អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ប្រកាស​មិន​លើក​លែង «អ្នក​ញុះ​ញង់» និង​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ញុះញង់​និង​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​មិន​ត្រូវ​បាន​លើក​លែង​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ​។ បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​សំដៅ​ចំពោះ​ករណី​ណា​មួយ​ក៏​ដោយ ក៏​ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក៏​បាន​បន្ត​នីតិវិធី​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ការ​ចរចា ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​។

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក។
លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ចន្ទ​ទី​៤​សីហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អ្នក​ដែល​ញុះញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា និង​អ្នក​ប្រព្រឹត្ត​ហិង្សា មិន​ត្រូវ​បាន​លើក​លែង​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​។ សេចក្តី​ថ្លែង​ការណ៍​បែប​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​។

ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​នេះ​៧​នាក់ និង​សកម្មជន​ម្នាក់​ទៀត ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី ២២​កក្កដា​នោះ ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​ដែរ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​សង្គម​ស៊ីវិល​ខ្លះ​ចាត់​ទុក​ថា ជា​សម្ពាធ​នយោបាយ​ថ្មី​ទៀត​ទៅ​លើ​គណបក្ស​ប្រឆាំង ខណៈ​ដែល​គណបក្ស​នេះ​នៅ​កិកកុក មិន​ព្រម​ចូល​សភា​តាម​ការ​សន្យា​នៅ​ឡើយ​។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា ចំណាត់​ការ​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ទេ​។ យ៉ាង​ណា​ក៏​ដោយ កម្តៅ​នយោបាយ​ហាក់​កំពុង​ឆាប​ឆេះ​ឡើង​វិញ​។ បញ្ហា​ខ្ទាស់​ចុង​ក្រោយ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​បញ្ចូល​ក្នុង​មាត្រា​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​អំពី​ស្វ័យភាព​របស់ គ.ជ.ប និង​ការ​ចែង​អំពី​ការ​ជំនួស​សមាជិក​ថ្មី ក្នុង​ករណី​ដែល​សមាជិក​ណា​ម្នាក់​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​។

ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ ក្រោម​ហេតុផល​ថា វាជា​ចំណុច​លម្អិត ដែល​មិន​គួរ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។ នេះ​បើ​យោង​តាម​លិខិត​ឆ្លើយ​តប​របស់​លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​សីហា​។ ភ្លាម​ៗ​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ​។

យ៉ាង​ណា​ក៏​ដោយ គេ​រំពឹង​ថា ស្ថានការណ៍​អាច​វិល​ទៅ​រក​ភាព​ធូរ​ស្រាល​វិញ ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​អំពី​រឿង​នយោបាយ ជា​ពិសេស​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ