អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​អ្នកធំ​នៅ​កម្ពុជា​គួរ​តែ​ធ្វើ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដោយ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ស្រុក​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកណា​ក៏​ដឹង​ដែរ​ថា ក្នុង​មួយ​ថ្ងៃ​ៗ មាន​ប្រជាជន​កម្ពុជា​មិន​តិច​នោះ​ទេ ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​របស់​ខ្លួន។ ក្នុង​នោះ​មាន​ដូចជា​ប្រទេស​វៀតណាម ថៃ និង​សង្ហបុរី​ជា​ដើម។ រីឯការ​ធ្វើ​ដំណើរ​វិញ​ ក៏​មាន​ទាំង​តាម​រថយន្ត​ក្រុង និង​យន្តហោះ​ផង​ដែរ។ ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ចំណាយ​ពេល​វេលា និង​លុយ​កាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ទាប់។ តើ​មូលហេតុ​អ្វី​បាន​ជា​ប្រជាជន​កម្ពុជា​មួយ​ចំនួន​នៅ​តែ​បន្ត​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស? តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ ងាក​មក​ទុក​ចិត្ត​សេវាសុខាភិបាល​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ? តើ​មន្ត្រី​ជាន់​ខ្ពស់​នៅ​កម្ពុជា​គួរ​តែ​ធ្វើ​ជា​គំរូ​ទេ ក្នុង​ចំណោទ​បញ្ហា​នេះ?

អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ស្រាវជ្រាវ​របស់​មន្ទីរ​ពេទ្យ​ជប៉ុន​មួយ​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​ ២​សែន​១​ម៉ឺន​នាក់​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ៗ។ ប្រទេស​ដែល​ប្រជាជន​ខ្មែរ​មាន​កម្រិត​ជីវភាព​ធូរធា​ អាច​ធ្វើ​ដំណើរ​ទៅ​បាន​នោះ​មាន​ប្រទេស​វៀតណាម​ចំនួន ១​សែន​៦​ម៉ឺន​នាក់ ស្មើ​នឹង ៧៦% ។ បន្ទាប់​មក​មាន​ប្រទេស​ថៃ ៤​ម៉ឺន​នាក់ ស្មើ​នឹង ១៩% និង​ប្រទេស​សិង្ហបុរី មានចំនួន ៦​ពាន់​៣​រយ​នាក់ ស្មើ​នឹង​៣%។

ប៉ុន្តែ​បើ​តាម​លោក​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វិញ ចំនួន​ប្រជាជន​ខ្មែរ ដែល​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​គឺ​មាន​តែ​១% តែ​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ទាំង​អស់។ ហើយ​លោក​បាន​បន្ត​ថា​តួរលេខ​នេះ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​ជា អ្នក​រក​ឃើញ​នោះ​ទេ គឺ​ជា​ការ​សិក្សា​របស់​ធនាគារ​ពិភព​លោក World Bank។

បើទោះបី​ជា​តួលេខ​ប្រភព​ទាំង​ពីរ​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​គេ​ប្រកែក​មិន​បាន​នោះ គឺ​វត្តមាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ចេញ​ទៅ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​នៅ​បរទេស​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ជើង​ហោះហើរ និង​រថយន្ត​ក្រុង​ជា​ដើម។ ប្រជាជន​ខ្លះ​អាច​ថា​ទៅ​ពិនិត្យ​សុខភាព​ផង និង​ឆ្លៀត​ពេល​ដើរ​កំសាន្ត​ផង​ក៏​មាន​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ នៅ​តែ​ត្រូវ​ចំណាយ​លុយ​មួយ​ផ្នែក​សម្រាប់​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ។

ចុះ​សួរ​ថា​ហេតុអ្វី​បាន​ជា​ប្រជាជន​ខ្មែរ ដែល​មាន​ធនធាន​ច្រើន និង​កម្រិត​ជីវភាព​សមរម្យ​មិន​ប្រើប្រាស់​សេវាសុខា​ភិបាល នៅ​ក្នុង​ប្រទេស​របស់​ខ្លួន? ចម្លើយ​គឺ​នៅ​ត្រង់​ថា គុណភាព​សេវា​សុខាភិបាល​នៅ​កម្ពុជា​នៅ​មាន​កម្រិត។ នៅ​មាន​កម្រិត​ ដោយសារ​តែ​កត្តា​ជា​ច្រើន ដែល​រាប់​បញ្ចូល​ទាំង​កត្តា​មនុស្ស សំភារៈ​បរិក្ខា​ពេទ្យ និង​ថ្នាំពេទ្យ​ជា​ដើម។

កត្តា​មនុស្ស​គឺ​ចង់​សំដៅ​ទៅ​លើ​សមត្ថភាព ក្រម​សីលធម៌ និង​គុណធម៌​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា។ កន្លង​មក​ធ្លាប់​មាន​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ក្រម​សីលធម៌​នេះ ដោយ​មាន​គ្រូពេទ្យ​មួយ​ចំនួន​និយាយ​មិន​សមរម្យ​ដាក់​អ្នក​ជំងឺ ហើយ​រហូត​ដល់​ពេល​ខ្លះ​ឈាន​ទៅ​ដល់​ការ​ភូតភរ ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សុខភាព​របស់​អ្នក​ជំងឺ​ទៀត​ផង។

រីឯ​កត្តា​សំភារៈ​បរិក្ខា និង​ឧបករណ៍​ប្រើប្រាស់​វិញ ក៏​នៅ​មាន​ភាព​ខ្វះខាត​ដែរ ព្រោះ​ថា​កន្លង​មក​លោក​នាយក រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​ធ្លាប់​បាន​ពន្យល់​ប្រាប់​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ផង​ដែរ​ថា មូលហេតុ​ដែល​លោក​ទៅ​ពិនិត្យ​ជំងឺ នៅ​ក្នុង​ប្រទេស​សិង្ហបុរី មិន​មែន​ដោយសារ​លោក​មិន​ទុក​ចិត្ត​ពី​សមត្ថភាព​គ្រូពេទ្យ​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​លោក តម្រូវ​ឲ្យ​មាន​ឧបករណ៍​ទំនើប​ៗ យក​មក​ពិនិត្យ​និង​ព្យាបាល​បាន។

បើ​និយាយ​ពី​ឱសថ ឬ​ក៏​ថ្នាំពេទ្យ​វិញ​ក៏​ជា​បញ្ហា​មួយ​ដ៏​ធំ​ផង​ដែរ ពីព្រោះ​ប្រជាជន​ខ្មែរ​មួយ​ភាគ​ធំ​នៅ​តែ​យល់​ច្រលំ​ថា ឱសថ​ស្ថាន​គឺ​ជា​កន្លែង​ព្យាបាល​ជំងឺ​របស់​ពួកគេ។ ប៉ុន្តែ​ការ​ពិត​ឱសថ​ស្ថាន​គឺ​ជា​កន្លែង​ដែល​ប្រជាជន​ទៅ​ទិញ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ ប្រជាជន​ខ្មែរ អាច​ដើរ​រក​ទិញ​ថ្នាំ និង​ផ្សំ​ថ្នាំ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​តាម​កន្លែង​លក់​ថ្នាំពេទ្យ​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ សម្រាប់​ប្រជាជន​ខ្មែរ ដែល​ដើរ​ទៅ​ទិញ​ថ្នាំ នៅ​ឱសថស្ថាន ដោយ​មិន​ចាំបាច់​ទទួល​ការ​ពិនិត្យ​ជំងឺ និង​ចេញ​វេជ្ជបញ្ជា​នោះ។

លោក​រដ្ឋ​មន្ត្រី​ម៉ម ប៊ុនហេង ទទួល​ស្គាល់​ថា​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន​ពិត​ជា​មាន​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​បាន​បញ្ជាក់​ថា ស្ថាប័ន​របស់​លោក​ក៏​កំពុង​តែ​គិតគូរ​ពី​បញ្ហា​នេះ​ដែរ ដោយ​ខិតខំ​បណ្តុះ​បណ្តាល និង​បង្កើន​ជំនាញ​បន្ថែម​ដល់​ក្រុម​គ្រូពេទ្យ និង​អ្នក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​នេះ។ ក្នុង​នោះ លោក​រដ្ឋ​មន្ត្រី​ក៏​មិន​ភ្លេច​និយាយ​ពី​ការ​បញ្ជ្រាប​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្រុម​គ្រូពេទ្យ​ដែរ។

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​បាន​ឆ្លង​កាត់​សម័យ​សង្គ្រាម​ប្រល័យ​ពូជសាសន៍​យ៉ាង​សាហាវ​ឃោរឃៅ​កាល​ពី​ជាង ៣០​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​បច្ចុប្បន្ន​នេះ កម្ពុជា​ក៏​បាន​ក្លាយ​ជា​ប្រទេស​មួយ​រីក​ចម្រើន​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ប្រព័ន្ធ​អ៊ីនធឺណិត។ អញ្ចឹង​ក្រសួង​សុខាភិបាល​អាច​ទាញ​យក​អត្ថប្រយោជន៍​នេះ ដើម្បី​ធ្វើ​ការ​អប់រំ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​ប្រើប្រាស់​សេវាសុខាភិបាល​នៅ​កម្ពុជា។ ជា​ការ​ចាំបាច់​ណាស់ ដែល​ប្រជាជន​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​​មុន​សិន ដើម្បី​ទទួល​បាន​វេជ្ជបញ្ជា យក​ទៅ​ទិញ​ថ្នាំ​នានា នៅ​តាម​ឱសថ​ស្ថាន។ មួយ​វិញ​ទៀត​ការ​គ្រប់គ្រង​ឱសថ​ក្លែងក្លាយ​ក៏​ជា​ការ​ងារ​មួយ​ដែល​ក្រសួង​សុខាភិបាល និង​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ដោះស្រាយ​រួម​គ្នា​ ព្រោះថា​បច្ចុប្បន្ន​នេះ មាន​ឱសថ​ក្លែងក្លាយ​មិន​តិច​ទេ ដែល​កំពុង​តែ​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា។

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​អស់​ទាំង​នេះ នឹង​ដើម្បី​បង្កើន​ភាព​ជឿជាក់​ពី​ការ​ប្រើប្រាស់​សេវាសុខាភិបាល​នៅ​ក្នុង​ស្រុក​ តើ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា អាច​ធ្វើ​ជា​គំរូ​ដល់​ប្រជាជន​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ? ព្រោះ​ថា​ប្រជាជន​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​ទៅ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ