អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម មាន​លើកដំបូងគេ នៅ​ទឹកដី​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​ដោយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅក្នុង​របប​ខ្មែរក្រហម​ត្រូវ​បាន​ដាក់សម្ពោធ ជាផ្លូវការ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ ទី ១៧​មេសា ២០១៨។ ស្តូបរំលឹក​នឹក​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​បើក​សម្ពោធ នៅថ្ងៃ​ទី ១៧មេសា ​ថ្ងៃ​ដែល​កាលពី​៤៣ឆ្នាំ ពួកខ្មែរក្រហម​បាន​ចូលកាន់កាប់ក្រុង​ភ្នំពេញ និង​បើក​ទំព័រ​ខ្មៅងងឹត នៅ​ប្រទេស​កម្ពុជា។ 

ចៅហ្វាយក្រុង​ប៉ារីស លោកស្រី​Hidalgo​ឆ្វេង ឈរ​នៅ​ក្បែរ​ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ខ្មែរក្រហមនៅថ្ងៃទីParc de Choisy ថ្ងៃទី​១៧មេសា ២០១៨
ចៅហ្វាយក្រុង​ប៉ារីស លោកស្រី​Hidalgo​ឆ្វេង ឈរ​នៅ​ក្បែរ​ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ខ្មែរក្រហមនៅថ្ងៃទីParc de Choisy ថ្ងៃទី​១៧មេសា ២០១៨ ©Chheang Bopha
ផ្សាយពាណិជ្ជកម្ម

ពិធី​បើកសម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅក្នុង​សម័យ​ខ្មែរក្រហម បាន​ធ្វើឡើង​នៅ​ឧទ្យាន សួនច្បារ Parc de Choisy នៅក្នុង​សង្កាត់ទី​១៣ ដែល​សំបូររស់នៅ​ដោយ​ជនជាតិ ខ្មែរ ឬ​ជនជាតិ​អាស៊ី​ជាទូទៅ។ ពិធី​បើកសម្ពោធ​មាន​ការចូលរួម​ជា​អធិបតី​របស់​លោកស្រី​ចៅហ្វាយក្រុង​ប៉ារីស​Anne Hidalgo លោក​តាន់ ប៊ុនហុង អ្នកតំណាងរាស្រ្ត​ក្រុង​ប៉ារីស។ សមាគម​តំណាង​ជនរងគ្រោះ ដូចជា AVCKR សមាគម​ខេមរា មកពីប្រទេស​កណាដា និង​ជនជាតិ​ខ្មែរ​ច្រើន​ជាង​១០០​នាក់​បាន​ចូលរួម​ នៅក្នុង​ពិធី​សម្ពោធស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ខ្មែរ​ជាង​២លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​របបខ្មែរក្រហម។

គម្រោងការ​ដាក់តាំង ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម នៅ​ទីក្រុង​ប៉ារីស​កើតចេញ​មក ពី​គំនិត​ផ្តួចផ្តើម​របស់​សមាគម​Haut conseil des asiàtiques de France (HCAF) ដែល​មាន​លោក​ប៊ុន​តាន់ អ្នកតំណាង​ប៉ារីស​ធ្លាប់​ជា​ប្រធាន។ លោក​ប៊ុនតាន់​បាន​និយាយ​ថា ៖ “ការសម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ នៅថ្ងៃនេះ មិនមែន​ជា​ការសម្រេច​ជោគជ័យ​ចុងបញ្ចប់​នោះទេ ប៉ុន្តែ គ្រាន់តែ​ជាការចាប់ផ្តើម​នៃ​ការគោរព​កាន់ទុក្ខ​របស់​អ្នកដែល​មាន​សមាជិក​គ្រួសារ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម។ គ្រួសារ​របស់​ជនរងគ្រោះ​ក្នុង​ជំនាន់​ខ្មែរក្រហម​ជាច្រើន​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា មុន​នឹង​អាច​ផ្លាស់ប្តូរ​ទំព័រ​ចាប់ផ្តើម​ជីវិត​ថ្មី ពួកគេ​ត្រូវការ ចាំបាច់ ទីកន្លែង ស្តូប​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​សាច់ញាតិ របស់​ពួកគេ​ដែល​បាន​សម្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។ ស្តូបរំលឹក​វិញ្ញាណក្ខន្ធ​នៅថ្ងៃ​នេះ សំខាន់ផងដែរ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​កើតនៅស្រុកបារាំង។ ពួកគេ​ជាច្រើនមិន​បាន​ដឹង​ពី​ជីវិត​ហែលឆ្លង​របស់​ឪពុកម្តាយ​ពីមុនមកទេ។ សម្រាប់​ពួកយុវជន​ជំនាន់​ក្រោយ វា​ចាំបាច់​ណាស់​ដែល​ពួកគេ​ត្រូវ​ដឹងលឺ​រឿងរ៉ាវ​ដែល​ធ្លាប់​កើតមាន​នៅប្រទេស​កម្ពុជា។ នៅពេល​ដែល​ដឹង​រឿង​ប្រវត្តិសាស្រ្ត​ទាំងនោះ យុវជន​ក្មេង​ជំនាន់​ក្រោយ​ច្បាស់​ជា​នឹង​ខំប្រឹង​ទាញ​យក​ប្រយោជន៍​ពី​ជីវិត ព្រោះ​គេ​ដឹងថា គេ​មានសំណាង​ណាស់​ដែល​បាន​កើត​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ផ្តល់​សេរីភាព​ពេញលេញ​ដល់​ពួកគេ។”។

តាម HCAF ដោយ​មាន​ស្តូប នៅ​ឧទ្យាន​Parc de Choisy ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង ប្រទេស​ លើក​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​មាន​ស្តូបរំលឹក​ដល់​វិញ្ញាណក្ខន្ធ ជនរងគ្រោះក្នុងរបប​ខ្មែរក្រហម ក្នុង​ទឹកដី បរទេស។ នៅ​លើ​ស្តូប ដែល​ធ្វើ​ពី​កញ្ចក់ កំពស់ ១ម៉ែត្រ ៧៥​សង់ទីម៉ែត្រ គេ​មាន​សរសេរ​អក្សរ នៅពីក្រោម​រូបគំនូរ​ដែល​ស្តែង​ពី​ការជម្លៀស​ប្រជាជន​ខ្មែរ​ថា ឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ទាំងអស់ ដោយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅកម្ពុជា ក្នុង​របប​ខ្មែរក្រហម ១៩៧៥ ១៩៧៩។

សម្រាប់​លោកស្រី​Anne Hidalgo ចៅហ្វាយក្រុង​ប៉ារីស ក្រុង​ប៉ារីស ជា​ថ្នាំបន្សាប​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការរំលោភ សិទ្ធិមនុស្ស។ ក្រុង​ប៉ារីស​នៅ​ឈរ​ជាប់​ជានិច្ច​ជាមួយ ក្រុមជនរងគ្រោះ នៃការសម្លាប់​ព្រៃផ្សៃ។ “ស្តូបសម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ។ ស្តូប​សម្រាប់​ជួយ​ឲ្យ​គេ​នឹកគិត​ទៅ​ការសម្លាប់​ព្រៃផ្សៃ ប៉ុន្តែ ជាមួយ​គ្នានោះ​ស្តូប​នេះ​ក៏ជាការធានា​បញ្ជាក់​ពីការបើកទ្វារ​សម្រាប់ទទួល​អនាគត។ ខ្ញុំ​មិន​អាច​និយាយ​ប្រាប់​អ្នកអស់​ពីមោទនភាព​របស់ខ្ញុំនោះទេ។ ក្នុង​នាម​ជា​ចៅហ្វាយក្រុង​ប៉ារីស ខ្ញុំ​សប្បាយចិត្តណាស់​ដែល ​ស្តូប​រំលឹក​ដល់​ជនរងគ្រោះ ត្រូវ​តំកល់​នៅក្រុង​ប៉ារីស។ ពីពេលនេះ​តទៅ​យើង​នឹង​ធ្វើការ គ្រប់បែយ៉ាង​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ យើង​នឹង​នៅ​ចងចាំ ថែរក្សា ស្តូប​រំលឹក​វិញ្ញាណក្ខន្ធនេះ ជាប់ជានិច្ច ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​តម្លៃ ជីវិត​របស់​មនុស្ស​ត្រូវ​គេ​ជាន់ឈ្លី សាជាថ្មី។” នេះជាប្រសាសន៍​របស់​លោកស្រី​ចៅហ្វាយក្រុង​ប៉ារីស។

សម្រាប់​ប្រជាជន​ខ្មែរ​នៅ បរទេស ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​សំខាន់​ណាស់​សម្រាប់​ការចងចាំ និង​ជាពិសេស​សម្រាប់​ការផ្ទេររឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ដល់​ក្មេងជំនាន់ក្រោយ ដែល​ធំដឹងក្តី​នៅ​ឆ្ងាយ​ប្រទេស​កំណើត​របស់​ឪពុកម្តាយ។ ស្តូប​រំលឹក​វិញ្ញាណក្ខន្ធជនរងគ្រោះ ខ្មែរ អាច​កើតមាន​នៅថ្ងៃ​នេះ ក៏ដោយសារ​ការតស៊ូ ជំរុញ​ផងដែរ​របស់​សមាគម​ជនរងគ្រោះក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ក្នុង​ប្រទេស​បារាំង ហៅកាត់​ថា AVGKR។

នៅក្នុង​ពិធីសម្ពោធ​នៅព្រឹកមិញនេះ ក្រៅតែ​ពីជនជាតិ​ខ្មែរ​នៅ​ស្រុក​បារាំង មាន​ផងដែរ ប្រជាជន​ខ្មែរ​មក​ពី​ប្រទេស​ផ្សេងទៀត ដូចជា​កាណាដា​ជាដើម។ សម្រាប់​លោកស្រី យីម ណុលស៊ីណា ប្រធាន​មជ្ឈមណ្ឌល​ខេមរ៉ា ដែល​បានតស៊ូ​ឲ្យ​មាន​ការទទួល​ស្គាល់​សិទ្ធិជនរងគ្រោះ​ខ្មែរក្រហម​ក្នុង​ប្រទេស​កាណាដា វា​មាន​សារៈសំខាន់​ណាស់​ដែល គេ​ត្រូវ​មាន​ស្តូប រំលឹក​វិញ្ញាណក្ខន្ធជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម នៅ​ក្នុងទឹកដី​បរទេស

នៅ​ក្រោយ​ពិធី​សម្ពោធ ស្តូប សន្និសីទ​ជុំ​វិញ​ប្រធានបទ​ខ្មែរក្រហម​ត្រូវ​បាន​បើកធ្វើ នៅ​សាលាក្រុង​ទី១៣ ដែលនៅក្នុង​នោះ មានការចូលរួមពី​អ្នកនិពន្ធ អ្នកផលិតកុន ខ្មែរ អ្នកច្បាប់ ចៅក្រម មេធាវី បារាំង​ដែល​ធ្លាប់​បានចូលរួម​នៅក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម ក្នុង​ក្រុង​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ