អានតួអត្ថបទ
កម្ពុជា

គណបក្សកាន់អំណាច និងបក្សប្រឆាំង ប្រជែងជួយពលករ ដែលត្រូវបញ្ជូនមកពីថៃ

រហូត​ដល់​ថ្ងៃទី១៧​មិថុនា​នេះ ទាំង​គណបក្ស​កាន់អំណាច តាមរយៈ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ទាំង​ក្រុមការងារ​គណបក្ស​ប្រឆាំង បាន​បន្ត​សកម្មភាព​ផ្សេងពីគ្នា​ ដើម្បី​ចុះជួយ​ដល់​ពលករ ដែល​ត្រូវ​បាន​ថៃ ​ចាប់បញ្ជូន​ត្រលប់​មកវិញ។ ម្ហូប​អាហារ កន្លែង​ស្នាក់នៅ និង​​ឡាន​ដឹកជញ្ជូន ដោយឥតគិតថ្លៃ ត្រូវបានអាជ្ញាធរ និងក្រុមការងារគណបក្ស​ទាំងពីរ​ ផ្តល់ជូន​ដល់​ពលករ​រាប់ម៉ឺន​នាក់ នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត។ ស្ថានភាពនៅប៉ោយប៉ែត ត្រូវបាន​លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅព្រឹកថ្ងៃទី១៧មិថុនានេះថា ចំនួន​ពលករ​ខ្មែរ ដែលថៃបញ្ជូនត្រលប់មកវិញ បានថយចុះ បើធៀបនឹងប៉ុន្មានថ្ងៃមុន។

ពលករខ្មែរដែលយោធាថៃបញ្ជូនមកកម្ពុជាវិញ
ពលករខ្មែរដែលយោធាថៃបញ្ជូនមកកម្ពុជាវិញ RFI
ផ្សាយពាណិជ្ជកម្ម

ជាសកម្មភាពមនុស្សធម៌ ដែលអាជ្ញាធរសមត្ថកិច្ច ក្នុងនាមគណបក្សប្រជាជនកម្ពុជា ព្រម​ទាំង​ក្រុមការងារគណបក្សសង្គ្រោះជាតិ បានចុះជួយដល់ពលករខ្មែររាប់ម៉ឺននាក់ នៅ​ព្រំដែន​ប៉ោយប៉ែត។ សង្គមស៊ីវិល និងយុវជនកាកបាទក្រហម ក៏បានធ្វើសកម្មភាព​មនុស្សធម៌ ផ្តល់​បាយ​ទឹក ពិនិត្យជំងឺ ផ្តល់កន្លែងស្នាក់នៅ រួមទាំង​មធ្យោបាយដឹកជញ្ជូន​សម្រាប់ពលករ ដែល​ថៃ​ ចាប់បញ្ជូនមកវិញ ចាប់តាំងពីថ្ងៃទី៦មិថុនា។

លោក ឡុង រី ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បក្សប្រឆាំងបានចាត់តាំងក្រុមការងារ ឈរជើងនៅព្រំដែនប៉ោយប៉ែត យូរថ្ងៃមកហើយ ដើម្បី​ផ្តល់​ម្ហូបអាហារ បាយទឹកកន្លែងស្នាក់នៅ និងឡាន សម្រាប់ដឹកពលករ ទៅកាន់ស្រុក​កំណើត។

គណបក្សប្រឆាំង ក៏បានរៃអង្គាសថវិកា និងទទួលជំនួយជាសម្ភារៈម្ហូបអាហារ ដើម្បី​ជួយដល់​ពលករជួបការលំបាក ពេលមកពីថៃ បន្ថែមលើជំនួយផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី ជួយជិត ៥.០០០ ដុល្លារ ដល់ពលករជាង ៥០ នាក់ ដែលបក្សប្រឆាំង នាំមកបង្ហាញខ្លួន នៅទីស្នាក់ការ​កណ្តាល នៅភ្នំពេញ កាលពីថ្ងៃទី១២មិថុនា។

លោក ឡុង រី បានបដិសេធនូវសេចក្តីជូនដំណឹង របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៣​មិថុនា ដែលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់ពលករ ម្នាក់ ៦០០ បាត ព្រោះនោះជា​លិខិត​ក្លែងបន្លំ។ រហូតដល់ថ្ងៃ១៧មិថុនានេះ អាជ្ញាធរសមត្ថកិច្ច ដែលជាថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​កម្ពុជា​ នៅខេត្តជាប់ព្រំដែនថៃ បានបន្តសកម្មភាព ជួយសម្រួលដល់​ដំណើរការ​វិល​ត្រលប់​របស់ពលករខ្មែរ។ ពលករខ្មែរ ដែលចូលតាមច្រកប៉ោយប៉ែត គិតត្រឹមយប់ថ្ងៃ​ទី​១៦​មិថុនា មានចំនួនជិត ១៦ម៉ឺននាក់។ ​

ប៉ុន្តែ នៅព្រឹកថ្ងៃទី១៧មិថុនានេះ ពលករខ្មែរ ដែលថៃ​បញ្ជូនមក មានចំនួនតែជាង ១០០០ នាក់​ប៉ុណ្ណោះ គឺថយចុះច្រើន បើធៀបនឹងប៉ុន្មានថ្ងៃមុន។ នេះបើតាមលោក គោ ស៊ុំសារឿត អភិបាល​ខេត្ត​បន្ទាយមានជ័យ។

លោកអភិបាល បានលើកឡើងថា អាជ្ញាធរសមត្ថកិច្ច បន្តជួយដល់ពលករចំណាកស្រុក ហើយ​​មកដល់ពេលនេះ បាយទឹក ម្ហូបអាហារ មិនខ្វះទេ សម្រាប់ចែកជូនពលករ។ រីឯ​ឡាន​ធំៗ​ប្រមាណ ៣១០ គ្រឿង ជាឡានទាហាន ប៉េអឹម ឡានប៉ូលិស ឡាន​មកពី​បណ្តាខេត្ត ឡាន​ក្រុមហ៊ុន​​ រួមទាំងអង្គការ IOM បន្តដឹកជញ្ជូនពលករខ្មែរ ទៅស្រុកកំណើត។

រហូតដល់ពេលនេះ មានពលករខ្មែរ ១០ នាក់ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ និងខ្យល់គ ក្នុងពេលថៃ ចាប់បញ្ជូនមកវិញ ពេលនេះ។ នេះបើតាមលោកគោស៊ុម សារឿត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ