អានតួអត្ថបទ
កម្ពុជា

ចៅ​ក្រម​​ស៊ើប​សួរ ​នឹង​​សម្រេច​​ពី​​ការ​ស្នើ​​នៅ​ក្រៅ​​ឃុំ​​របស់​លោក​ មា​ជ សុវណ្ណារ៉ា

មេធាវី​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្សប្រឆាំង នឹងដាក់​លិខិត​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ពុធនេះ ​ដើម្បី​សុំ​ឲ្យ​កូន​ក្តី​លោក​បាន​នៅក្រៅ​ឃុំ។ ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ទទួល​លិខិត​ផ្តល់​យោបល់​មួយ​ច្បាប់​ពី​ក្រសួងយុត្តិធម៌ ដោយ​អះអាង​ថា ការ​ឃាត់​ខ្លួន​លោក មា​ជ សុវណ្ណារ៉ា បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិ​វិធី​ច្បាប់។ ជាមួយគ្នា​នេះ ក្រសួង​មហាផ្ទៃ កំពុង​ព្រាង​លិខិត​មួយ ផ្ញើ​ទៅ​កាន់​លោក​សម រង្សី ឆ្លើយ​តប ចំពោះ​ការ​ស្នើ​សុំ​អន្តរាគមន៍ របស់​លោក កាល​ពី​សប្តាហ៍​មុន។

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ។ @Facebook Meach Sovannara
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេធាវី​លោក មា​ជ សុវណ្ណារ៉ា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹង​ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​នេះ ដើម្បី​សុំ​ឲ្យ​កូនក្តី​របស់​លោក បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។ លោក​ហែម សុជាតិ មេធាវី​មួយ​រូប ការពារ​ក្តី​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា លោក​មាន​សុទិដ្ឋិនិយម​​ពី​ការស្នើ​សុំ​នេះ ដោយ​សារ​កូន​ក្តី របស់​លោក​មិន​បាន​ប្រព្រឹត្តិ​បទល្មើស​អ្វី​ឡើយ។ ដូច្នេះ​តុលាការ​មិន​មាន​អ្វី​ត្រូវ​បន្ត​ការ​ស៊ើបសួរ​អ្វី​ទៀត​ទេ។ 

លោក​មេធាវី នៅ​តែ​អះអាង​ថា ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា គឺ​ជា​រឿង​នយោបាយ ដូចជា​ករណី​អ្នក​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​កន្លងមក​ដែរ។

កាល​ពី​ថ្ងៃ​ទី​ ១៨​ខែ​វិច្ឆិកា​ម្សិលមិញ ក្រសួង​យុត្តិធម៌ បាន​ធ្វើ​ការ​ឆ្លើយតប ទៅ​ក្រសួង​មហាផ្ទៃ ទាក់ទង​ទៅ​នឹង​សំណើ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​បញ្ចប់​នីតិវិធី និង​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក មា​ជ សុវណ្ណារ៉ា បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​លិខិត​នេះ ទៅ​ឲ្យ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​កន្លង​ទៅ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ប្រាប់ RFI នៅ​ថ្ងៃ​នេះ​ដែរ​ថា លោក ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​ឲ្យ​ធ្វើ​លិខិត​ទៅ​កាន់​លោក សម រង្សី វិញ​ដោយ​ស្រប​តាម​ការ​ផ្តល់​យោបល់ ពី​ក្រសួង​យុត្តិធម៌​ថា​ជា​នីតិវិធី​ច្បាប់​សុទ្ធសាធ។

លោក ខៀវ សុភ័គ បន្ត​ខ្លឹម​សារ​ក្រសួង​យុត្តិធម៌ ខណៈ​ដែល​ក្រសួងមហាផ្ទៃ កំពុង​ព្រាង​លិខិត​ទៅ​លោក​សម រង្សី​ថា ការ​ឃាត់​ខ្លួន​លោក មា​ជ សុវណ្ណារ៉ា បាន​ធ្វើ​ឡើង ដោយ​អនុវត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។ ករណី​នេះ លោក មា​ជ សុវណ្ណារ៉ា មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ របស់​តុលាការ។ រី​ឯ​សិទ្ធិ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ចៅក្រម​ស៊ើបសួរ។

សូម​បញ្ជាក់​ថា លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ក្រោម​បទ​ចោទ ដឹកនាំ​ឲ្យ​មានការ​បះបោរ ញុះញង់​អ្នក​ដទៃ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ញុះញង់ ឲ្យ​មាន​ហិង្សា ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ខណៈ​គាត់​បាន​ចូលរួម នៅ​ក្នុង​ការ​តវ៉ា កាល​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ