អានតួអត្ថបទ
កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​៖ ក្រុមហ៊ុន​ពិបាក​ទទួលយក​​​ចំណាត់​ការ​បង់​ប្រាក់​៤៩​ដុល្លារ​សម្រាប់​ពលករ ចេញ​ទៅ​ធ្វើ​ការ​នៅ​ថៃ

ក្រសួង​ការងារ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ម្សិលមិញ​ថា ពលករ​កម្ពុជា​នឹង​ត្រូវ​បង់​ប្រាក់​សរុប ៤៩​ដុល្លារ ក្នុង​នោះ​មាន​ការ​ធ្វើលិខិត​ឆ្លងដែន, ការ​បំពេញ​ឯកសារ​ផ្សេងៗ​មាន​ទិដ្ឋាការ ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​អាហារ​ជា​ដើម។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស ​ចំនួន​៤។ ក៏​ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ពលករ​ចំណាក​ស្រុក មាន​ជំនឿ​ថា​ក្រុមហ៊ុន​នឹង​ប្រឈម​បញ្ហា​ជា​ច្រើន ដែលពិបាក​នឹង​ទទួល​យក​គោលការណ៍​នេះ​ណាស់។

លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ @Google
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​បញ្ចប់​ការ​ជជែក​ដេញដោល​គ្នា​ជាមួយនឹង​ផ្នែក​ពាក់ព័ន្ធ​នានា ជាពិសេស​ជាមួយ​នឹង​ទី​ភ្នាក់ងារ​នាំ​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​កិច្ច​ប្រជុំ​សម្រេច​រក​ឃើញ​ថា​ពលក​រម្នាក់​ៗ ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៤៩​ដុល្លារ ក្នុង​ការ​ទទួល​បាន​ភាព​ស្រប​ច្បាប់ ទៅ​ធ្វើ​ការ នៅ​ក្នុង​ប្រទេស​ថៃ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ នៅ​ប្រទេស​ថៃ​មួយ​ចំនួន បង្ហាញ​យោបល់​យល់​ស្រប ហើយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ពលករ​ចំណាក​ស្រុក ក៏​បាន​អបអរ​ផង​ដែរ ប្រសិន​បើ​យន្តការ​នេះ​ប្រព្រឹត្ត​​ទៅ​ដោយ​មាន​ការ​យោគយល់​គ្នា។ ក៏​ប៉ុន្តែ ​ជំនឿ​នៃ​ការ​ទទួល​យកបាន​ច្រើន​ពី​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស ហាក់​ដូច​ជា​មាន​តិចតួច​ណាស់។ នេះ​បើតាម​ការ​កត់​សម្គាល់ រប​ស់លោក យ៉ា ណា​វុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា។

លោក យ៉ា ណា​វុ​ធ ពន្យល់​ថា​តម្លៃ ៤៩ ដុល្លារ​វា​ពិបាក​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស ទទួល​យក​ណាស់ ព្រោះ​ថា​មុន​នឹង​បើក​ក្រុមហ៊ុន​ពួកគេ​ត្រូវ​តម្កល់​ប្រាក់១០ម៉ឺន​ដុល្លារ នៅ​ក្រសួង​ការងារ​កម្ពុជា រួម​នឹង​ការ​បើក​ការិយាល័យ​តាម​ខេត្ត​ក្រុង និង​ការចំណាយ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​សំបុត្រ​ស្នាម​ផ្សេង​ៗ គឺ​ពួកគាត់​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ទេ ហើយ​ទី​បញ្ចប់​នឹង​ឈាន​ទៅ​រក​ការ​បិទ​អាជីវកម្ម។

នាយក​អង្គការ​រូបនេះ​បន្ត​ថា យុទ្ធសាស្ត្រ​ដោះស្រាយ​បន្ទាន់​របស់​ក្រសួង​ការងារ​នៅ​ពេល​នេះ​វា​ជា​ការ​ពិបាក​ទទួល​យក​ពី​ក្រុមហ៊ុន ក៏​ប៉ុន្តែ​លើកលែងតែ​ករណី​ម្យ៉ាង គឺ​ប្រទេស​ទទួល​ពលករ​ដូច​ជា​ថៃ​ជា​ដើម​ ​សុខចិត្ត​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ​រួម​ទាំង​ចំណាយ​លើ​ការ​ពិនិត្យ​សុខភាព បណ្ណ​​អនុញ្ញាត​ការងារ​ផង ទៅ​ឲ្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​កាន់​ប្រទេស​ទាំង​នោះ។

ជាមួយ​គ្នា​នេះ​លោក អន ប៊ុន​ហាក់ ប្រធាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ថៃ TOP MAN POWER ក៏​បាន​បញ្ជាក់​ផងដែរ ពី​សំណូមពរ​របស់​ក្រសួង​ការងារ​កម្ពុជា​ទៅ​កាន់​និយោជក​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ចេញ​ចំណាយ​មួយ​ចំនួន ប្រសិន​បើ​ម្ចាស់​សហគ្រាស​ចង់​បាន​កំលាំង​ពលកម្ម​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ។ មាន​ន័យ​ថា ​​ក្រសួង​ការងារ​កម្ពុជា បាន​ចេញ​ថវិកា​មួយ​​ចំនួន ហើយ​និយោជក​នៅ​ប្រទេស​ថៃ​ ​ចេញ​មួយ​ផ្នែក​ទៀត។

សូមបញ្ជាក់ថា ​​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ជាមួយ​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​កាល​ពី​ម្សិលមិញ ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស ចំនួន​ជាង ៤០ ក្រុមហ៊ុន ដែល​ត្រូវ​បាន​ក្រសួង​ការងារ កំណត់​ឲ្យ​សម្របសម្រួល​ធ្វើ​បែបបទ ដល់​ក្រុម​ពលករ​ខ្មែរ​ស្របច្បាប់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ក្នុងនោះ ពលករ​ម្នាក់ ត្រូវ​បង់ប្រាក់​ចំណាយ​លើ​សេវា​សរុប ៤៩ ដុល្លារ រួម​មាន៖ បណ្ណ​​ពលករ កម្ពុជា ទៅធ្វើ​ការ​នៅ​បរទេស ចំនួន ១០ ដុល្លារ ថ្លៃ​លិខិត​ឆ្លង​ដែន ៤ ដុល្លារ ទិដ្ឋាការ​ការងារ នៅ​ស្ថានទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា ២០ ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត ១០ ដុល្លារ និង​ប្រាក់​អាហារ​តាម​ផ្លូវ​ធ្វើ​ដំណើរ ចំនួន ៥ ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ