អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​សាំង កាល់តិច បន្ត​កូដកម្ម ក្រោយ​ការ​ចរចា​មិន​បាន​លទ្ធផល​

បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង កាល់តិច នៅ​ថ្ងៃ​ទី ១៤​ឧសភា​នេះ នៅ​តែ​បន្ត​កូដកម្ម តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លា និង​ប្រាក់​ខែ​ទី ១៣ ដោយ​មិន​ចូល​ធ្វើ​ការ​ដដែល បន្ទាប់​ពី​ការ​ចរចា​ ជាមួយ​តំណាង​ក្រុមហ៊ុន Chevron កាល​ពី​ថ្ងៃ​ទី ១៣​ឧសភា​នោះ មិន​បាន​ជោគជ័យ​។ ស្ថានីយ៍​ប្រេងសាំង កាល់តិច ទាំងអស់​នៅ​បន្ត​បិទ​មិន​ដំណើរ​ការ ខណៈ​ដែល​បុគ្គលិក​បន្ត​លើក​បដា​ទាមទារ។

ការ​ធ្វើកូដកម្ម​របស់បុគ្គលិក ក្រុមហ៊ុនប្រេងសាំងកាល់តិច នៅ​ថ្ងៃទី ១៤ឧសភា ២០១៤។
ការ​ធ្វើកូដកម្ម​របស់បុគ្គលិក ក្រុមហ៊ុនប្រេងសាំងកាល់តិច នៅ​ថ្ងៃទី ១៤ឧសភា ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង​ កាល់តិច ប្រមាណជា ២០០នាក់ មកពី ១៨សាខា ស្ថានីយ៍​ប្រេង​សាំង​ កាល់តិច ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ជួបជុំ​ប្រមូល​ផ្តុំ​គ្នា នៅ​មុខស្ថានីយ៍​សាំង​កាល់តិច សាខា​ស្តុប​​បូកគោ ដើម្បី​ទាមទារ​លក្ខខណ្ឌ ដែល​ពួកគេ​បាន​ស្នើ​សុំ​ដដែល នៅ​ព្រឹក​ថ្ងៃ​ទី ១៤​ឧសភានេះ។ នេះ​គឺ​ជា​ថ្ងៃ​ទី ៣​ហើយ នៃ​ការ​តវ៉ា គិត​ចាប់​ពី​ថ្ងៃ​ទី ១២​ឧសភា​មក។

នៅ​ថ្ងៃពុធនេះ មាន​ការ​តវ៉ា​តែ​នៅ​ស្ថានីយ៍​ប្រេងសាំង​កាល់តិច​ស្តុប​បូកគោ តែ​មួយ​ប៉ុណ្ណោះ ដោយ​សារ​នៅ​ស្ថានីយ៍​នេះ បាន​បើក​ដំណើរ​ការ​លក់​សាំង​ឡើង​វិញ ដោយ​ក្រុមហ៊ុន បាន​ឲ្យ​អ្នក​​គ្រប់គ្រង​​ប្រចាំ​តំបន់ ​ធ្វើ​ជា​អ្នក​ចាក់​សាំង ស្រប​ពេល ដែល​សាខា​ផ្សេងៗ​ទៀត ​របស់​ក្រុមហ៊ុន​នេះ នៅ​បន្ត​បិទ​ដាក់​រនាំង និង​ដាក់​ខ្សែ​ព័ទ្ធ ជុំវិញ​កន្លែង​ចាក់​​សាំង ដោយសារ​បុគ្គលិក​​បន្ត​ធ្វើ​កូដកម្ម។​

លោក យឿន រ៉េត ប្រធាន​សហជីព​មូលដ្ឋាន​ប្រចាំក្រុមហ៊ុន Chevron បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ថា បុគ្គលិក​ទាំងអស់ មិន​យល់​ព្រម​ទទួល​យក​សំណើ ដែល​ក្រុម​ហ៊ុន​បាន​សម្រេច នៅ​ក្នុង​កិច្ច​ចរចា​ កាល​ពី​រសៀល​ថ្ងៃ​ទី ១៣​ឧសភា​នោះ​ទេ។ ប្រធាន​សហជីព​រូប​នេះ​ដដែល បាន​បន្ត​ថា លក្ខខណ្ឌ​ទាំងនោះ មិន​សមស្រប ហើយ​បុគ្គលិក​នឹង​ធ្វើ​ការ​តវ៉ា​រហូត ទាល់​តែ​មាន​​ដំណោះ​ស្រាយ។

សូម​រម្លឹក​ជូន​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣​ឧសភា  ​ក្នុង​កិច្ច​ប្រជុំ​រវាង ភាគី​ថៅកែ​ក្រុមហ៊ុន Chevron និង​បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង កាល់តិច ភាគី​ថៅកែ​ក្រុមហ៊ុន បាន​ស្នើ​សុំ​ពេល​ពីរ​បី​ខែ​ទៀត ដើម្បី​សិក្សា​ស្រាវជ្រាវ លើ​ការ​ដំឡើង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដល់បុគ្គលិក​ដែល​កំពុង​តវ៉ា​នោះ។ យ៉ាងណាក៏ដោយ ភាគី​ថៅកែ​ក្រុមហ៊ុន បាន​ព្រមព្រៀង​មួយចំណុច​ដែរ គឺ​បាន​តំឡើង ប្រាក់​ខែ ១០​ដុល្លារ បន្ថែម​ដល់​ផ្នែក​គិត​លុយ ដែល​សព្វ​ថ្ងៃ ទទួលបាន​ប្រាក់​ខែ ១៣០​ដុល្លារ។ រី​ឯ​ផ្នែក​ចាក់​សាំង ដែល​ទទួល​បាន​ប្រាក់​ខែ ១១០​ដុល្លារ និង​ផ្នែកអនាម័យ មាន​ប្រាក់​ខែ ១០០​ដុល្លារ គឺ​មិន​ត្រូវ​បានដំឡើងនោះ​ទេ។

ប៉ុន្តែ លោក យឿន រ៉េត បាន​ឲ្យ​ដឹងថា សូម្បី​តែ​ផ្នែក​គិត​លុយ ក៏​មិន​អាច​ទទួល​យក ការ​ដំឡើង​ប្រាក់ ១០​ដុល្លា ពី​សំណាក់​ក្រុមហ៊ុន​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ