អានតួអត្ថបទ
កម្ពុជា

រថយន្ត​ពន្លត់​អគ្គីភ័យ​៤០​គ្រឿង ត្រៀម​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម

នាយ​រង​ការិយាល័យ​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​ថា ទូទាំង​រាជធានី​មាន​រថយន្ត​ប្រមាណ​៤០​គ្រឿង ត្រៀម​សម្រាប់​បង្ការ និង​ពន្លត់​អគ្គីភ័យ​ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម​ដែល​ចាប់​ផ្តើម​ក្នុង​សប្តាហ៍​ក្រោយ។ ចំណែក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ព្រឹក​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អគ្គីភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។ 

@អគ្គីភ័យ​រាជធានី​ភ្នំពេញ​
ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ ចាន់រដ្ឋា នាយ​រង​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​នៅ​ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជន​ជាតិ​ចិន-វៀតណាម ដែល​ឈាន​មក​ដល់​ចាប់​ពី​ថ្ងៃ​ទី​០៧ ​ខែ​កុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ត្រៀម​កម្លាំង​១០០​ភាគរយ ដើម្បី​ពន្លត់​អគ្គីភ័យ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​ថ្ងៃ​ធម្មតា​គឺ​មាន​កម្លាំង​ពន្លត់​អគ្គីភ័យ​ក្នុង​មួយ​រថយន្ត​មាន​តែ​៦​នាក់ តែ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជន​ជាតិ​ចិន-វៀតណាម​ពេល​នេះ គឺ​មាន​កម្លាំង​ពន្លត់​អគ្គីភ័យ​១២​នាក់​ក្នុង​មួយ​រថយន្ត​ និង​មាន​រថយន្ត​ប្រមាណ​៤០​គ្រឿង​សម្រាប់​ត្រៀម។​

សាលា​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ០៤ខែកុម្ភៈ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ថា​គ្រប់​ទីកន្លែង​កម្សាន្ត​ទាំង​អស់ មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ សេចក្តី​ថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ធូប ក្រដាស​សែន ភ្លេង​ចង្រ្កាន ចរន្ត​អគ្គីសនី ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើង​ជាយ​ថា​ហេតុ។ តាម​សេចក្តី​ជូន​ដំណឹង​នោះ ការ​ដុត​ក្រដាស​សែន ត្រូវ​ប្រើធុង​ដែក ឬ​ឆ្នាំង​ដី​ដើម្បី​ដុត ហើយ​ហាម​ដាច់​ខាត​ការ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ​សាធារណៈ។ ដូច​គ្នា​នេះ​ដែរ​ ក្រសួង​អប់​រំ នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ដុត​ផាវ កាំជ្រួច និងគ្រឿង​ឆេះ​នៅ​តាម គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​នេះ ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ លើ​ករណី​អគ្គីភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែង​តែ​កើត​ឡើង​ច្រើន​ក្នុង​ឳកាស​បុណ្យ​ទាំង​នេះ។ កន្លង​មក​ក្នុង​រាជធានី​ភ្នំពេញ​នា​ឳកាស​បុណ្យ​ធំ​ៗ តែង​តែ​មាន​ករណី​អគ្គីភ័យ​កើត​ឡើង ដែល​បាន​បណ្តាល​ឲ្យ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ឯកជន​ខាត​បង់ ហើយ​ករណី​អគ្គីភ័យ​មួយ​ចំនួន​ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​កើត​ឡើង​ដោយសារ​ដុត​ទៀន ធូប។

បើ​តាម​លោក​ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ការ​ហាម​មិន​ឲ្យ​មាន​ការ​ដុត​ផាវ គឺ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ដូច្នេះ​សាលាក្រុង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ទេ ហើយ​ការ​ហែ​ក្បួន​សាសនា​ផ្សេង​ៗ​ក៏​មិន​អាច​ធ្វើ​ឡើង​ផង​ដែរ ​បើ​គ្មាន​ការ​អនុញ្ញាតិ​ពី​សាលាក្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ