អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ស្នើ​ឲ្យ​​គ្រូ​ពេទ្យ​ខ្លះ​កែ​ឥរិយាបថ​អាក្រក់ដើម្បី​បម្រើ​ពលរដ្ឋ​

ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រូ​ពេទ្យ​ដែល​ធ្លាប់​មាន​ឥរិយាបថ​ឆ្គាំ​ឆ្គង ប្រើ​សម្តី​មិន​សមរម្យ​ គិត​ប្រាក់​ជា​ធំ ត្រូវ​តែ​ឆាប់​កែ​ប្រែ​ឥរិយាបថ​ទាំង​នេះ​ជា​បន្ទាន់ ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង មិន​រើសអើង មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រ នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​ លោក​ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ជូល​​ជា​ស្វ័យ​ប្រវត្តិ​​គ្រូពេទ្យ​ឯកទេស ទៅ​ក្នុង​ក្របខណ្ឌ​មន្ត្រី​រាជការ ដើម្បី​កាត់​បន្ថយ​ការបញ្ជូន​​ពលរដ្ឋ​ខ្មែរ ទៅ​ព្យាបាល​​នៅ​ក្រៅ​ប្រទេស។ ហើយ​គ្រូពេទ្យ​ឯកទេស​ទាំង​នោះ​ នឹង​ទទួល​បាន​ប្រាក់​បៀរវត្ស ចាប់​ពី​ខែ​មេសា ខាង​មុខ​នេះ​តទៅ​។ ការ​អំពាវនាវ និង​ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង ពេល​​លោក​ ហ៊ុន​ សែន ចូលរួម​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ១០​មីនា​នេះ​។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រូ​ពេទ្យ​ដែល​ធ្លាប់​មាន​ឥរិយាបថ​ឆ្គាំ​ឆ្គង ប្រើ​សម្តី​មិន​សមរម្យ​ គិត​ប្រាក់​ជា​ធំ ត្រូវ​តែ​ឆាប់​កែ​ប្រែ​ឥរិយាបថ​ទាំង​នេះ​ជា​បន្ទាន់ ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង មិន​រើសអើង មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រ នោះ​ឡើយ។កាល​ពី​ចុង​ខែ​កុម្ភៈ ប្រមុខ​រដ្ឋាភិបាល ក៏​ធ្លាប់​បាន​ដាស់​តឿន​ក្រុម​គ្រូពេទ្យ​ខ្មែរ កុំ​ឲ្យ​គិត​លុយ​ជា​ធំ ពេល​ដែល​លោក​ចូលរួម​ពិធី​សម្ពោធ​អាគារ​មន្ទីរ​ពេទ្យ​ នៅ​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ។ យ៉ាង​ណា​មិញ លោក​នាយក​រដ្ឋ​មន្ត្រី មិន​ទទួល​ស្គាល់​ទេ​ថា កម្ពុជា មាន​គ្រូពេទ្យ​អ​សីលធម៌​​ច្រើន​ ដូច​ការ​លើក​ឡើង​មួយ​ចំនួន។ លោក​ថា ប្រសិន​បើ​មាន​គ្រូ​ពេទ្យ​ខូច ៩០ភាគរយ មាន​ន័យ​ថា​ស្រុក​ខ្មែរ​រលាយ​បាត់​ហើយ​។ 

ក្រៅ​ពី​ការ​ចាក់​ចង្កេះ​សីលធម៌​គ្រូពេទ្យ​ខ្មែរ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​មុខងារ​សាធារណៈ រៀប​ចំ​បញ្ជូល​គ្រូ​ពេទ្យ​ឯកទេស​ទាំងអស់​ ទៅ​ក្នុង​ក្របខណ្ឌ​មន្ត្រី​រាជការ​។ គ្រូពេទ្យ​ឯកទេស ដែល​លោក​នាយក​រដ្ឋ​មន្ត្រី យល់​ថា មាន​សារៈ​សំខាន់ ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យ​ចេះ​តែ​បញ្ជូន​ពលរដ្ឋ​ខ្មែរ ចេញ​ទៅ​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស។ តាម​លោក​ហ៊ុន សែន​ ការ​ចេញ​ទៅ​ព្យាបាល​ក្រៅប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គឺ​ដោយ​សារ​មន្ទីរពេទ្យ​នៅ​កម្ពុជា ខ្វះ​គ្រូ​ពេទ្យ​ឯកទេស​ជំនាញ​។ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​សន្យា​ឲ្យ​គ្រូពេទ្យ​ទាំង​នោះ ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី​ខែ​មេសា​ខាង​មុខ​នេះ​ត​ទៅ​។

គួរ​ជម្រាប​ជូន​ថា បើ​តាម​ក្រសួង​សុខាភិបាល ក្នុង​ឆ្នាំ ២០១៥​កន្លង​ទៅ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​មណ្ឌល​សុខភាព​សរុប​​ចំនួន ១​១​៤​១ ក្នុង​នោះ​មន្ទីរពេទ្យ​មាន ១​០​៨ ដោយ​បូក​រួម​ទាំង​មន្ទីរពេទ្យ​ជាតិចំនួន ៩​ផង។ ​ចរន្ត​ថវិកា​ជាតិ​ក្នុង​វិស័យ​សុខាភិបាល បាន​កើន​ឡើង​ជាង ១០០​ពាន់​លាន​រៀល​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥។ ហើយ​នៅ​ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ក្រសួង​សុខាភិបាល​ បាន​សន្យាដំឡើង​ប្រាក់​បៀរវត្ស​ដល់​គ្រូពេទ្យ​ឲ្យ​បាន​ដល់ ៨០​ម៉ឺន​រៀល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ