អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អភិវឌ្ឍន៍ជនបទ ជាគន្លឹះដោះស្រាយភាពក្រីក្រនៅកម្ពុជា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រាន់តែ​រដូវវស្សា​ឈានចូល​មកដល់ តំបន់​ជនបទ​កម្ពុជា​បាន​ផ្តើម​ប្រែ​ពីស​ភាព​ហួតហែង​មកជា ស្រស់បំព្រង​ជាបណ្តើរ។ កសិករ​គ្រប់គ្នា​ក៏​ផ្តើម​រៀបចំ​សម្ភារៈ​កសិកម្ម​សម្រាប់​ប​ង្ក​បង្កើន​ផល​តាម​ទម្លាប់​ដែរ។ ប្រទេសមួយ​ដែល​ពលរដ្ឋ​ភាគច្រើន​ពឹងផ្អែក​ខ្លាំង​ទៅលើ​វិស័យ​កសិកម្ម តែ​វិស័យនេះ​បែរជា​មានការ​អភិវឌ្ឍ​តិចជាង​វិស័យ​ផ្សេង​ទៅវិញ។ កង្វះ​ទឹក​គឺជា​ឧបសគ្គ​ចម្បង​សម្រាប់​កសិករ​ខ្មែរ។ ទីជនបទ​កម្ពុជា​ក៏​ខ្វះ​ការងារ​ដែល​មិនអាច​ឲ្យ​កសិករ​បង្កើន​ជីវភាព​របស់ខ្លួន​បាន​ដូចជា​ប្រទេសជិតខាង​ទេ។ ដូច្នេះ ដើម្បី​ដោះស្រាយ​ភាពក្រីក្រ​នៅ​កម្ពុជា ការអភិវឌ្ឍ​គួរតែ​ផ្តោតទៅលើ​ទីជនបទ។

ប្រជាជន​ នៅ​តាម​ទីជនបទ។
ប្រជាជន​ នៅ​តាម​ទីជនបទ។ © អ៊ឺម ណាវិន
ផ្សាយពាណិជ្ជកម្ម

វិស័យ​កសិកម្ម​គឺជា​សរសរ​ទ្រូង​មួយ​ក្នុងចំណោម​សរសរ​ទ្រូង៤ដែល​ទ្រង់​សេដ្ឋកិច្ចជាតិ​កម្ពុជា​។ កសិកម្ម​ក៏​ជា​វិស័យ​មួយ​ដែលមាន​ស្ថិរភាព​ជាងគេ​ដែរ​បើ​ធៀប​នឹង​វិស័យ​៣​ផ្សេង​ទៀត​​ គឺ វិស័យ​​កាត់ដេរ សំណង់ និង​ទេសចរណ៍ ដែលជា​ទូទៅ​ងាយ​ប្រឈម​នឹង​ហា​នី​ភ័យ​ជាង។ ម្យ៉ាង​ទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨០ ភាគរយ​រស់នៅ​ទីជនបទ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការងារ​កសិកម្ម។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃ​ដីស​កិ​កម្ម​សរុប​ជាង ៥,៥ លាន​ហិកតា​ក្នុងនោះ​ផ្ទៃដី​ដាំ​ស្រូវ​មាន​ជាង៣លាន​ហិកតា​និង​ផ្ទៃដី​សម្រាប់​ដំណាំ​រួមផ្សំ​មាន​ជាង​មួយ​លាន​ហិកតា។ ក្រៅពី​ធានា​សន្តិសុខ​ស្បៀង វិស័យ​កសិកម្ម​ក៏បាន​នាំ​ចំណូល​ជូន​រដ្ឋ​យ៉ាងច្រើន​ផងដែរ​តាមរយៈ​ការនាំចេញ។ ប៉ុន្តែ វិស័យ​ជា​គន្លឹះ​នេះ​បែរជា​បានទទួល​ការវិនិយោគ​តិចតួច​និង​មានការ​អភិវឌ្ឍ​យឺតយ៉ាវ​យ៉ាងខ្លាំង​នៅឡើយ។ កង្វះ​ធនធានទឹក​ត្រូវគេ​មើលឃើញថា​ជា​ឧបសគ្គ​ចម្បង​មួយ។ គ្រាន់តែ​ក្រឡេកមើល​ភាព​ហួតហែង​នៃ​ទីជនបទ​ក្នុង​រដូវប្រាំង​គេ​អាច​យល់បាន​ជាស្រេច​អំពី​ស្ថានភាព​លំបាក​របស់​ពល​រដ្ឋ​ខ្មែរ​ភាគច្រើន​ដែលជា​កសិករ។

ជាការ​ពិតណាស់ ប្រទេស​ជឿនលឿន​លើ​លោក​នេះ​គេ​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​ជាធំ ប៉ុន្តែ ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​ដែល​ពលរដ្ឋ​ភាគច្រើន​លើសលប់​រស់នៅ​ទីជនបទ​មាន​តែ​វិស័យ​កសិកម្ម​ទេ​ដែលជា​ទីពឹង​ដ៏​កក់ក្តៅ​បាន។ និយាយ​ពី​កសិកម្ម គេ​មិនអាច​មិន​និយាយ​ពី​ធនធានទឹក​បានទេ។ ជាក់ស្តែង ប្រសិនបើ​គេ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​វៀតណាម​ឬក៏​ប្រទេស​ថៃ គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​ភាពខុសគ្នា​នៃ​ទីជនបទ​កម្ពុជា​និង​ប្រទេស​ជិត​ខាង​​ទាំងនោះ។

គ្រាន់តែ​ឆ្លង​ព្រំដែន​ភា្ល​ម ភាព​ហួតហែង​ដែល​មាននៅ​ខាង​កម្ពុជា​ត្រូវបាន​ជំនួស​ដោយ​ធម្មជាតិ​​ខៀវស្រងាត់​នៅក្នុង​ប្រទេសជិតខាង​ទាំងនោះ។ ដោយសារ​មានទឹក​គ្រប់​រដូវ វិស័យ​កសិកម្ម​របស់​គេ​មាន​សកម្ម​ភាពរស់រវើក​ខួបប្រាំងខួបវស្សា​ខណៈដែល​កសិករ​ខ្មែរ​បាន​ទុក​ដី​ឲ្យ​ទំនេរ​ចោល​ពេញ​មួយ​រដូវប្រាំង​ក្នុង​សភាព​ហួតហែង។ នៅ​តំបន់​ខ្លះ កុំថាឡើយ​ដល់​ទៅ​ទឹក​សម្រាប់​ធ្វើស្រែ សូម្បីតែ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏​ខ្វះខាត​ដែរ។

ក្រៅពី​ទឹក តំបន់​ជនបទ​កម្ពុជា​ក៏​នៅ​ខ្វះខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជាច្រើន​ទៀត​ដែរ​ដូចជា​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ រីឯ​សហគ្រាស​ខាត​តូច​និង​មធ្យម​ដែល​អាច​ផ្តល់​ការងារ​​ជូន​ប្រជាពលរដ្ឋ​នោះ ក៏​ច្រើនតែ​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីប្រជុំជន​និង​ទី​ក្រុង​ធំ​​ៗ​តែ​ប៉ុណ្ណោះ​។ ប្រសិនបើ​ចង់​បន្ត​ការសិក្សា​ទៅ​ថ្នាក់ខ្ពស់​ឬ​ចង់បាន​ការងារ​ធ្វើ​អ្នក​ជនបទ​ចាំបាច់​ត្រូវ​ឡើងមក​ទីក្រុង។ នេះ​ក៏​ជា​មូលហេតុ​នៃ​ចំណាកស្រុក​របស់​កសិក​រ​ខ្មែរ​ដែរ។

ពិតណាស់ថា រដ្ឋាភិបាល​ពិត​បានចាត់ទុក​នយោបាយ​ទឹកជា​អាទិភាព​មួយ​ក្នុង​ការដឹកនាំ​របស់ខ្លួន។ ការបង្កើត​ក្រសួង​ធនធានទឹក​និង​កិច្ចខិតខំ​ប្រឹងប្រែង​មួយចំនួន​របស់​ក្រសួង​នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ប៉ុន្តែ ការធានា​ឲ្យ​មានទឹក​ខួបប្រាំងខួបវស្សា​ក្នុង​តំបន់​ជនបទ​ឲ្យ​បាន​ទូទាំងប្រទេស​ស្ថិតនៅ​ឆ្ងាយ​ពី​ការរំពឹងទុក​នៅឡើយ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​ឲ្យ​បាន​ច្រើន​ដល់​វិស័យ​កសិកម្ម​និង​ត្រូវ​ទាក់ទាញ​គម្រោង​វិនិយោគធំៗក្នុង​វិស័យនេះ​ផងដែរ។

ទន្ទឹមនឹងនោះ ការគ្រប់គ្រង​ធនធានទឹក​ដែលមាន​ស្រាប់​ជា​រឿង​សំខាន់​មួយទៀត។ នៅ​តំបន់​ខ្លះ ទឹក​មាន​យ៉ាង​សម្បូរហូហៀរ​ប្រើ​មិន​អស់​នៅ​រដូវវស្សា ជាពិសេស​ពេល​មាន​ទឹកជំនន់។ ប៉ុន្តែ ក្រោយមក​មិនបាន​ប៉ុន្មាន​ផង ស្រូវ​ស្រែ​បែរជា​ស្កក​ដោយសារ​ខ្វះ​ទឹក​ទៅវិញ។ នេះ​ស​បញ្ជាក់​​ឲ្យ​ឃើញ​ពី​អសមត្ថភាព​របស់​អាជ្ញា​ធរ​កសិកម្ម ឬ​ធនធានទឹក ក៏ដូចជា​កសិករ​ខ្លួនឯង​ក្នុងការ​គ្រប់គ្រង​ទឹក​ដែលមាន​ស្រាប់​ទុក​សម្រាប់​ប្រើប្រាស់។

ក្រៅពី​ទឹក រដ្ឋ​ក៏ត្រូវ​ធានាថា កសិករ​មាន​ដី​គ្រប់គ្រាន់​សម្រាប់​ប្រកបរ​បបរ​កសិកម្ម​ដែរ​ពីព្រោះ​បើ កសិករ​គ្មាន​ដី ពួកគេ​ក៏​មិនអាច​រំដោះខ្លួន​ពី​ភាពក្រីក្រ​បានដែរ។ ទាំងនេះ​ជា​អាទិភាព​ចម្បងៗ ដែល​​ត្រូវ​ដោះស្រាយ​ចំពោះមុខ។ ការអភិវឌ្ឍ​តែ​នៅ​ទីក្រុង​និង​ទីប្រជុំជន​មានន័យ​ស្មើនឹង​ការគិតគូរ​តែ​មនុស្ស​ភាគតិច ដោយ​ទុក​មនុស្ស​ភាគច្រើន​ឲ្យ​ស្ថិតនៅក្នុង​ភាពក្រីក្រ​នោះឡើយ។  

សរុប​មកវិញ នយោបាយ​អភិវឌ្ឍន៍ជនបទ​គឺជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ច្រើនយ៉ាង​ដូចជា ភាពក្រីក្រ​ ចំណាកស្រុក និង​ការកាត់បន្ថយ​គម្លាតរ​វាង​ទីក្រុង​និង​ជនបទ​ជាដើម។ ធ្វើបែបនេះ​បាន ប្រជាពលរដ្ឋ​​ខ្មែរ​នឹងមាន​ទីពឹង​ដ៏​រឹងមាំ​មួយ​ដើម្បី​ឈានទៅ​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ