អានតួអត្ថបទ
កម្ពុជា

កូដកម្ម របស់​បុគ្គលិក​ក្រុមហ៊ុន​សាំង​កាល់តិច ឈាន​ចូល ដល់​សប្តាហ៍​ទី​២​

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី ១៩​ឧសភា​​នេះ គឺ​មាន​រយៈពេល​៨​ថ្ងៃ​ហើយ​ ដែល​បុគ្គលិក​ក្រុម​ហ៊ុន​ប្រេង​សាំង​កាល់​តិច នៅ​តែបន្តកូដកម្ម​មិន​ចូល​ធ្វើ​ការ ហើយ​ស្ថានីយ៍​ប្រេងសាំង​កាល់​តិច ទាំង ១៨​សាខា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​តែបន្ត​បិទ​ទ្វារ។ តំណាង​ក្រុម​ហ៊ុន Chevron បុគ្គលិក​ក្រុមហ៊ុន​សាំង​កាល់តិច និង​សហជីព គ្រោង​ជួប​ចរចារ​គ្នា​ជា​ថ្មី ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​នៅ​ថ្ងៃអង្គារ​ទី ២០ ឧសភា។

បុគ្គលិក កាល់តិច ដែល​ធ្វើ​កូដ​កម្ម​ សុំ​តម្លើង​ប្រាក់​ឈ្នួល​​​១៦០​ដុល្លា​
បុគ្គលិក កាល់តិច ដែល​ធ្វើ​កូដ​កម្ម​ សុំ​តម្លើង​ប្រាក់​ឈ្នួល​​​១៦០​ដុល្លា​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ដោយសារ​មិន​ទាន់​មាន​ដំណោះស្រាយ បុគ្គលិក​ក្រុមហ៊ុន​សាំងកាល់តិច នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ ដោយ​​មិនចូលធ្វើ​ការដដែល។ កូដកម្ម​នៅតែបន្ត បើ​ទោះ​បី​ជា​តំណាង​ក្រុមហ៊ុន​សាំង​កាល់​តិច​ និង បុគ្គលិកបានព្រមព្រៀងគ្នាចំនួន២ចំណុចកាលពីសប្តាហ៍មុនក៏ដោយ។ ជំហរ​មិន​​ចូល​​ធ្វើ​កា​រនេះ ត្រូវ​បាន​សហជីព​បញ្ជាក់ថា ដោយសារតែ​តំណាង​ក្រុមហ៊ុន ហាក់នៅ​ស្ទាក់ស្ទើរ មិន​ទាន់​បាន​សរសេរ​ជាលាយលក្ខណ៍អក្សរ និង​កិច្ច​សន្យា​ត្រឹម​ត្រូវ ដោយ​គ្រាន់​តែ​ព្រម​ព្រៀង​គ្នា តាម​តែការ​និយាយ​។

លោក ស ម៉ូរ៉ា ប្រធាន សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃចន្ទនេះថា មក​ដល់​ថ្ងៃនេះ បុគ្គលិក​ក្រុមហ៊ុន​សាំងកាល់តិច នៅ​តែបន្តលើកបដានៅ​មុខស្ថានីយ៍ប្រេងសាំង ក្នុងទីក្រុង​ភ្នំពេញ និង​នៅ​ពេល​រសៀល​ ពួកគេ​នៅ​​ផ្ទះ មិន​មក​ធ្វើការ។​ ប្រធាន​សហព័ន្ធសហជីពរូបនេះ បាន​ឲ្យ​ដឹង​ផងដែរថា នៅ​វេលា​ម៉ោង​ ២រសៀល ថ្ងៃទី ២០ឧសភាស្អែក តំណាងបុគ្គលិក​ តំណាង​ក្រុម​ហ៊ុន និង​សហជីព នឹង​ជួប​​ចរចារ​គ្នា ជាលើកទី៣ ក្រោម​ការ​ជួយ​សម្រប​សម្រួល ​ពីតំណាង​ក្រសួង​ការងារ។

សូម​បញ្ជាក់ថា នៅ​ក្នុងកិច្ច​ប្រជុំលើកទី២ តំណាង​ក្រុមហ៊ុន Chevron និង​បុគ្គលិក បាន​ព្រម​ព្រៀងគ្នា ចំនួន២ ចំណុច ដែល​រួម​មាន យល់ព្រមទទួលបា្រក់រង្វាន់ ២០ដុល្លា ពីក្រុមហ៊ុន ដែលប្រាក់នេះ នឹងត្រូវបើកជាមួយនឹងប្រាក់បៀវត្សរ៍ ខែឧសភានេះ។​ មួយទៀត គឺ​ភាគី​ទាំងពីរ​ព្រមព្រៀង ទុករយៈ២ខែ អោយក្រុមហ៊ុន សិក្សាស្រាវជ្រាវអំពីការតម្លើប្រាក់ខែ  ហើយ​ការតម្លើងនឹងត្រូវគិតចាប់ពីខែមេសាទៅ។

គួររម្លឹកជូនថា កូដកម្មមិនចូលធ្វើការ ដើម្បីទាមទារតម្លើប្រាក់ខែ ​១៦០ដុល្លារ​​ក្នុង​មួយខែ រួម​និង​លក្ខ​ខ​ណ្ឌ​ការងារ​មួយចំនួន របស់បុគ្គលិកក្រុមហ៊ុន Chevron បានអូសបន្លាយចាប់ពីថ្ងៃទី ១២ឧសភាមក ។ ក្រោយបរាជយ័នៃការចចារលើកទី១ ក្រុម​បុគ្គលិក របស់​ក្រុមហ៊ុន​ប្រេង​សាំង​​ដ៏​ធំរបស់អាមេរិកមួយនេះ ក៏បានដាក់ញ្ញត្តិតវ៉ា ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ កាលពីថ្ងៃទី ១៥ឧសភា ។ បុគ្គលិកដែលផ្ទុះកូដកម្មតវ៉ាតម្លើងប្រាក់ឈ្នួលនេះ បាន​បញ្ជាក់​ថា ប្រាក់ខែ​របស់​ពួកគេ​ទាប​ជាង​ក្រុមហ៊ុន​លក់​ប្រេងសាំង​ឯទៀត ​ដែលមាន​ការ​ប្រកួត​ប្រជែង​​គ្នា និង​អន់​ជាង​កម្មករ​កាត់ដេរ​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ