អានតួអត្ថបទ
កម្ពុជា

ស្រោម​​អនាម័យ ​២៥​​ម៉ឺន​​ស្រោម នឹង​​ត្រូវ​​ចែក​​ជូន​​ឥត​​គិត​​ថ្លៃ អំឡុង​​ពេល​​បុណ្យ​​អុំ​​ទូក​

ស្រោមអនាម័យចំនួន​២៥​ម៉ឺន​ស្រោម នឹង​ត្រូវ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ដល់ប្រជាពលរដ្ឋ​ដែលអញ្ជើញ​ចូល​រួម​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ​។ យុទ្ធនាការ​នេះ រៀប​ចំ​ដោយ​​គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍​។ ជា​យុទ្ធនាការ ដែល​ធ្វើ​ឡើង​ក្នុង​គោលដៅ​ ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍​ នៅ​ក្នុង​ពេល​បុណ្យ​អុំទូក​។

ស្រោម​អនាម័យ​ស្ត្រី​ (ឆ្វេង) និង​ស្រោម​អនាម័យ​បុរស។
ស្រោម​អនាម័យ​ស្ត្រី​ (ឆ្វេង) និង​ស្រោម​អនាម័យ​បុរស។
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ ​នឹង​ជំងឺ​អេដស៍ ហៅ​កាត់​ថា HACC សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចែក​ស្រោម​អនាម័យ ដោយ​ឥត​គិត​ថ្លៃ ចំនួន​២៥​ម៉ឺន​ស្រោម ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចូល​រួម​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ នៅ​រាជធានី​ភ្នំពេញ។ ជា​យុទ្ធនាការ ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ខាង​មុខ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដែល​វិទ្យុ​បារាំង​ទើប​តែ​ទទួល​បាននៅ​ថ្ងៃ​ពុធ​នេះ។

មនុស្ស​ជាង ៥​លាន​នាក់ ត្រូវ​បាន​រំពឹងថា​នឹង​ធ្វើ​ដំណើរ​មក​ក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​បុណ្យអុំទូក​នៅ​ឆ្នាំនេះ។ ខណៈ​កីឡាករ​ប្រណាំងទូក និង​អ្នក​ចូល​រួមមក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ ​ភាគច្រើន​ជា​បុរស និង​ទំនង​ជា​ស្វែង​រក​សេវា​ផ្លូវភេទ គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​អង្គការ​ដៃគូ បាន​បង្ហាញ​ពី​ក្ដី​​បារម្ភ​។ បារម្ភ​ អំពី​​កង្វះ​ការ​​យល់ដឹង​ពី​បញ្ហា​ជំងឺអេដស៍ និង​បារម្ភ​ថា ​ការ​រួមភេទ​ដោយ​មិនបាន​ការពារ​ត្រឹម​ត្រូវ នឹង​អាច​បង្ក​​ឲ្យ​មាន​ការឆ្លង​ថ្មី។

ជាមួយ​គ្នា​នេះ អ្នក​ស្ម័គ្រ​ចិត្ត​ជាង​៣០០​នាក់ មក​ពីអង្គការ RHAC, Mith Samlanh,KHANA, CHEC, ACTED-PSF និង CWDA ក៏​ត្រៀម​ធ្វើ​យុទ្ធនាការ​អប់រំ និង​ជំរុញ​ឲ្យអ្នក​ចូលរួម​ធ្វើ​តេសន៍​ឈាម​ចុង​ម្រាម​ដៃ ដើម្បី​រក​មេរោគអេដស៍ នៅ​តាម​តំបន់​ប្រឈម​មួយ​ចំនួន​ដូច​ជា បៀរហ្គាដិន រង្គសាល និង​ហាង​ខារ៉ាអូខេ​នានា​ផង​ដែរ។

ក្រៅ​ពី​ចែក​ចាយ​ស្រោមអនាម័យ និង​អប់រំ​សុខភាព គណៈកម្មការ​សម្រប​សម្រួល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នឹង​រៀបចំការប្រគុំតន្ដ្រី​រយៈ​ពេល​៣​ថ្ងៃ នៅ​ជិត​សណ្ឋាគារ​សុខា ទល់​មុខព្រះ​បរម​រាជវាំង ដោយមាន​ការ​ចូល​រួមពី​តារា​ចម្រៀង សិល្បករ-សិល្បការិនី​ល្បី​ៗ។ ក្រុម​សម្ដែង​របស់​អង្គការ​សង្គម​ស៊ីវិល ក៏​នឹង​ចូល​រួមសម្ដែង ដើម្បី​បង្ហាញ​សារ​អប់រំ​ពីជំងឺអេដស៍​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ