អានតួអត្ថបទ
កម្ពុជា

សេចក្ដី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស់​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅគណៈកម្មការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ដ៏​ចម្រូង​ចម្រាស់ ត្រូវ​បាន​គណៈកម្មការ​ជំនាញ សម្រេច​បញ្ជូន​បន្ត​ទៅ​កាន់​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ហើយ ដើម្បី​ពិនិត្យ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា នា​ពេល​ខាង​មុខ​។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ គណៈកម្មការ​ជំនាញ ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ សហជីព​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​នេះ​ និង​ថា គណៈកម្មការ​ជំនាញ​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំណើ ក៏​ដូច​ជា​កង្វល់​របស់​ក្រុម​សហជីព ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើយ​។

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ​នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី០៩ ខែមីនា នេះ។
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ​នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី០៩ ខែមីនា នេះ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​សម្ដែង​ការ​សោកស្ដាយ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ទទួល​បាន​ដំណឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា នា​ពេល​ខាង​មុខ​។ ការ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ទៅ​កាន់​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ភ្លាម​ៗ​បន្ទាប់​ពី​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​រួច​កាល​ពី​ថ្ងៃ​​ទី​០៩​មីនា​កន្លង​ទៅ បាន​បង្ហាញ​ពី​ការ​មើល​រំលង​របស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ចំពោះ​សំណើ និង​កង្វល់​របស់​សហជីព ដែល​តំណាង​ឲ្យ​​និយោជិត​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​លោក ប៉ាវ ស៊ីណា​។

 
សម្រាប់​សហជីព សេចក្ដី​ព្រាង​ច្បាប់ស្ដី​ពី​សហជីព​ដែល​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ទី​០៩​មីនា ​ត្រូវ​ការ​ឲ្យ​មាន​ការ​ពិនិត្យ​បន្ថែម​។ សហជីព​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់ នៅ​មាន​លក្ខណៈ​ជ្រៀត​ជ្រែក​ក្នុង​ហិរញ្ញវត្ថុ​របស់​សហជីព ជ្រៀតជ្រែក​ក្នុង​សិទ្ធិ​សហជីព ជា​ពិសេស​សិទ្ធិ​កូដកម្ម​ ហើយ​ទោស​វិន័យ​មាន​កម្រិត​ធ្ងន់ធ្ងរ។ តំណាង​សហជីព​​ស្នើ​ឲ្យ​រដ្ឋសភា ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ ដែល​ល្អ​បំផុត ហើយ​ក៏​សុំ​ពេល​ ២​ឆ្នាំ ដើម្បី​ពន្យល់​ពី​ច្បាប់​នេះ​ ក្រោយ​អនុម័ត​ហើយ​។

យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​ណាមួយ​ទេ​នោះ លោក ប៉ាវ ស៊ីណា អះអាង​ថា សហជីព​នឹង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ជាមួយ​អង្គការ​អន្ដរជាតិ និង​​អ្នក​បញ្ជា​ទិញ ធ្វើ​យ៉ាង​ណា​​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​កែ​ប្រែ​។

សូម​រំលឹក​ជូន​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព មាន​ចំនួន ១៧​ជំពូក ចែក​ជា ១០០​មាត្រា​។ សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​តាក់​តែង​តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៨​មក​ម្ល៉េះ​​។ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មីនា​ថ្មី​ៗ​នេះ រដ្ឋសភា​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ទូលំទូលាយ ពី​សំណាក់ស្ថាប័ន​ពាក់ព័ន្ធ ដែល​​មាន​ជា​អាថិ៍​​តំណាងអង្គការ​អន្ដរជាតិ ​សមាគម​និយោជក សហជីព រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​មួយ​ចំនួន​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ