អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​ការ​ប្រាក់​២៦,៥៨ពាន់លាន​ដុល្លារ​អាមេរិក​សម្រាប់​អាណត្តិ​ទី​៥​នេះ​

រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ប្រហែល៥,៣ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ សម្រាប់​ចំណាយ​លើ​ការវិនិយោគ​ក្នុង​គ្រប់​វិស័យ។ យោងតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ២០១៨ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃ​សុក្រ ថវិកា​ប៉ាន់ស្មាន​សរុប ២៦,៥៨ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល៥ឆ្នាំ​ទៅមុខ គឺ«ចាំបាច់​ដើម្បី​ធ្វើឱ្យ​សម្រេច​គោលដៅ​ទាំងឡាយ» ដែល​មានចែង​ក្នុង​ផែនការ​ជាតិ​ថ្មី​នេះ។

ក្រុងភ្នំពេញ​
ក្រុងភ្នំពេញ​ RFI/Monika
ផ្សាយពាណិជ្ជកម្ម

គណៈរដ្ឋមន្ត្រី​កម្ពុជា បានអនុម័ត​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨រួចហើយ កាលពី​ម្សិលមិញ ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។​ ­នេះ​ជា​ឯកសារ «សំខាន់» ដែល​កំណត់​ក្របខណ្ឌ​សកម្មភាព​នៃ​ការអនុវត្តន៍​គោល​នយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បន្ទាប់ពី​ផែនការ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ អស់​សុពលភាព។

ក្រសួងផែនការ​កម្ពុជា​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ ដោយ​សម្របសម្រួល និង​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងឡាយ ក្នុងនោះ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំង​ក្រសួង ស្ថាប័ន​ទាំងអស់។ ​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ប្រភព​​ហិរញ្ញប្បទាន​ធនធាន​ក្នុងស្រុក និង​ធនធាន​ក្រៅប្រទេស ក៏ដូចជា​ការវិនិយោគ​មូលធន​ពី​វិស័យ​សារ​ធារ​ណៈ និង​ឯកជន ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ចំនួន ២៦,៥៨ពាន់​លាន​ដុល្លារ ឬ​ប្រហែល៥,៣ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

ទឹកប្រាក់​ទាំងនេះ​គឺ​ចាំបាច់​សម្រាប់​ចំណាយ​លើ​ការវិនិយោគ ដើម្បី​សម្រេច​គោលដៅ​ទាំងឡាយ​ ដែល​មានចែង​ក្នុង​ឯកសារ​នេះ។ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​នេះ​បានឱ្យដឹងថា ក្នុងការ​អនុវត្ត​ន៍​ផែនការ​ឆ្នាំ២០០៩ដល់​ឆ្នាំ២០១៣ ផលិតផល​​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ នៅ​ដំណាច់ឆ្នាំ២០១៣ គឺ​លើសពី​១០០០ដុល្លារ ហើយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះមក​នៅក្រោម២០% នៅ​ឆ្នាំ២០១។ លើសពីនេះ​ទៀត ឯកសារ​ថ្មី​របស់​ក្រសួងផែនការ​នេះ ក៏​បង្ហាញឱ្យឃើញ​ផងដែរ​ថា កម្ពុជា​ទទួលបាន​ជោគជ័យ ភាគច្រើន ក្នុងការ​អនុវត្តន៍​តាម​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​កម្ពុជា។

ក្រៅពី​ដើម្បី​បូកសរុប​លទ្ធផល​នៃ​សកម្មភាព​ក្នុង​អាណត្តិ​ចាស់ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨ ក៏ត្រូវ​បាន​ចងក្រង​ឡើង ជាសំខាន់ ដើម្បី​កំណត់​នូវ​បណ្តា​វិធានការ​គោលនយោបាយ​នានា​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ យកទៅអនុវត្ត ឱ្យបាន​សមស្រប​តាម​វិស័យ​អាទិភាព​នានា របស់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ធានា​ស្ថិរភាព កំណើនសេដ្ឋកិច្ច ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៣ដែរ។ ទន្ទឹមនឹង​នេះដែរ ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ប្រចាំឆ្នាំ​ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះដែរ៕    

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ