អានតួអត្ថបទ
កម្ពុជា

តម្លៃ​លិខិត​ឆ្លង​ដែន​ សម្រាប់​ពលករ​ ត្រឹម​ ៤​ ដុល្លារ​ តែ​នី​តិវិធី​នៅ​តែ​លំបាក​

ប្រមុខ​រដ្ឋាភិបាល ទើបតែ​សម្រេច​បញ្ចុះតម្លៃ​ធ្វើលិខិត​ឆ្លងដែន សម្រាប់​ពលករ​ខ្មែរ ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ត្រូវ​បង់​ត្រឹមតែ ៤ ដុល្លារ សម្រាប់​ថ្លៃ​ថតរូប។ ប៉ុន្តែ​ពលករ​នោះ តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ ពោលគឺ​ត្រូវធ្វើ​តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ។ អង្គការ​ធ្វើការ​ខាង​ពលករ​ចំណាកស្រុក បានចាត់ទុក​នីតិវិធី ក្នុងការ​បំពេញបែបបទ ដើម្បី​ទទួលបាន​លិខិតឆ្លងដែន សម្រាប់​ពលករ​ខ្មែរ នៅតែ​លំបាក។ ដូច្នេះ​ប្រជាពលរដ្ឋ នឹង​បន្ត​ជ្រើស​យក​ការ​ចេញទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ខុសច្បាប់ ពិសេស​ទៅ​ប្រទេស​ថៃ។

RFI-Monika
ផ្សាយពាណិជ្ជកម្ម

អនុក្រឹត្យ ចុះ​ថ្ងៃទី២០មិថុនា ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​​ថា លិខិតឆ្លងដែន សម្រាប់​ពលករ ដែល​ត្រូវ​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់ នៅ​បរទេស ត្រូវ​បង់ប្រាក់​ចំនួន ៤ ដុល្លារ សម្រាប់​ថ្លៃ​ថតរូប។ ជា​វិធានការ ដើម្បី​បញ្ចៀស កុំ​ឲ្យ​ពលករ​ខ្មែរ ធ្វើ​ចំណាកស្រុក ចេញទៅ​ធ្វើការ​នៅ​បរទេស ដោយ​ខុសច្បាប់។

ប៉ុន្តែ​ប្រជាពលរដ្ឋ នៅ​ខេត្តបាត់ដំបង លោក សួន សុខន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ មិនអាច​ទៅសុំ​ធ្វើលិខិត​ឆ្លងដែន នៅ​សាខា​ខេត្តបាត់ដំបង ក្នុងតម្លៃ ៤ ដុល្លារ ដើម្បី​ចេញទៅ​ធ្វើការ​ស្របច្បាប់ នៅ​ប្រទេស​ថៃ​បានទេ។ ប៉ូលិស​នៅ​ការិយាល័យ​លិខិតឆ្លងដែន តម្រូវ​ឲ្យ​ពលករ ពល​ការិនី​ខ្មែរ ដែលមាន​បំណង​ចេញទៅ​ធ្វើការ​នៅ​បរទេស ត្រូវមាន​ភ្នាក់ងារ​ក្រុមហ៊ុន នាំទៅ ទើប​អាចធ្វើ​លិខិតឆ្លងដែន តម្លៃ ៤ ដុល្លារ​បាន។ តែ​លោក សួន សុខន អះអាងថា ប្រជា​ពល​រដ្ឋ​​​ភាគច្រើន មិន​ចង់​ទៅតាម​ភ្នាក់ងារ​ក្រុមហ៊ុន​ទេ ដោយសារតែ​ក្រុមហ៊ុន​គាបសង្កត់ និង​ដក​យក​​លិខិតឆ្លងដែន​ថែមទៀត នៅពេល​ទៅដល់​កន្លែងធ្វើកា​រ​នៅ​ប្រទេស​ថៃ។

លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ប្រជា​ពលករ អាចធ្វើ​លិខិតឆ្លងដែន ក្នុងតម្លៃ​បញ្ចុះ​ត្រឹមតែ ៤ ដុល្លារ ទាល់តែ​ពលករ​នោះ មានការ​បញ្ជាក់​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា​ពលករ​នោះ ពិតជា​ត្រូវ​ចេញទៅ​ធ្វើការ នៅ​បរទេស។

ចំណែក​លោក យ៉ា ណា​វុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា បានស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​កំណត់​ច្បាស់លាស់​ថែមទៀត លើ​បែបបទ សម្រាប់​ពលករ​ចេញទៅ​ធ្វើការ​ដោយ​ស្របច្បាប់។ រដ្ឋាភិបាល​ក៏ត្រូវ​បើកទូលាយ​ដល់​ពលករម្នាក់ៗ អាចធ្វើ​លិខិតឆ្លងដែន ក្នុងតម្លៃ ៤ ដុល្លារ ដោយ​មិនចាំបាច់​ឆ្លងកាត់​ក្រុមហ៊ុន​ភ្នាក់ងារ​នាំ​ពលករ​នោះទេ។ 

ក្នុងពេល​កន្លងមក រដ្ឋាភិបាល​បានសម្រេច​បញ្ចុះតម្លៃ​ធ្វើលិខិត​ឆ្លងដែន សម្រាប់​ពលករ មក​ត្រឹម​ជាង ២០ ដុល្លារ ប៉ុន្តែ​លោក​យ៉ាណា​វុ​ធ អះអាងថា ពលករ​ម្នាក់ ត្រូវ​ចំណាយ​តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ រហូតដល់​ជាង ១០០ ដុល្លារ ដោយ​មិនទាន់​គិតថ្លៃ​ពិនិត្យ​ឈាម ៤៥ ដុល្លារ និង​លិខិត​ឯកសារ​ផ្សេងទៀត មុននឹង​បានចេញ​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់ តាម​ភ្នាក់ងារ​ក្រុមហ៊ុន នៅក្រៅ​ប្រទេស។

នីតិវិធី​ស្មុគស្មាញ ហើយ​ពលករ​ត្រូវ​សងបំណុល​ក្រុមហ៊ុន​ភ្នាក់ងារ​ពលករ រហូតដល់​ត្រូវ​កាត់​ប្រាក់ខែ ១០ ខែ ហើយ​ត្រូវ​ក្រុមហ៊ុន​ដកហូត​លិខិតឆ្លងដែន ជាដើម​នោះ ត្រូវបាន​លោក យ៉ា ណា​វុ​ធ កត់សម្គាល់ថា នាំ​ឲ្យ​ពលករ​ខ្មែរ ងាក​មក​ធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ មិន​ស្របច្បាប់ ពិសេស​នៅ​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ