អានតួអត្ថបទ
កម្ពុជា

ក្រុម​​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​លុបចោល​​សន្ធិ​សញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ តែ​មន្ត្រី​ជំនាញ ស្នើ​ឲ្យ​រៀន​សូត្រ​ពី​ច្បាប់​អន្តរជាតិ​ឡើង​វិញ​

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​សហព័ន្ធសហជីព រួម​ទាំង​ក្រុម​តំណាងក្រុម​យុវជន ចំនួន​១៤ នៅព្រឹក​ថ្ងៃទី ១៩​វិច្ឆិកា​នេះ បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ទាំង ១២៣​រូប ក្នុង​រដ្ឋសភា ពិចារណា​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ សន្និសីទ ដែល​បាន​ធ្វើ​ឡើង នៅភោជនីយដ្ឋាន​ទន្លេ​បាសាក់ បាន​អះអាង​ថា ដោយ​សារ​តែ​សន្ធិសញ្ញា​ឆ្នាំ​២០០៥​នេះ ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​ឃ្លាំ​មើល ស្រាវជ្រាវ​ពី​ច្បាប់​អន្តរជាតិ​ឡើងវិញ និង​បង្ហាញ​ទឡ្ហីករណ៍​ជាក់លាក់។

សន្និសីទកាសែត របស់ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា នៅព្រឹក​ថ្ងៃទី ១៩វិច្ឆិកា ឆ្នាំ ២០១៤។
សន្និសីទកាសែត របស់ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា នៅព្រឹក​ថ្ងៃទី ១៩វិច្ឆិកា ឆ្នាំ ២០១៤។ RFI/Suong Sokpheary
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ទទួច​ឲ្យ​រដ្ឋសភា ដែល​បច្ចុប្បន្ន​មាន​តំណាងរាស្រ្ត ១២៣​រូប​នោះ ត្រូវ​តែពិចារណា​ឡើង​វិញ គិតគូរ​ពី​ការ​លុបចោល​នូវ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ដែល​ត្រូវ​បាន​ផ្តល់​សច្ចាប័ន និង​ប្រកាស​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ ២០០៥។ ជា​សន្ធិសញ្ញា ដែល​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នេះ អះអាង​ថា ប៉ះពាល់​ដល់​បូរណភាព​ទឹកដី កម្ពុជា ដោយសារ​ការ​លួច​យក​ដី តាម​រយៈ​ការ​បោះបង្គោល​ព្រំដែន ពី​សំណាក់​ភាគី​វៀតណាម​ជាប្រទេសជិត​ខាង។ 

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា ក្រុម​របស់​លោក បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន នៅស្រុករំដួល​ ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី ១៦​វិច្ឆិកា​ថ្មី​ៗ​នេះ ហើយ​បាន​រក​ឃើញ​ថា ទឹក​ដីខ្មែរ បាន​បាត់បង់​ចូលទឹក​ដីវៀតណាម ពី ១០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ ត្រង់​ចំណុច​ធ្មេញ​រណា បង្គោល​លេខ ១៤៧, ១៤៨។

លោក​រ៉ុង ឈុន បាន​បន្ត​ថា លោក​មាន​សាក្សី​រស់ ពី​ពលរដ្ឋ ថា​ភាគី​វៀតណាម បាន​បោះ​បង្គោល​​ជាន់​​លើដី​បញ្ចុះ​សព​ដូនតា និង​ដី​ចម្ការ​របស់​ពួក​គេ​ទៀត។ ដូច្នេះ​ក្រុម​សហព័ន្ធ​សហជីព​ និង​តំណាងយុវជន បាន​ចេញ​លិខិត​ចំហ ទៅ​កាន់​រដ្ឋសភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ពិចារណា​ឡើង​វិញ ចំពោះ​សន្ធិសញ្ញា ដែល​ផ្តល់ប្រយោជន៍​បូរណភាព​ទឹក​ដី​ច្រើន ទៅ​កាន់​វៀតណាម​នេះ។

ផ្ទុយ​នឹង​ការ​លើក​ឡើង​នេះ លោក ​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​ចាត់ទុកថា ការអះអាង និង​ស្នើ​សុំ​នេះ គឺ​ខ្វះ​ការ​ស្រាវជ្រាវ​ពិត​ប្រាកដ ថែម​ទាំង​មិន​បាន​ស្វែង​យល់​ពី​សន្ធិសញ្ញាអន្តរជាតិ​ឲ្យ​បាន​ច្បាស់លាស់​ទៀតផង។ លោក​បាន​បន្ត​ថា សន្ធិសញ្ញា​នេះ គឺ​ត្រឹម​ត្រូវ និង​បាន​ការ​ទទួលស្គាល់​ពិត​ប្រាកដ ពី​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ