អានតួអត្ថបទ
កម្ពុជា

កម្មករ​រង​គ្រោះ​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ បន្ត​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ខណៈ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​តៃកុងឡាន​បង្ក​ហេតុ

កម្មករ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិលមិញ បាន​ធូរ​ស្រាល​ច្រើន​ហើយ នៅ​ថ្ងៃ​ពុធ​នេះ​។ អ្នក​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បន្ត​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ ខណៈ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ​កំពុង​តាម​ប្រមាញ់​តៃកុងឡាន​បង្ក​ហេតុ​។ តៃកុងឡាន បង្ក​ហេតុ ដែលបាន​​រត់​​គេច​ខ្លួន​បាត់​ស្រមោល​តាំង​ពី​ពេល​កើត​ហេតុ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។

រថយន្ត​ដឹក​កម្មករ​ ២​គ្រឿង​ ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ នៅ​ក្បែរ​វត្ត​ស្រះ​ស្រង់​ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ ​នា​ព្រឹក​ថ្ងៃ​ទី​ ១២​មករា​នេះ បានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចណ៍ និងបង្កឲ្យកម្មករចំនួន៤នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួសធ្
រថយន្ត​ដឹក​កម្មករ​ ២​គ្រឿង​ ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ នៅ​ក្បែរ​វត្ត​ស្រះ​ស្រង់​ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ ​នា​ព្រឹក​ថ្ងៃ​ទី​ ១២​មករា​នេះ បានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចណ៍ និងបង្កឲ្យកម្មករចំនួន៤នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួសធ្ @Police
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សុខភាព​កម្មករ​ដែល​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ បាន​ធូរ​ស្រាល​ច្រើន​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​អស់​ពេល​មួយ​យប់​រួច​មក​។ អ្នក​រង​របួស​ស្រាល ដែល​សម្រាក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​គងពិសី មន្ទីរ​ពេទ្យ​ថ្នល់​ទទឹង និង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​បន្ត​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ជា​បន្តបន្ទាប់​។ ដោយ​ឡែក ចំពោះ​អ្នក​រង​របួស​ធ្ងន់​ចំនួន​៨​នាក់​ផ្សេងទៀត បន្ត​ស្នាក់នៅ​ព្យាបាល​របួស​​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ក្រុង​ភ្នំពេញ មិន​ទាន់​ចាក​ចេញ​នៅ​ឡើយ​ទេ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ប្រាប់​របស់​លោក ជាវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា បសស​។ បសស ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​រ៉ាប់រង​ទាំង​អស់ នូវ​រាល់​ការ​ចំណាយ​ថ្លៃ​ព្យាបាល​។ បើ​តាម​លោក ជាវ ប៊ុនរិទ្ធ បសស ក៏​បាន​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នក​ស្លាប់​ក្នុង​សោកនាដកម្ម​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ ដោយ​ក្នុង​នោះ មួយ​គ្រួសារ​ទទួល​បាន​ថវិកា​៤​លាន​រៀល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​។

សូម​រំលឹក​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​១២​មករា គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង ដោយ​សារ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង បាន​បើកជែង​ជាមួយ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត ដែល​បើក​ស្រប​ទិស​គ្នា​។ ខណៈ​ពេល​កំពុង​ជែង​នោះ ក៏​វាក់​នឹង​រថយន្ត​ដឹក​ទំនិញ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា បង្ខំ​ឲ្យ​រថយន្ត​ដឹក​កម្មករ​គេច​ចូល​មក​ក្នុង​គន្លង​ផ្លូវ​របស់​ខ្លួន​វិញ ប៉ះ​ជាមួយ​ឡាន​ដឹក​កម្មករ​ដូច​គ្នា បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​តាម​ផ្លូវ​ជា​តិ​លេខ​៤១ ព្រំ​ប្រទល់​ស្រុក​គង​ពិសី និង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​ស្លាប់ និង​៦៨​នាក់​ផ្សេង​ទៀត​រង​របួស​។

ភ្លាម​ៗ​ក្រោយ​គ្រោះ​ថ្នាក់​នោះ តៃកុងឡាន​បង្ក​ហេតុ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ ប៉ុន្តែ​​អធិការ​រង​ស្រុក​គងពិសី ទទួល​បន្ទុក​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់ លោក សុខ សុផល បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ច កំពុង​តែ​​តាម​ប្រមាញ់​តៃកុងឡាន​​រូប​នេះ​ហើយ ព្រោះ​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ណាស់​។

គួរ​ជម្រាប​ជូន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឥ្យ​កម្មករ​រោងចក្រ​រង​របួស​និង​ស្លាប់​ជា​ច្រើន​នាក់​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​កម្ពុជា​។ កាល​ពី​ឆ្នាំ​២០១៥ គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ ជាមួយ​រថយន្ត​ដឹក​កម្មករ នៅ​ខេត្ត​ស្វាយរៀង បាន​សម្លាប់​មនុស្ស​១៨​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​២១​នាក់​ផ្សេង​ទៀត​។ ក៏​មាន​ដែរ គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​កម្មករ​២​គ្រឿង បណ្ដាល​ឲ្យ​កម្មករ​៨២​នាក់​រង​របួស នៅ​ខេត្ត​ស្វាយរៀង​។ ក្រសួង​ការងារ បេឡាជាតិ​របប​សន្តិសុខ​សង្គម និង​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​បាន​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ណាស់​ដែរ អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​កម្មករ និង​អ្នក​បើក​ឡាន​ដឹក​កម្មករ​។ ប៉ុន្តែ​អត្រា​គ្រោះ​ថ្នាក់ ហាក់​ដូច​ជា​មិន​បាន​ថម​ថយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ