អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ឥណ្ឌា​និង​អាមេរិក៖រាត្រី​ទឹក​ឃ្មុំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​​និយាយ​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក។ 

ទង់ជាតិ​អាមេរិក និង​ឥណ្ឌា
ទង់ជាតិ​អាមេរិក និង​ឥណ្ឌា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​សង្គ្រាម​ត្រជាក់​បាន​ចប់​នៅ​ដើម​ទសវត្សរ៍​ទី​៩០​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់​ជាង​គេ​បង្អស់​មួយ​នៅ​អាស៊ី គឺ​រាត្រី​ទឹក​ឃ្មុំ​រវាង​ឥណ្ឌា ​និង​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ឥណ្ឌា​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​សម្ពន្ធ​មិត្ត​របស់សូវៀត។ គោល​ដៅ​ជា​បឋម​គឺ​ទប់​ទល់​នឹង​សម្ពន្ធភាព​រវាង​ប៉ាគីស្ថាន​និង​អាមេរិក​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០និង​គោលដៅ​ក្រោយ​មក​ទៀត​គឺ​ប្រឈម​មុខ​នឹងសម្ព័ន្ធភាព​រវាង​ប៉ាគីស្ថាន អាមេរិក​និង​ចិន ពី​ទសវត្សរ៍​ទី​៧០​រហូត​ដល់​ចុង​ទសវត្សរ៍​ទី​៩០។

 
គឺ​អាមេរិក​ទេ​តើ​ដែល​បាន​បោះ​ដៃ​មុន​គេ​ទៅ​ឱ្យ​ឥណ្ឌា ។ នៅ​ចុង​ទសវត្សរ៍​ទី​៩០ អាមេរិក​របស់​ប្រធានាធិបតី​ប៊ីល ក្លីនតុន (Bill Clinton) បាន​ផ្តើម​មើល​ឃើញ​ផល​ប្រយោជន៍​បី​យ៉ាង​នៃ​ការ​ខិត​ចូល​កៀក​ឥណ្ឌា។ ម្យ៉ាង​គឺ​ឥណ្ឌា​ជា​លិទ្ធិប្រជាធិបតេយ្យ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក។ ម្យ៉ាង​ទៀត ឥណ្ឌា​ក៏​ដូច​អាមេរិក​ដែរ ជា​ប្រទេស​ដែល​ប្រឆាំង​នឹង​​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ រី​ឯ​ម្យ៉ាង​ចុង​ក្រោយ​គឺ​ឥណ្ឌា​ជា​សត្រូវ​របស់​ចិន ម្ល៉ោះ​ហើយ​អាមេរិក​ត្រូវ​ការ​ឥណ្ឌា​ដើម្បី​ខ្ទប់​មហិច្ឆតា​តំបន់​និង​មហិច្ឆតា​អន្តរជាតិ​របស់​ចិន។

ម្ល៉ោះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០០០ Bill Clinton បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា។ កាល​ណោះ​គឺ​ជា​លើក​ទី​មួយ​បង្អស់​ហើយ​ក្នុង​អំឡុង​ពេល​ជិត​២០​ឆ្នាំ​ដែល​ប្រធានាធិបតី អាមេរិក​មួយ​រូប​បាន​ទៅ​ជាន់​ដី​ឥណ្ឌា។ ប៉ុន្មាន​ខែ​ក្រោយ​មក ដល់​វេន​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​សម័យ​នោះ​ម្តង គឺ​Vajpayee ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក។

ប្រធានាធិបតី ចូច ប៊ូស (Georges Bush) ដែល​បាន​ឡើង​កាន់​អំណាច​នៅ​ខែ​មករា​ឆ្នាំ​២០០១ បាន​បន្ត​នយោបាយ​របស់​Clinton​នៅ​ចំពោះមុខ​ឥណ្ឌា។ ​រហូត​ដល់​ឆ្នាំ​២០០១ ការ​ខិត​ចូល​ជិត​គ្នា​រវាង​ឥណ្ឌា​និង​អាមេរិក​បន្ត​ប្រព្រឹត្ត​ទៅ​បាន​រលូន​ល្អ ក៏​ដោយសា​តែ​ទំនាក់​ទំនង​រវាង​ប៉ាគីស្ថាន​និង​អាមេរិក​រអាក់​រអួល​ខ្លាំង។ កាល​ណោះ អាមេរិក​មិន ​ពេញ​ចិត្ត​នឹង​ឧត្តមសេនីយ៍​Musharraf​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​Nawar Sharif និង​បាន​ចេញ​មុខ​គាំទ្រ​របប​អ៊ីស្លាម​ជ្រុល​និយម​របស់​ពួក​តាលីបង់​(Taliban) នៅ​អាហ្វហ្កានីស្ថាន។

ឥណ្ឌា​វិញ​យល់​ភា្លម​ថា​ពី​អំណើះ​ត​ទៅ អាមេរិក​ទទួល​ស្គាល់​មហិច្ឆតា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង និង​ជួយ​លើក​ទឹក​ចិត្ត​ខ្លួន​ឱ្យ​លាត​សន្ធឹង​ឥទ្ធិពល ទៅ​កាន់​តំបន់​ផ្សេង​នៅ​អាស៊ី ដូច​ជា​នៅ​អាស៊ី​អាគ្នេយ៍​ជា​ដើម។ ធ្វើ​បែប​នេះ ទើប​ឥណ្ឌា​អាច​នឹង​ជួយ​អាមេរិក​ខ្ទប់​មហិច្ឆតា​ចិន​បាន។

*

ព្រឹត្តិការណ៍​មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១ ដើម​ដំបូង បាន​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក។ មូលហេតុ គឺ​មក​ពី​អាមេរិក​របស់​Bush​បាន​ទៅ​អូស​ទាញ​ប៉ាគីស្ថាន​មក​ជួយ​ខ្លួន​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន ហើយ​បាន​បើក​លទ្ធិភាព​ឱ្យ​រដ្ឋអំណាច​មិន​ស្រប​ច្បាប់​របស់​Musharraf វិល​ត្រឡប់​មក​កាន់​ឆាក​អន្តរជាតិ​វិញ។

នៅ​ចំពោះ​មុខ​សាមគ្គីភាព​ដ៏​រឹង​មាំ​ឡើង​វិញ​រវាង​អាមេរិក​និង​ប៉ាគីស្ថាន​នៅ​ក្នុង​សង្គ្រាម ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ឥណ្ឌា​ស្រងាក​ចិត្ត​ខ្លាំង។ ប៉ុន្តែ ក្រោយ​មក រដ្ឋបាល​Bush​បាន​ប្រឹងប្រែង​រក្សា​ឱ្យ​នៅ​ឋិតថេរ​ល្អ​ទំនាក់​ទំនង​ត្រីកោន​រវាង​ឥណ្ឌា-អាមេរិក-ប៉ាគីស្ថាន។
ជាក់​ស្តែង អាមេរិក​បាន​សម្រេច​ដក​ទណ្ឌកម្ម​ចេញ។ គឺ​ជា​ទណ្ឌកម្ម​ដែល​ហាម​មិន​ឱ្យ​លក់​អាវុធ​ដែល​អាមេរិក​បាន​ដាក់​ទៅ​លើ​ឥណ្ឌា​និង​ប៉ាគីស្ថាន ក្រោយ​ពី​ប្រទេស​បង​ប្អូន​គូ​សត្រូវ​ទាំង​ពីរ​នេះ​បាន​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​១៩៩៨​រួច​មក។

ទន្ទឹម​នេះ អាមេរិក​បាន​យក​ចិត្ត​ឥណ្ឌា។ ឧទាហរណ៍ជាក់ស្តែង អាមេរិក​បាន​ព្រម​ធ្វើ​និង​ព្រម​បង្កើន​សមយុទ្ធ​រួម​គ្នាជាមួយឥណ្ឌា ហើយនៅ​ឆ្នាំ​២០០៥ អាមេរិក​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​Open skies ដែល​បាន​បង្កើន​ទំនាក់​ទំនង​តាម​ផ្លូវ​អាកាស​ស៊ីវិល​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ឆ្នាំ​២០០៥​ដដែល​នោះ ឥណ្ឌា​និង​អាមេរិក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​យុទ្ធសាស្រ្ត នៅ​លើ
​វិស័យ​សហ​ប្រតិបត្តិការ​យោធា។ ប្រសើរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ផ្តើម​ចរចា​គ្នា​រវាង​ឥណ្ឌា​និង​អាមេរិក ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ស្តី​ពី​សហប្រតិបត្តិការ​នុយ​ក្លេអ៊ែរ​
ស៊ីវិល។ ហើយកិច្ច​ព្រមព្រៀង​នេះត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៨ និង​បាន​បើក​លទ្ធភាព​ឱ្យ​ឥណ្ឌា​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​និង​បរិក្ខារ​នុយក្លេអ៊ែរ​របស់​អាមេរិក សម្រាប់វិស័យ​​នុយក្លេអ៊ែរ​ស៊ីវិល។

កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​នេះ​ស្តែង​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មុតមាំ​របស់​អាមេរិក​ក្នុង​ការ​ទាក់ទាញ​ឥណ្ឌា​មក​ធ្វើ​សម្ពន្ធ​មិត្ត។ គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អាមេរិក​មិន​ដែល​ព្រម​លក់​បច្ចេក​វិជ្ជា​ស៊ីវិល​ទៅ​ឱ្យ​ប្រទេស​ណា​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ។ ហើយ​ឥណ្ឌា​មិន​មែន​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​នេះ​ឯ​ណា។

¨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​អាច​អះអាង​បាន​ទេ​ថា ឥណ្ឌា​បាន​បែរ​ទៅ​រក​អាមេរិក​១០០%។ ឥណ្ឌា​គ្រាន់​តែ​បាន​ប្តូរ​បន្ទាត់​នយោបាយ​ការ​បរទេស​របស់​ខ្លួន ដើម្បី​ប្រយោជន៍​ជាតិ​គេតែ​ប៉ុណ្ណោះ ដូច​ដែល​អតីតនាយក​រដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh ធ្លាប់​បាន​និយាយ នៅ​ឆ្នាំ​២០០៦​ថា«នៅ​លើ​វិស័យ​នយោបាយ​ការ​បរទេស គ្មាន​ឡើយ​មិត្ត​អចិន្ត្រៃយ៍​ហើយក៏​គ្មាន​ដែរ​សត្រូវ​យូរ​លង់។ មាន​តែ​ផល​ប្រយោជន៍​នៃ​ប្រទេស​ទេ​ដែល​មាន​លក្ខណៈ​អមតៈ​មិន​ចេះ​ប្រែ​ប្រួល​»។

និយាយ​រួម រាត្រី​ទឹក​ឃ្មុំ​រវាង​ឥណ្ឌា​និង​អាមេរិក ប្រហែល​ជា​មិនមាន​លក្ខណៈ​ធម្មជាតិប៉ុន្មាន​ទេ។

ឥណ្ឌា​ដែល​នៅ​ញញើត​ចិន​មិន​ទាន់​ហ៊ាន​ឬ​មិន​ទាន់​ចង់​តាំង​ខ្លួន​ជា​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​នៅ​ឡើយ​ទេ។ ពីព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ
អាមេរិក​កំពុង​បាត់បង់​បន្តិច​ម្តងៗ អំណាច​សេដ្ឋកិច្ច នយោបាយ និង​យោធា​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ដែល​ចិន​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង ទឹក​មាត់​ប្រៃ​និង​ជំហរ​កោង​កាច​ជាង​មុន ជា​ពិសេស​នៅ​អាស៊ី​តែ​ម្តង។ នៅ​ក្នុង​បរិបទ​មួយ​មិន​ជាក់​លាក់​បែប​នេះ ឥណ្ឌា​យល់​ឃើញ​ថា ការ​ចូល​ដៃ​ជាមួយ​អាមេរិក​ដើម្បី​ខ្ទប់​អំណាច​របស់​ចិន ជា​ការ​មួយ​ប្រថុយ​ប្រថាន​ខ្លាំង។

ដោយ​ឡែក ចុង​ក្រោយ​នេះ ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក​ក៏​បាន​ផ្តើម​ធ្លាក់​ចុះ​ដុន​ដាប​ដែរ ដោយហេតុតែ​រឿង​រ៉ាវ​មួយ​ចំនួន។ រឿងរ៉ាវ​ទី​មួយ គឺ​នៅ​ឆ្នាំ​២០១៣ អាជ្ញាធរ​
អាមេរិក​នៅ​ញូវយ៉ក​(New York) បាន​ចាប់​ខ្លួន​អ្នក​ការទូត​ឥណ្ឌា​ម្នាក់​ដោយ​ចោទ​ប្រកាន់​ពី​រឿង​ធ្វើ​បាប​អ្នក​បម្រើ​ក្នុង​ផ្ទះ។ រឿងរ៉ាវ​ទី​ពីរ គឺ​ការ​បែក​ធ្លាយ​ព័ត៌មាន​ដែល​ថា​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​លួច​ស្តាប់​ក្រុម​អ្នក​ការទូត​ឥណ្ឌា​នៅ​អង្គការ​សហប្រជាជាតិ​និង​បាន​លួច​ស្តាប់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ជាតិ​ហិណ្ឌូ។ នៅ​ក្នុង​ន័យ​នេះ ការ​ដែល​ប្រធាន​គណបក្ស​ជាតិ​ហិណ្ឌូ គឺ​លោក​ណារិនដ្រា ម៉ូឌី(Narendra Modi) បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​មក នឹង​អាច​បណ្តាល​ឱ្យ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ឥណ្ឌា​ស្គាល់​ភាព​រអាក់​រអួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ