អានតួអត្ថបទ
កម្ពុជា

គ.ជ.ប​ នឹង​លុប​ឈ្មោះ​ស្ទួន​ដែល​រក​ឃើញ​ជិត​២ម៉ឺន​នាក់​

គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ គ.ជ.ប​ បាន​ប្រកាស​លុប​ឈ្មោះ​ស្ទួន​ដែល​ខ្លួន​រក​ឃើញ​ជិត​២ម៉ឺន​នាក់​ ដោយ​ផ្អែក​ទៅ​តាម​នីតិវិធី​របស់​គ.ជ.ប​។ ​ឈ្មោះស្ទួននេះ​ក៏​ត្រូវ​បាន​រាប់បញ្ចូល​គ្នា​ជាមួយ​ចំនួន​ពលរដ្ឋ​ជិត៧លាននាក់​ដែល​បាន​មក​ចុះឈ្មោះបោះឆ្នោត​រួច​ហើយ​ដែរ។​

សមាជិក​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជួប​ប្រជុំ​នៅ​ទី​ស្នាក់​ការ គជប
សមាជិក​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជួប​ប្រជុំ​នៅ​ទី​ស្នាក់​ការ គជប RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែលនាំឲ្យ​មាន​ឈ្មោះ​ស្ទួន​កើន​ឡើង​រហូត​ដល់​ទៅ​ជិត​២ម៉ឺននាក់​គឺ​បណ្ដាល​មក​ពី​ចន្លោះ​ប្រហោង​ក្នុង​ពេល​បំពេញ​ការងារ​របស់​មន្ត្រី​ទទួល​បន្ទុក​ចុះ​ឈ្មោះបោះឆ្នោត​តាម​រយៈការ​ចុះឈ្មោះ​សាកល្បង​មុន​ថ្ងៃ​ចុះឈ្មោះ​ផ្លូវការ​មកដល់។​

បញ្ហា​អ៊ីនធើ​ណេត​រអាក់រអួល​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មាន​ឈ្មោះ​ស្ទួន​ព្រោះ​ថា ​មន្ត្រី​បាន​បញ្ជូន​ឈ្មោះ​មក​ គ.ជ.ប​ រហូត​ដល់​ទី​២​ដង​៣ដង​។​ បន្ទាប់​មក​ទៀត​មនុស្ស​តែ​ម្នាក់​បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោត​នៅពីរ​ទីតាំង​ការិយាល័យ​ចុះឈ្មោះ។​

ក្រៅពី​នេះ គ.ជ.ប​ បាន​រក​ឃើញ​ករណី​អ្នក​ចុះ​ឈ្មោះ​ខ្លះ​មាន​ចេតនា​មក​ចុះឈ្មោះ​ចំនួន​ពីរ​ដង​។​ តែ​ពួកគេ​ទាំងនោះ​បាន​ធ្វើការ​សូមទោស​ភ្លាមៗ​ដើម្បី​បញ្ចៀស​ការពិនិត្យ​ដែល​មាន​ទឹក​ប្រាក់​ចាប់​ពី១​ម៉ឺន​រៀល​ទៅ១០ម៉ឺនរៀល​ចំពោះ​ការ​ប្រព្រឹត្ត​របស់​គាត់។​

ឆ្លើយ​តប​បញ្ហា​នេះ​លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ ប្រកាស​ថា ​គ.ជ.ប​ នឹង​លុប​ឈ្មោះស្ទួន​ដែល​រក​ឃើញ​ជិត​២ម៉ឺននាក់នេះ​ឲ្យ​នៅ​សល់តែឈ្មោះ​តែមួយ​នៅ​ក្រោយ​ការ​បិទ​ផ្សាយ​បញ្ជីបោះឆ្នោតដំបូង​នៅ​ថ្ងៃទី0៣​ ខែមករា ឆ្នាំ២០១៧ ខាងមុខ។​ ហើយ​នៅ​ថ្ងៃទី​១៤មករា​​ គ.ជ.ប​ ទុក​ពេលវេលា​ឲ្យ​ពលរដ្ឋ​ធ្វើការ​ប្ដឹង​តវ៉ា​ជុំវិញ​ភាព​មិនប្រក្រតី​ណា​មួយ ទាក់ទង​​បញ្ជី​ឈ្មោះបោះឆ្នោត​នេះ។ ​

ក្រៅ​ពី​រក​ឃើញ​ឈ្មោះ​ស្ទួននេះហើយ​ គ.ជ.ប​បាន​រក​ឃើញ​ឈ្មោះ​ដែល​មាន​កំហុស​ជាង២១ម៉ឺននាក់​ផងដែរ។​

ដោយឡែក​ទាក់ទង​នឹង​ដំណើរការ​ចុះឈ្មោះបោះឆ្នោត​វិញ លោក ហង្ស ពុទ្ធា កត់​សម្គាល់
​ថា ​នៅ​តែ​ស្បើយ​ចំនួន​អ្នក​មក​ចុះ​ឈ្មោះបោះឆ្នោត​។ដោយ​ឥលូវ​នេះ​អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​តែ៣ម៉ឺននាក់​ទៅ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។​ ចំនួន​នេះ​មាន​ការ​ស្បើយ​ខ្លាំង ​បើ​ប្រៀបធៀប​កាល​ពី​មុន ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​១សែន២ម៉ឺននាក់។​ បន្ទាប់​មក​ដំណាក់កាល​ទី២​ មួយថ្ងៃ​១សែន៧ម៉ឺននាក់​។ គ.ជ.ប​ រំពឹង​ថា​នៅ​គៀក​ថ្ងៃ​ចុះឈ្មោះបោះឆ្នោត​ជិត​បញ្ចប់ពលរដ្ឋ​នឹង​សម្រុក​មក​ចុះ​ឈ្មោះ​បោះឆ្នោត។​

ខណៈ​ពលរដ្ឋ​ជិត៧លាននាក់​បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោត​ក្នុងរយៈពេល​ជាង២ខែ​នេះ​គ.ជ.ប ទទួល​បាន​៧១​ពាក្យ​បណ្ដឹង​។ជាង​៦០បណ្ដឹង​ត្រូវ​បាន​ដោះស្រាយ​  ១៤បណ្ដឹង​បន្ត​ដោះស្រាយ។​ ​ភាគច្រើន​នៃ​បណ្ដឹង​គឺ​មិន​គោរព​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ