អានតួអត្ថបទ
កម្ពុជា

កញ្ញាសាសា​បដិសេធសំណើ​សុំ​សម្រុះសម្រួល​របស់​ឧកញ៉ា​សុខប៊ុន ​ខណៈ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​បញ្ជាឲ្យ​​ចាប់​ជន​ដៃ​ដល់​

លោក សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​លើក​ញ្ញា សា​សា គ្មាន​ពន្លឺ​ថា​នឹង​អាច​រួច​ផុតពី​សំណាញ់​ច្បាប់​នោះទេ។ បើទោះបីជា​លោក​បាន​សុំទោស​ជា​សាធារណៈ និង​សូម​ផ្តល់​វិភាគទាន​ក៏ដោយ ក៏ កញ្ញា សាសា ជា​ជនរងគ្រោះ បាន​បដិសេធ​ហើយ​បញ្ជាក់ថា ដាច់ខាត​កញ្ញា​រក្សា​ជំហរ​ប្តឹង​ជនដៃដល់ ។ ចំនែក​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​អោយ​អគ្គស្នងការ​នគរបាល​ចាត់ការ​សំណុំ​រឿងនេះ​អោយបាន​ម៉ឺងម៉ាត់ ដើម្បី​កុំអោយ​បញ្ហា​បែបនេះ​ជះឥទ្ធិពល​អាក្រក់​មកលើ​សង្គម​ខ្មែរ។

លោក សុខប៊ុន និង កញ្ញា សាសា
លោក សុខប៊ុន និង កញ្ញា សាសា Monika
ផ្សាយពាណិជ្ជកម្ម

លោក សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​កញ្ញា​សាសា​នោះ នៅ​ថ្ងៃទី អង្គារ​ទី១៤ កក្កដា​នេះ បាន​សុំទោស​កញ្ញា​សាសា ជា​សាធារណៈ​ចំពោះ​ទង្វើ​ខុសឆ្គង​របស់លោក និង​សន្យា​មិនអោយ​មានរឿង​បែបនេះ​កើតឡើង​ទៀតឡើយ។ ក្រៅពីនេះ​បើតាម​សេចក្តីបំភ្លឺ​របស់លោក ដើម្បី​លុបលាង​កំហុស លោក​បាន​លាឈប់​ពី​ងារ​ជា​ឧកញ៉ា លាឈប់​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​សមាគមន សូម​ការយោគយល់​ពី​តុលាការ ដោយសារ​លោក​ត្រូវ​ព្យាបាល​ជំងឺ​ស្រេ្តស​ធ្ងន់ធ្ងរ​របស់លោក និង សូម​ផ្តល់​វិភាគទាន​ចំនួន ១០ម៉ឺន​ដុល្លា​ដល់កញ្ញា​សាសា​ដើម្បី​ព្យាបាល​របួស។

យ៉ាងណាក៏ដោយ កញ្ញា សា​សា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃទី ១៤ ខែកក្កដា​ថា កញ្ញា​បដិសេធ​ចំពោះ​វិភាគទាន និង​ការសុំ​ទោស​របស់​របស់​លោក សុខ ប៊ុន ហើយនឹង​មិន​ដក​ពាក្យបណ្តឹង ដែល​កញ្ញា​បានដាក់​ប្តឹង​លោក សុខ​ប៊ុន កាលពី​ថ្ងៃទី២ ខែកក្កដា​ឡើយ។

ប្រសិនបើ​កញ្ញា ប្រែចិត្ត​ដក​ពាក្យបណ្តឹង​ក៏ដោយ ក៏ លោក សុខ​ប៊ុន នៅតែ​ជាប់​បណ្តឹងអាជ្ញា។
ចំនែក​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​ការងារ​កំណត់ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បាន​ថ្លែងថា ការលះបង់​របស់លោក​សុខ​ប៊ុន មិន​គ្រប់គ្រាន់​ទេ វា​ត្រូវតែ​ដោះស្រាយ​តាមច្បាប់ ពុំនោះ​ទេវា​នឹង​ជះឥទ្ធិពល​អាក្រក់​មកលើ​សង្គម​ខ្មែរ និង​កុំអោយ​មានការ​រិះគន់​មកលើ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ក៏ដូចជា​មន្ត្រី​បក្ស​កាន់អំណាច​របស់លោក ។ លោក បញ្ជា​អោយ​អគ្គស្នងការ​ត្រូវតែ​តាម​ចាប់​ជនដៃដល់​អោយបាន ទោះបីជា​ត្រូវ​តាម​ដល់ទី​ណាក៏ដោយ។ លោក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ព្រមាន​មន្ត្រី​រដ្ឋាភិបាល មិនអោយ​មានការ​ឃុំ​ឃិត​ការពារ​ជនដៃដល់​ឡើយ។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា បាន​គាំទ្រ​ចំពោះ​សារ​របស់លោក ស ខេង និង​ថា ការផ្តល់​ថ្លៃ​ព្យាបាល​ជំងឺ​នេះ​គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​វា​មិនអាច ដោះដូរ​ជាមួយនឹង​ការមិន​ទទួលទោស​តាមផ្លូវ​ច្បាប់​នោះទេ។ លើសពីនេះ លោកស្រី​ក៏បាន​ទាញ​ការចាប់អារម្មណ៍​ថា ក្រៅពី​លោក សុខ​ប៊ុន អង្គរក្ស​ដែលជា​អ្នកចូលរួម​នៅក្នុង​ហេតុការណ៍​ហិង្សា​នោះ​ក៏ត្រូវ​តែ យកមក​ទទួលទោស​ចំពោះមុខ​ច្បាប់​ផងដែរ។

សូមបញ្ជាក់ថា រូបភាព​វីដេអូ នៃ​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​លោក ឧកញ៉ា មកលើ​កញ្ញា​សាសា បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម និង​នាំអោយមាន​ការចាប់អារម្មណ៍​ពី​សាធារណៈជន​ជាច្រើន។ លោក មេធាវី ហែម សុជាតិ បាន​ពន្យល់ថា​ចំពោះ​ករណី​ហិង្សា​ជា​សមូហភាព​បែបនេះ ជនល្មើស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី២ឆ្នាំ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន រៀល ទៅ១០លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ