អានតួអត្ថបទ
កម្ពុជា

សហជីព​កម្មករ​ម្នាក់ បែក​ក្បាល​ហូរ​ឈាម​ក្នុង​ថ្ងៃ​អនុម័ត​ច្បាប់​សហជីព

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព ត្រូវ​បាន​រដ្ឋសភា​ជាតិ​ប្រកាស​អនុម័ត​ជា​ផ្លូវ​ការ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ដោយ​សំឡេង​៦៧​លើ​៩៨ បន្ទាប់​ប្រជុំ​ពិភាក្សា​ស្ទើរ​ពេញ​មួយ​ថ្ងៃ។ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រួង​ចម្រាស​នេះ ​ត្រូវ​បាន​អនុម័ត ក្នុង​ពេល​ដែល​សហជីព​កម្មករ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ សាលាខណ្ឌ​ដូន​ពេញ​វាយ​ឲ្យ​បែក​ក្បាល​ហូរ​ឈាម នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រដ្ឋសភា។  វណ្ណ សុគន្ធា ជូនព័ត៌មាន៖

សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​
សហជីព​បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។​ Facebook
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ សហជីព​កម្មករ​ម្នាក់​បាន​រង​របូស​បែក​ក្បាល​ហូរ​ឈាម នៅ​ពេល​ដែល​សហជីព​រូប​នេះ រួម​នឹង​សហជីព​ផ្សេង​ទៀត បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នៅ​ខាង​ក្រៅ​រដ្ឋសភា។ សហជីព​ម្នាក់​នេះ គាត់​គឺ​ជា​សមាជិក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​ដឹកនាំ​ដោយ​លោក​ប៉ាវ ស៊ីណា។ គាត់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូន​ពេញ​ជា​ច្រើន​នាក់ បាន​ចាប់​ និង​វាយ​តែ​ម្តង បើ​ទោះ​បី​ក្រុម​សហជីព​ដទៃ​ទៀត​ព្យាយាម​ជួយ​ឃាត់​យ៉ាង​ណា​ក៏​ដោយ។ ទិដ្ឋភាព​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ទាំង​នេះ បាន​កើត​ឡើង​ចំ​ពេល​រដ្ឋសភា​ជាតិ​កំពុង​តែ​ប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ច្បាប់​ស្តី​ពី សហជីព​នៅ​ខាង​ក្នុង​រដ្ឋសភា។ ក្រោយ​ពី​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រ៉ាវ​ ដែល​ខាង​សហជីព​ត្រូវ​ចូល​ពេទ្យ​នោះ ក្រុម​សហជីព​កម្មករ​បាន​សម្រេច​ចិត្ត​បាន​រំសាយ​ការ​ជួប​ជុំ​ភ្លាម​ៗ​តាម​ការ​គម្រាម​របស់​ក្រុម​សន្តិសុខ ដើម្បី​ជៀសវាង​ការ​កើត​មាន​អំពើ​ហិង្សា​ជា​ថ្មី​ម្តង​ទៀត។

ក្រុម​សហជីព​ទាំង​នេះ មាន​គ្នា​ប្រមាណ​ជាង១០០ នាក់​ដែល​ដឹកនាំ​ដោយ​មេ​សហជីព​កម្មករ​ធំ​ៗ​នៅ​កម្ពុជា រួម​ទាំង​មាន​ការ​ចូលរួម​ពី​ក្រុម​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ពួកគេ​មក​តវ៉ា​នៅ​មុខ​រដ្ឋសភា គឺ​ដើម្បី​សុំ​ឲ្យ​រដ្ឋសភា​ដក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សហជីព​នេះ ចេញ​ពី​របៀប​វារៈ​ប្រជុំ​របស់​រដ្ឋសភា។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​តវ៉ា​របស់​ពួក​គេ​នេះ មិន​រំខាន​សូម្បី​តែ​បន្តិច​ទៅ​ដល់​កិច្ច​ប្រជុំ​របស់​រដ្ឋសភា​ឡើយ។ រដ្ឋសភា​នៅ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​បាន​ដោយ​ជោគ​ជ័យ​ក្នុង​សំឡេង ៦៧លើ​៩៨​សំឡេង។

ច្បាប់​សហជីព មាន​១៧ ជំពូក និង​១០០​មាត្រា។ ច្បាប់​នេះ​ ទាំង​ក្រុម​ថៅកែ​រោងចក្រ និង​សហជីព​កម្មករ​សុទ្ធ​តែ​មិន​ពេញ​ចិត្ត ដោយ​សារ​តែ​ពួក​គេ​អះអាង​ថា មាត្រា​មួយ​ចំនួន​ធ្វើ​ឲ្យ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ក្នុង​ការ​បញ្ចេញ​សកម្មភាព​ផ្សេង​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ