯ​រាជធានី​ភ្នំពេញ​វិញ ក្រុម​ការងារ​ដើម្បី​សន្តិភាព ដែល​ជា​បណ្តាញ​អ្នក​ស្ម័គ​ចិត្ត នឹង​ធ្វើ​ធម្មយាត្រា ដើម្បី​ប្រារព្ធ​បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​ឧសភា​នេះ ដោយ​មាន​អ្នក​ចូល​រួម​ជាង​៣០០​នាក់​។ ដោយ​ធ្វើ​ការ​ជួប​ជុំ​យុវជន ពុទ្ធ​សាសនិក ឥស្លាម​សាសនិក និង​គ្រិស្ត​​សាសនិក នៅ​ចំនុច​វត្ត​ភ្នំ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ធម្មយាត្រា​នឹង​ចេញ​ដំណើរ​ទៅ​ព្រះអង្គ​ដងកើ មុខ​ព្រះ​បរមរាជវាំង មុន​នឹង​បញ្ចប់​កម្មវិធី​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក។ បុណ្យ​វិសាខ​បូជា​បាន​ក្លាយ​ជា​បុណ្យ​អន្តរជាតិ ដោយ​សេចក្តី​សម្រេច​របស់​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៩។

បើ​តាម​បណ្តាញ​ក្រុម​ការងារ​ដើម្បី​សន្តិភាព ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា មាន​គោល​បំណង​ពង្រឹង​សាមគ្គីភាព​យ៉ាង​ស្និទ្ធស្នាល រវាង​សាសនិក​នានា ដែល​ស្រឡាញ់​សន្តិភាព ដើម្បី​ផ្សព្វផ្សាយ​មេត្តាធម៌​ដល់​សព្វ​សត្វ​ទូទាំង​សាកល​លោក​ឱ្យ​យល់​ដឹង​អំពី​គោលការណ៍​​នៃ​សន្តិភាព​រវាង​គ្នា​និង​គ្នា។ បណ្តាញ​នេះ​ក៏​អញ្ជើញ​ប្រជាជន​ទូទៅ​ឱ្យ​ចូល​រួម​ក្នុង​ធម្មយាត្រា​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ