អានតួអត្ថបទ
កម្ពុជា

កា​រ​ដង្ហែក្បួន​​នៅ​ថ្ងៃ​វិសាខ​បូជា​ ត្រូវ​រារាំង​ដោយ​ អាជ្ញា​ធរ​

ក្បួន​ដង្ហែ​ធម្ម​យាត្រា​វិសាខបូជា ដែលមាន​អ្នកចូលរួម មកពី​ព្រះសង្ឃ​សាសនាព្រះពុទ្ធ​សាសនា​​គ្រិស្ត និង​អ្នក​កាន់សាសនា​ឥស្លាម ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច រារាំង និង​បំបែក​ការជួបជុំ នៅ​ម្តុំ​វត្តភ្នំ នា​ព្រឹក​ថ្ងៃទី១៣ឧសភា​នេះ។ តាម​គម្រោង ក្បួន​ធម្ម​យាត្រា​វិសាខបូជា នៅ​ភ្នំពេញ នា​ព្រឹក​នេះ ក្នុង​បំណង​កសាង​សន្តិភាព​នៅ​កម្ពុជា ប​ញ្ឃ​ប់​អំពើហិង្សា ពិសេស​ក្នុងពេល​ជាប់គាំង​នយោបាយ។

កង​សមត្ថកិច្ច​ខណ្ឌ​​កំពុង​រារាំង​មិន​ឱ្យ​មាន​ការ​ដង្ហែ​ក្បួន​ថ្ងៃ វិសាខ​បូជា
កង​សមត្ថកិច្ច​ខណ្ឌ​​កំពុង​រារាំង​មិន​ឱ្យ​មាន​ការ​ដង្ហែ​ក្បួន​ថ្ងៃ វិសាខ​បូជា រូបភាពពីfacebookd របស់លោក ពៅ បូតំណាង​ក្រុមការងារ​ដើម្បី​សន្តិភាព
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិភាព ​ប្រមាណ​ជា ៣០០នាក់ ត្រូវបាន​កំលាំង​សន្តិសុខ​សា​លា​ខណ្ឌ​ដូនពេញ​បំបែក កាលពី​ព្រឹក​មិញ​នេះ នៅក្នុង​ការប៉ុនប៉ង​ហែ​​ក្បួន​សាសនា​មួយ​ ដើម្បី​ប្រារព្ធ​ពិធី​វិសាខបូជា​ជាតិ និង​អន្តរជាតិ។ ក្រុមការងារ​មានចាស់ៗ និង​យុវជន​ដែលមាន​កាន់​បដា​នៅ​នឹង​ដៃ រួមទាំង​ទង់សាសនា​ផង​នោះ បាន​ត្រៀម​​ចេញដំណើរ​នៅ​ម៉ោង ៨ព្រឹក ក៏ប៉ុន្តែ​ពួកគេ​ត្រូវបាន​បំបែក​កន្លះ​ម៉ោង​មុន​ការចាប់ផ្តើម។

តាម​គម្រោង ក្រុម​អ្នក​ស្រលាញ់​សន្តិភាព​ត្រូវ​ធ្វើការ​ដង្ហែ​​ក្បួន​ចាប់ពី​រមណីយដ្ឋាន​វត្ត​ភ្នំ​ឆ្ពោះ​ទៅកាន់​ព្រះអង្គ​ដង​កើ ​មុខ​ព្រះ​បុ​រម​រាជវាំង ដើម្បី​ជាការ​ពង្រឹង​សាមគ្គីភាព និង​ភាពស្និទ្ធស្នាល រវាង​ពុទ្ធសាសនិក ឥស្លាម​សាសនិក និង​គ្រិស្ត​សាសនិក រួម​នឹង​សាសនា​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​សកលលោក​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​មេ​ត្តាធម៌ បញ្ឈប់​អំពើ​ហិ​ង្សារ និង​គោលការណ៍​​សន្តិភាពរ​វា​ង​គ្នា​និង​គ្នា នេះ​បើតាម​លោកស្រី ប្រាក់ សុខា​នី តំណាង​ក្រុមការងារ​ដើម្បី​សន្តិភាព។

ដោយ​មិនមាន​អត្ថាធិប្បាយ​ពី​ការ​ពី​ហែ​ក្បួន​សន្តិភាព​របស់​ប្រជាពលរដ្ឋ​ទាំងនោះ លោក
ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ​ដែរ​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មានការ​ហែ​​ក្បួន​ណាមួយ​ដែល​មិនមាន​ការសុំច្បាប់​ជាមុន​ឡើយ។

ក៏ប៉ុន្តែ លោកស្រី ប្រាក់ សុខា​នី តំណាង​ឲ្យ​អ្នក​ហែ​​ក្បួន​បាន​រំលឹកថា ក្រុមការងារ​សន្តិភាព​របស់លោក​ស្រី បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ម្ល៉េះ។
លោកស្រី​ចោទ អាជ្ញាធរ​ថា មិនបាន​ជួយ​សម្រួល​ដល់​សកម្មភាព​នេះ​ទេ ផ្ទុយទៅវិញ​បែរជា
បង្កើត​ឧបសគ្គ​រារាំង​មិនអាច​ឲ្យ​ពួកគេ​ហែ​ក្បួន​បាន ដូចជា​ការកំណត់​ឲ្យ​មាន​ហត្ថលេខា ឬ​ស្នាម​មេដៃ​ពី​អ្នកចូលរួម ឬ​ថតចំលង​អត្តសញ្ញាណ​បណ្ណ​អ្នកចូលរួម​ជាដើម។

ទោះជា​យ៉ាងនេះ​ក្តី​ក្រុមការងារ​ដើម្បី​សន្តិភាព ដែល​ខកខាន​មិនបាន​ហែ​​ក្បួន​វិសាខបូជា
ព្រឹក​មិញ​នេះ នឹង​ចេញផ្សាយ​សេចក្តី​ថ្លែង​ការណ៍​​មួយ​នៅ​ល្ងា​ច​នេះ​នៅ​សង្កាត់​បឹង​កេងកង ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​កាលពី​ព្រឹក និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ប្រគល់​បដា
និង​សំភារៈផ្សេងៗដែល​រឹបអូស​បាន ឲ្យ​ទៅ​ពួកគេ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ