អានតួអត្ថបទ
កម្ពុជា

បក្ស​កាន់​អំណាច​ បញ្ចូល​​​យុវជន​ជាង​៣០០​នាក់​ក្នុង​គណៈកម្មាធិការកណ្តាល​

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​មិញ​នេះ​។ ​នៅ​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​នោះ​ ​ក្រៅ​ពី​ផ្តោត​សំខាន់​លើ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បញ្ចូល​បន្ថែម​កម្លាំង​ថ្មី​ដែល​ភាគ​ច្រើន​​ជា​ក្រុម​យុវជន​ចំនួន​៣០៦​នាក់​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ផង​ដែរ​។​

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា
មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺជា​លើកទីមួយ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​បញ្ចូល​សមា​ជិ​ក​ថ្មី​ចំនួន​ដល់​ទៅ៣០៦រូប​ដែល​ភាគច្រើន​ជា​ក្រុមយុវជន បន្ថែម​ពីលើ​សមាជិក​ចាស់​ដែលមាន​ស្រាប់​នៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​ល​របស់ខ្លួន។ គិត​ទាំង​ចំនួន​ថ្មី​នេះ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​ចំនួន​ដល់​ទៅ៥៤៥នាក់។ ក្នុងនោះ​សមាជិក​មាន​វ័យ​ក្រោម៥០ឆ្នាំ មាន​ចំនួន​ជាង២២ភាគរយ និង សមាជិក​មាន​វ័យ​លើសពី៦០ឆ្នាំមាន​ចំនួន​ប្រមាណ​ជាង៣២ភាគរយ។

លោក​ខៀវ កាញារិទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេច​បញ្ចូល​ក្រុមយុវជន​ជា​សមាជិក​ថ្មី​នោះ​ថា គឺ​ដោយសារ​សមាជិក​ខ្លះ​មាន​វ័យចាស់​ជរា និង​ខ្លះទៀត​បានទទួល​មរណៈភាព។ ហើយ​ម្យ៉ាងទៀត យុវជន​ថ្មី​ទាំងនោះ​នឹងធ្វើ​ការ​ជាមួយ​យុវជន​ផ្សេងទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​កាន់​ច្រើន​ពី​សំណាក់​យុវជន។

ជាមួយគ្នានេះ លោក​ខៀវ កាញារិទ្ធ បានបញ្ជាក់​បន្ថែមថា ក្រុមយុវជន​ថ្មី​ទាំងនោះ មាន​គ្រប់​សមាសភាព​ទាំងអស់ ពោលគឺ​មាន​ទាំង​សាច់ញាតិ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង ក្រុមយុវជន​ទូទៅ។ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លុបឈ្មោះ​សមាជិក​ចាស់​មួយចំនួន​ចេញពី​គណៈកម្មាធិការ​របស់ខ្លួន​ផងដែរ ក្នុងនោះ ២៧រូប បានទទួល​មរណៈភាព បណ្តេញ​ចេញពី​គណបក្ស១ រូប និង​លាលែង​ដោយសារ​បញ្ហា​សុខភាព១រូប។ បើតាម​លោក ខៀវ កាញារិទ្ធ សមាជិក​ដែល​បណ្តេញ​ចេញពី​បក្ស​នោះ គឺ​ដោយសារតែ​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​របស់​គណបក្ស។

យ៉ាងណាក៏ដោយ ក្រៅពី​កែសម្រួល​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន នៅក្នុង​មហាសន្និបាត​រយៈ​វិសាមញ្ញ​នោះដែរ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​សម្រេច​នូវ​ចំណុច​ជាច្រើន​ទៀត​ដូចជា​លើក​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​សម្រាប់​ឆ្នាំ២០១៥ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត។ ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស  ជំរុញ​ការធ្វើកំណែទម្រង់​បក្ស និង រក្សា​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ ២២ កក្កដា ២០១៤ ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហការ​អន្តរជាតិ ដើម្បី​ការពារ​សន្តិភាព និង ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក ។

សូមបញ្ជាក់ថា មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ​កន្លះ ដោយ​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃ​សុក្រ និង ទើបបាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។ មហាសន្និបាត​វិសាមញ្ញ​នេះ ធ្វើឡើង​ដោយ​មិនមាន​វត្តមាន​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​កម្ពុជា​នោះទេ ប៉ុន្តែ​អង្គ​មហាសន្និបាត​បាន​ដឹកនាំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធានស្តីទី និង​លោក​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង មាន​តំណាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​ចូលរួម​ប្រមាណ​ជាង១ពាន់៣រយ​នាក់។

លោ​កស ខេង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​អវត្តមាន​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​នោះដែរ ដោយសារ​ជាប់​ទៅ​មើល​លោក​ជា ស៊ីម ដែលមាន​ជំងឺ​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​វៀតណាម។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ខៀវ កាញារិទ្ធ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ