អានតួអត្ថបទ
កម្ពុជា

សាលាឧទ្ធរណ៍​បន្ថយ​ទោស​លើ​សកម្មជន​ដីធ្លី​ លើក​លែង​តែ​អ្នកស្រី​​ទេព វន្នី ​និង​អតីត​ព្រះសង្ឃ ​សឺន ហាយ

ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៦មករា​នេះ បានសម្រេច​កាត់បន្ថយ​ទោស​ជាប់ ពន្ធនាគារ លើ​ស្ត្រី​សកម្មជន​ដីធ្លី ពី​ទោស​ជាប់ពន្ធនាគារ ១ ឆ្នាំ មក​នៅត្រឹម ៦ ខែ ទៅ ១០ ខែ។ ក្នុងនោះ ប្រាក់​ពិន័យ ក៏​ត្រូវបាន​កាត់បន្ថយ​ពី ២ លាន​រៀល ក្នុងម្នាក់ៗ មក​នៅត្រឹម ១ លាន ទៅ ១ លាន ៥ សែន​រៀល។ ប៉ុន្តែ​អ្នកស្រី ទេព វ​ន្នី និង​អតីត​ព្រះសង្ឃ សឺន ហាយ គឺ​ចៅក្រម​តម្កល់​សាលក្រម ទោស​ជាប់ពន្ធនាគារ ១ ឆ្នាំ​ដដែល។

ស្ត្រី​សកម្មជន​ដីធ្លី​ នៅក្នុងការកាត់ទោសនៅសាលាឧទ្ធរ នាថ្ងៃទី ២៦ មករា ឆ្នាំ ២០១៥
ស្ត្រី​សកម្មជន​ដីធ្លី​ នៅក្នុងការកាត់ទោសនៅសាលាឧទ្ធរ នាថ្ងៃទី ២៦ មករា ឆ្នាំ ២០១៥ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សម្រែក​របស់​ស្ត្រី​សកម្មជន​ដីធ្លី និង​អតីត​ព្រះសង្ឃ បាន​លាន់លឺ​កងរំពង ពេញ​បន្ទប់​សវនាការ និង​បរិវេណ​តុលាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៦មករា។ នោះ​គឺ​សកម្មជន​ដីធ្លី ៥ នាក់ រួមមាន គង់​ចន្ថា បូរឆវី នង​ស្រេង ផាន់​ឈុន​រ៉េត និង​សុខ​ស្រី​លាភ ជាប់ពន្ធនាគារ ១០ ខែ និង​ពិន័យ ១,៥ លាន​រៀល។ ចំណែក​លោកយាយ ង៉ែត ឃុន ហៅ​ហាយ​ម៉ាំ​មី ជាប់ពន្ធនាគារ ៦ ខែ និង​ពិន័យ ១ លាន​រៀល។ រីឯ​អ្នកស្រី ទេព វ​ន្នី នៅជាប់​ទោស ១ ឆ្នាំ​ដដែល និង​ត្រូវ​បង់ប្រាក់​ពិន័យ ១,៥ លាន​រៀល។

ដោយឡែក​អតីត​ព្រះសង្ឃ សឺន ហាយ ត្រូវ​ចៅក្រម សម្រេច​តម្កល់​សាលក្រម​ដដែល គឺ​ជាប់ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ ២ លាន​រៀល។ រីឯ​ស្ត្រី ៣ នាក់​ទៀត រួមមាន៖ អ៊ឹម ស្រី​ទូច ហេង ពេជ្រ និង ភួង សុភាព ជាប់ពន្ធនាគារ ១០ ខែ និង​ពិន័យ​ជា​ប្រាក់ ១,៥ លាន​រៀល។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ ដែល​បាន​តាមដាន​សំណុំរឿង​ក្តី​នេះ បានចាត់ទុក​សាលក្រម​របស់​តុលាការ​សាលាឧទ្ធរណ៍ ថា​ជា​សាលក្រម​បែប​នយោបាយ និង​មាន​ចរិក​បែប​គំនុំ​ពី​អាជ្ញាធរ​លើ​អ្នក​តវ៉ា​ដីធ្លី។

លោក អំ សំអាត បាន​បញ្ជាក់ថា “សាលក្រម​នេះ ជា​សាលក្រម​បែប​ចរិក​នយោបាយ មិនមែនជា​សាលក្រម​ដោយ​អង្គហេតុ អង្គច្បាប់ និង​គតិយុត្តិ​ទេ។ អីចឹង បើ​សាលក្រម​សម្រេច​ឈរលើ​បែប​នយោបាយ​ដូច្នេះ គឺ​ប្រជាពលរដ្ឋ​នឹង​ត្រូវតែ​រងគ្រោះ​ជា​បន្ត ហើយ​យើង​មើលទៅ​ចរិក​នៃ​សាលក្រម​នេះ ក៏​បង្កប់​ដោយ​ការ​គំនុំ។ អានេះ គឺ​ដោយសារ​ការ​គំនុំ​ពី​អាជ្ញាធរ​ចំពោះ​អ្នក​ទាំងអស់នេះ ដែល​ធ្វើ​ការតវ៉ា​ជា​ញឹកញាប់។

ដោយឡែក លោកស្រី សាម សុគន្ធា មេធាវី​សកម្មជន​ដីធ្លី បាន​សម្តែង​ការខកចិត្ត ហើយ​ប្រកាស​ប្តឹង​សារទុក្ខ បន្តទៅ​កាន់​តុលាការ​កំពូល។

ស្ត្រី​សកម្មជន​ដីធ្លី ៧ នាក់ ត្រូវបាន​ចាប់ខ្លួន នៅមុខ​សាលា​រាជធានី​ភ្នំពេញ នៅពេល​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ នៅ​សហគមន៍​បឹងកក់ កាលពី​ថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៤។ មួយថ្ងៃ​ក្រោយមក អតីត​ព្រះសង្ឃ សឺន​ហាយ និង​ស្ត្រី​សកម្មជន​ដីធ្លី ៣ នាក់ ត្រូវ​ចាប់ខ្លួន ពេល​តវ៉ា មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ទាំង ១១ នាក់​នោះ ត្រូវបាន​តុលាការ​សាលាដំបូង សម្រេច​ផ្តន្ទាទោស​ភ្លាមៗ ដាក់​ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល ក្នុងម្នាក់ៗ ពីបទ​បិទផ្លូវ បង្ក​ការរាំងស្ទះ​ចរាចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ