អានតួអត្ថបទ
កម្ពុជា-ចិន

ជំរឿន​២០១៩៖ ប្រទេស​ចិន​ផ្ដល់​ជំនួយ​២​,៥លាន​ដុល្លារ​ដល់កម្ពុជា

ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​បរិក្ខារ ដែល​មានតម្លៃ​សរុប​២,៥​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា។ ជំរឿន​នៅ​កម្ពុជា ដែល​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៣​ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​។ ពិធី​ប្រគល់​និង​ទទួល​ជំនួយ​នេះ ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា ដើម​សប្ដាហ៍​នេះ ក្រោម​អធិបតី​ភាព​លោក ឆាយ ថន រដ្ឋ​មន្ដ្រី​ក្រសួង​ផែនការ និង​លោក លី អាន តំណាង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

ពិធី​ប្រគល់-ទទួល សម្ភារៈ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ដល់រដ្ឋាភិបាល​​កម្ពុជា សម្រាប់​ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ថ្ងៃ​ទី​២៦ កញ្ញា ២០១៨
ពិធី​ប្រគល់-ទទួល សម្ភារៈ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ដល់រដ្ឋាភិបាល​​កម្ពុជា សម្រាប់​ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ ក្រសួង​មហាផ្ទៃ
ផ្សាយពាណិជ្ជកម្ម

ជំនួយ​ដែល​រដ្ឋាភិបាល​ចិន​ផ្ដល់​ឲ្យ​កម្ពុជា​រួម​មាន៖ រថយន្ត​៥២​គ្រឿង, ម៉ូតូ​៣០០​គ្រឿង, កុំព្យូទ័រ​លើ​តុ​៤៥០​គ្រឿង, កុំព្យូទ័រ​យួរ​ដៃ​៥០​គ្រឿង, ម៉ាស៊ីន​បោះ​ពុម្ព​ឯកសារ​៣០​គ្រឿង, ម៉ាស៊ីន​បញ្ចាំង Slide ៣០​គឿង, ម៉ាស៊ីន​ថត​ចម្លង​១០​គ្រឿង, Tablet ២០០​គ្រឿង, និង Server ៣​គ្រឿង។ ជំនួយ​ទាំង​អស់​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា ក្នុង​ខែ​មីនា ឆ្នាំ​២០១៩​។

លោក ឆាយ ថន រដ្ឋ​មន្ដ្រី​ក្រសួង​ផែនការ បាន​គូស​បញ្ជាក់​ថា ទិន្នន័យ​ស្ថិតិ​ដែល​ប្រមូល​បាន​តាម​ការ​ធ្វើ​ជំរឿន មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ ត្រួត​ពិនិត្យ ​និង​​វាយតម្លៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ក៏ដូច​ជា​​​ការ​សិក្សា​ស្រាវ​ជ្រាវ​នានា​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្ដរជាតិ​។ ទន្ទឹម​គ្នា​នេះ លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន ក៏​នឹងក្លាយ​ទៅ​ជា​ប្រយោជន៍​ផង​ដែរ ដល់​​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍ​របស់​បណ្ដា​ប្រទេស​ជា​សមាជិកអាស៊ាន​។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ដ្រី ឆាយ ថន​។

សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ​កម្ពុជាក៏​បាន​ទទួល​ជំនួយពី​​អង្គការ UNFPA ដែរ តែ​ជា​ជំនួយ​បច្ចេកទេស​។ អង្គការ​ពាក់ព័ន្ធ​នឹង​ប្រទេស​នានា​ដែល​ធ្លាប់​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​សម្រាប់​ការ​ធ្វើ​ជំរឿន​កន្លង​មក ដូច​ជា​ជប៉ុន និង​អាឡឺម៉ង់ បាន​ដកខ្លួន​ចេញ មិន​ផ្ដល់​ជំនួយ​សម្រាប់​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩​ទេ។ រដ្ឋមន្ដ្រី​ក្រសួង​ផែនការ បាន​ពន្យល់​ថា ការ​សម្រេច​មិន​បន្ត​ផ្ដល់​ជំនួយ​នៃ​ប្រទេស​ទាំង​នេះ គឺ​ដោយ​សារ​តែ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ប្រទេសមាន​ចំណូល​មធ្យម និង​ដោយ​សារ​ការ​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​រដ្ឋាភិបាលកម្ពុជា​​ជា​អ្នក​រ៉ាប់រង​ការ​ចំណាយ​​​ទាំង​ស្រុងដោយ​ខ្លួន​ឯង ចំនួន​៨​លាន​ដុល្លារ និង​ប្រើ​ប្រាស់​មន្ដ្រី​ជំរឿន​៥​ម៉ឺន​នាក់​​។ បើ​តាម​ក្រសួង​ផែនការ ការ​ធ្វើ​ជំរឿន​នេះ នឹង​មាន​លក្ខណៈ​ទំនើប​ជាង​ការ​ធ្វើ​ជំរឿន​កន្លង​ទៅ ដោយ​ក្រុម​ការងារ​នឹង​ដាក់​ប្រព័ន្ធ​សម្រាប់​វាយ​តម្លៃ​ភាព​សុក្រឹត្យ​នៃ​ការ​ធ្វើ​ជំរឿន ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ Tablet PDA និង​បច្ចេកទេស NBS៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ