អានតួអត្ថបទ
កម្ពុជា

សកម្មជន​ និង​ប្រជា​សហគមន៍​​ដី​ធ្លី ដាក់​ញ្ញត្តិ​ទៅ​ស្ថាន​ទូត​ថៃ​​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​​​ពលករ​ខ្មែរ​

សកម្ម​ជន និង​ប្រជា​សហគមន៍​​ដី​ធ្លី ប្រមាណ​ជា ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​យក​ញ្ញត្តិ​ទៅ​ដាក់​នៅស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​សុំ​ឲ្យ​ប្រទេស​ថៃ គោរព​សិទ្ធិ​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ នៅ​ក្នុង​ប្រទេស​ថៃ។ សកម្មជន​ទាំង​នោះ ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ចាត់​វិធានការ ចំពោះ​ការ​ស្លាប់​ពលករ​ខ្មែរ នៅ​លើទឹក​ដី​ថៃ​ផងដែរ។ តំណាង​ស្ថាន​ទូត​ថៃ បាន​ចេញ​មក​ទទួល​យក​ញ្ញត្តិ​ ហើយ​សន្យា​ថា​នឹង​យក​ទៅ​ពិចារណា។

សកម្ម​ជន និង​ប្រជា​សហគមន៍​​ដី​ធ្លី ដាក់ញ្ញត្តិ​ទៅស្ថានទូតថៃ រឿងពលករខ្មែរនៅប្រទេសថៃ។
សកម្ម​ជន និង​ប្រជា​សហគមន៍​​ដី​ធ្លី ដាក់ញ្ញត្តិ​ទៅស្ថានទូតថៃ រឿងពលករខ្មែរនៅប្រទេសថៃ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សកម្មជន និង​ប្រជា​សហគមន៍​​ដី​ធ្លី មក​ពី​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​សកម្មជន​ដី​ធ្លី តំបន់​បឹងកក់ បុរី​កីឡា និង​ថ្មគោល នៅ​ព្រឹក​ថ្ងៃ​ទី​២៥​មិថុនា​នេះ បាន​នាំ​គ្នា​យក​ញ្ញត្តិ ទៅ​ដាក់​នៅមុខ​ស្ថាន​ទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទាមទារ​សិទ្ធ​សមស្រប​ ដល់​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេសថៃ។

លោក​ វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បាន​ប្រាប់វិទ្យុបារាំងថា ញ្ញត្តិ​ដែល​យក​ទៅ​ដាក់​នៅ​ស្ថានទូតថៃនោះ គឺ​មាន​ការ​ទាមទារ និង​ស្នើសុំ​ចំនួន​ ៥ចំនុច។ ៥​ចំនុច​នេះ រួម​មាន ស្នើឲ្យ​រដ្ឋាភិបាល​ថៃ ផ្តល់ភាពមនុស្ស​ធម៌ និង​ជូន​ដំណឹង ​ដល់ភាគីខ្មែរ មុន​ពេល​មាន​ការ​បណ្តេញ​ពលករ ចេញពី​ប្រទេស។ ត្រូវ​គោរពសិទ្ធិ​ ​ពលករ​ខ្មែរ ដូច​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត។ ញ្ញត្តិ​ក៏​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថៃ ចាត់​វិធានការជា​បន្ទាន់ ចំពោះ​ការ​ស្លាប់​ពលករ​ខ្មែរ នៅ​ក្នុង​ប្រទេសថៃ នាពេលថ្មីៗនេះផងដែរ។

ជាមួយ​នោះ​ដែរ ញ្ញត្តិ​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ទទួល​ខុស​ត្រូវ ​ចំពោះ​វត្តមាន​នៃ​ការ​​ត្រលប់​មកវិញ របស់​ពលករ ដោយ​ត្រូវ​ផ្គត់ផ្គង់​ចំណី​អាហារ និង​សេវា​សុខភាព ឲ្យ​បាន​ត្រឹមត្រូវ​។ និង​ចំនុច​ចុង​ក្រោយ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​យន្តការ​ជាក់លាក់​មួយ ដោយ​បង្កើត​ការិយាល័យ​ឲ្យ​ជិត​នឹង​ប្រជាពលរដ្ឋរបស់​ខ្លួន ដែល​ធ្វើការ​នៅ​ក្រៅប្រទេស។

បន្ទាប់​ពី​បាន​រង់​ចាំ​អស់​រយៈពេល​មួយ​ម៉ោង តំណាង​ស្ថានទូត​ថៃ​ប្រចាំ​ទី​ក្រុង​ភ្នំពេញ បាន​ចេញ​មក​ទទួល​យក​ញ្ញត្តិ​ពី​ក្រុម​សកម្មជន និង​បាន​សន្យា​ថា​យក​ញ្ញត្តិ​នោះ ទៅ​ពិចារណា​ជា​បន្ត​ទៀត។ សកម្មភាព​ដាក់​ញ្ញត្តិ នៅព្រឹក​ថ្ងៃ​ពុធ​នេះ មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​នោះ​ទេ។

សូម​បញ្ជាក់​ថា ចាប់​ពី​ដើម​ខែមិថុនានេះ ពលករ​ខ្មែរ ដែល​ឆ្លង​ដែន​ទៅ​ធ្វើការ នៅ​ប្រទេសថៃ ប្រមាណ​ជា​ជិត ២៣​ម៉ឺន​នាក់ ត្រូវ​បាន​ របប​សឹក​យោធា​ថៃ ​ចាប់​បញ្ជូន​តាម​រថយន្ត មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោម​ហេតុផល ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​​ច្បាប់​ក្នុង​ប្រទេស និងចៀសវាង​​​​ការជួញ​ដូរ​មនុស្ស​។

នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ ​បាន​ចេញ​នៅ​នីតិវិធី​ថ្មី​ៗ​មួយ​ចំនួន​ ដើម្បី​សម្រួល​ដល់​ពលករ​ខ្មែរ ឲ្យ​ក្លាយ​ទៅជាពលករ​ស្របច្បាប់ ទៅធ្វើការ​នៅ​ប្រទេស​ថៃ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​ វន់ ពៅ បាន​ហៅ​នីតិ​វិធី​នេះ​ថា នៅ​តែ​មាន​ភាព​ស្មុគស្មាញ សម្រាប់​ពលករ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ