អានតួអត្ថបទ
កម្ពុជា

ឪពុកម្តាយ​ឧកញ៉ា​ថោង សារ៉ាត់​ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ

ក្រោយពី​បានអនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​មួយរយៈ​មក ឳ​ពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី ១៦ កុម្ភៈ​នេះ។ អ្នក​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈដែល​ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម។

ប៉ូលីសចុះឆែកឆេរផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ នៅបុរី ៩៩៩ កាលពីដើមខែធ្នូឆ្នាំ​២០១៤​។
ប៉ូលីសចុះឆែកឆេរផ្ទះលោកឧកញ៉ា ថោង សារ៉ាត់ នៅបុរី ៩៩៩ កាលពីដើមខែធ្នូឆ្នាំ​២០១៤​។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​សាកសួរ​អស់​ជាច្រើន​ម៉ោង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុខ​លេង បានចេញ​ដីកា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី ១៦ កុម្ភៈ​នេះ​បង្គាប់​ឲ្យ​ឃុំខ្លួន លោក ថោង ចំរើន និង​លោកស្រី កែវ សារី ដែល​ត្រូវជា​ឳ​ពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ។ ជនជាប់ចោទ​ទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

លោក​ថោង ចំរើន និង​លោកស្រី កែវ សារី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី២នៅ​យប់​ថ្ងៃទី ១៥ កុម្ភៈ​ខណៈដែល​អ្នក​ទាំងពីរ​កំ​ពុង​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម។ ការចាប់ខ្លួន​នេះ​ពី​ព្រោះតែ​ជនជាប់ចោទ​ទាំង​ពីរបាន​បំពាន​បទបញ្ជា​របស់​តុលាការ​ដែល​មិន​អនុញ្ញាត​ឲ្យ​ចាក​ចេញទៅ​ក្រៅប្រទេស​ឡើយ​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដំបូង​កាលពីដើម​ខែធ្នូ ឆ្នាំ ២០១៤ បន្ទាប់ពី​កូនប្រុស​របស់ខ្លួន​គឺ​លោក ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឲ្យ​អង្គរក្ស​របស់ខ្លួន​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃទី ២២ វិច្ឆិកា​ឆ្នាំ ២០១។ បន្ទាប់ពី​ឧកញ៉ា ថោង សារ៉ាត់ ម្ចាស់​បូរី ៩៩៩ បាន​រត់គេចខ្លួន ឪពុកម្តាយ​របស់​ឧកញ៉ា​រូបនេះ​ត្រូវបាន​ចោទប្រកាន់​និង​ចាប់ខ្លួន​ដែរ​បន្ទាប់ពី​សមត្ថកិច្ច​រកឃើញ​អាវុធ​ជាច្រើន​ក្នុងផ្ទះ​របស់ខ្លួន។

យ៉ាងណាក៏ដោយ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៧កុម្ភៈ​បានសម្រេច​ដោះលែង​លោក​ថោង ចំរើន និង​លោកស្រី កែវ សារី ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​សុខភាព។ ប៉ុន្តែ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ទាំងពីរ​បញ្ជូនទៅ​តុលាការ​វិញ​ដោយសារ​អ្នក​ទាំងពីរ​លួច​ចេញទៅ​ក្រៅប្រទេស​ដែល​អាច​ជាការ​រត់គេច​ខ្លួន។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ សំណុំរឿង​ឃាតកម្ម​ទៅលើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅ​មិនទាន់​បើកសវនាការ​នៅឡើយ​ទេ។ គេ​ក៏​មិនដឹងថា តើ​ពេលនេះ​ឧកញ៉ា ថោង សារ៉ាត់ កំពុងស្ថិត​នៅទីណា​ដែរ។ ឧកញ៉ា​រូបនេះ​ធ្លាប់បាន​បញ្ចេញ​ឃ្លីប​វីដេអូ​ដោយ​បដិសេធថា ខ្លួន​មិនបាន​បញ្ជា​ឲ្យ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ទេ។

បើតាម​លោក ថោង សារ៉ាត់ លោក​និង​កង​អង្គរក្ស​ត្រូវបាន​គេ​ទម្លាក់កំហុស​ដាក់ ហើយ​លោក​បាន​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ជួយ​រក​យុត្តិធម៌។ គេ​នៅ​មិនទាន់​ដឹងថា តើ​សំណុំ​រឿងនេះ​នឹងត្រូវ​គេ​លើក​យកទៅ​កាត់ក្តី​នៅពេលណា​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ