អានតួអត្ថបទ
កម្ពុជា

ពិធី​បុណ្យ​​អុំ​ទូក​​ថ្ងៃ​ទី​​មួយ ​ចាប់​ផ្តើម​​ជា​​ផ្លូវ​ការ​

ថ្ងៃ​ពុធ ទី​០៥ វិច្ឆិកា​នេះ គឺ​ជា​ថ្ងៃ​ទី​មួយ​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ។ ក្នុង​ថ្ងៃ​ទី​មួយ​នេះ ការ​ប្រណាំងទូក បាន​ចាប់​ផ្តើម​ឡើង​ជា​ផ្លូវការ នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក។  ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​មាន​រយៈពេល​បី​ថ្ងៃ បាន​អង្រួន​រាជធានី​ភ្នំពេញ​សារ​ជា​ថ្មី​ក្រោយពី​អវត្តមាន​បី​ឆ្នាំ​ជាប់​ៗ​គ្នា។

ទិដ្ឋភាព​ពិធីប្រណាំងទូកងនៅកម្ពុជា កាលពីពេលកន្លងទៅ។
ទិដ្ឋភាព​ពិធីប្រណាំងទូកងនៅកម្ពុជា កាលពីពេលកន្លងទៅ។ ©​ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ ការ​ប្រណាំងទូក បាន​ចាប់​ផ្តើម​ធ្វើ​ជា​ផ្លូវ​ការ។ ឆ្នាំ​នេះ មាន​ទូក​ចំនួន ២៤៨ ទូក​បាន​ចុះបញ្ជី​ចូលរួម​ប្រកួត ប៉ុន្តែ​ជាក់​ស្តែង មាន​ទូក​តែ ២៤៥ ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ចូលរួម​ប្រកួត ដោយសារ​ទូក​បី​ទៀត​បាន​អវត្តមាន។

យ៉ាងណាក៏ដោយ នៅ​ក្នុង​ពិធីបុណ្យ​អុំ​បុណ្យ​ឆ្នាំ​នេះ ទូក​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​តិច​ជាង​កាល​ពី​ឆ្នាំ ២០១០ ដែល​កាល​ណោះ​មាន​ទូក​ចំនួន ៤២១​ទូក បាន​ចូលរួម។ លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា និង ជា​ប្រធាន​គណៈ​មេ​ប្រយោគ​នៃ​ការ​ប្រណាំងទូក​នេះ បាន​ឲ្យ​ដឹង​មុន​ពិធី​ប្រណាំង​ចាប់​ផ្តើម​ថា មូលហេតុ​ដែល​ទូក​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ មាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១០ គឺ​ដោយសារ​តែ ពិធីបុណ្យ​អុំទូក​បាន​អាក់ខាន​យូរ​ដែល​ធ្វើ​ឲ្យ​ការត្រៀម​លក្ខណៈ មិន​បាន​ល្អ​ទើប​ទូក​មួយ​ចំនួន​ខកខាន​មិន​បាន​ចូលរួម។
ចំណែក​ទូក​ខ្លះ​មាន​សភាព​ចាស់ មិន​អាច​ប្រកួត​បាន និង​ម្យ៉ាង​ទៀត គឺ​ដោយសារ​យុវជន​ដែល​ជា​កម្លាំង​អុំទូក​មួយ​ចំនួន បានធ្វើ​ចំណាក​ស្រុក។

បើ​តាម​លោក​ប៊ូ ជុំ​សេរី ចម្ងាយ​នៃ​ការ​ប្រណាំង​ទូក​នៅ​ឆ្នាំនេះ មាន​ប្រវែង ១៧០០​ម៉ែត្រ ហើយ​ការ​ប្រណាំងទូក​ចាប់ផ្តើម​ពី​ម៉ោង១១ ដល់​ម៉ោង ៥ ល្ងាច ដោយ​ប្រណាំង​ពីរ​ជើង​ក្នុង​មួយថ្ងៃ។
អាជ្ញាធរ បាន​ប៉ាន់​ស្មានថា បុណ្យអុំទូក​ឆ្នាំនេះ​នឹងមាន​អ្នក​មក​កម្សាន្ត​ប្រមាណ​ពីរ​លាន​នាក់ ខណៈ​ដែល​កីឡា​ករ កីឡាការិនី​ចំណុះ​ទូក​មាន​ចំនួន​១​ម៉ឺន​៧​ពាន់​៤២១នាក់។ ជាមួយគ្នានេះ ព្រះបាទ សម្តេច​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចម៉ែ​បាន​ប្រោស​ប្រទាន ដល់​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ក្នុង​ម្នាក់​ក្រមា​មួយ និង បាន​ប្រទាន​ថវិកា​ចំនួន​២​សែន​រៀល​ដល់​ទូកនីមួយៗផងដែរ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ឆ្នាំ​ជាប់​ៗ​គ្នា ដោយសារ​មាន​ហេតុការណ៍​ជាន់គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ បញ្ហា​ទឹកជំនន់ និង ពេល​ដែល​ព្រះមហាវីរក្សត្រ សម្តេច នរោត្តម​សីហនុ យាង​សោយ​ទិវង្គត។
ពិធី​បុណ្យ​អុំទូក​ឆ្នាំ បាន​ប្រព្រឹត្តទៅ​ក្រោម​កា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ