អានតួអត្ថបទ
អូស្រ្តាលី

អូស្ត្រាលី​អនុម័ត​ច្បាប់ ដើម្បី ទប់ស្កាត់​ទេសចរណ៍ នៅមណ្ឌល​កុមារកំព្រា

អូស្រា្តលី​បាន​ចាត់វិធានការ ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​កុមារ នៅតាម​មជ្ឈមណ្ឌល​កុមារ​កំព្រា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ច្បាប់​មួយ​ដែល​មាន​ឈ្មោះថា ទាសភាព​សម័យទំនើប ត្រូវ​បាន​សភា​អូស្ត្រាលី​បោះឆ្នោត អនុម័ត ក្នុង​គោលដៅ ទប់ស្កាត់ ការជួញដូរ និង​កេងប្រវ័ញ្ច​កុមារ នៅមជ្ឈមណ្ឌល​កុមារ កំព្រា។ អូស្ត្រាលី ជា​ប្រទេស​ទី១ លើលោក ដែល បង្កើត​ច្បាប់​ស្តីពី​ការជួញដូរ​កុមារ កំព្រា។ 

ទេសចរណ៍​កុមារ​កំព្រា​បាន​ធ្វើ​ឲ្យ​កុមារ​ក្លាយ​ជា​ទំនិញ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ រហូត​ធ្វើ​ឲ្យ​កុមារ​ក្លាយ​ជាជនរងគ្រោះ​នៃ​ការកេងប្រវ័ញ្ច​ និង​ជួញដូរ​របស់​មណ្ឌលកុមារកំព្រាដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើង
ទេសចរណ៍​កុមារ​កំព្រា​បាន​ធ្វើ​ឲ្យ​កុមារ​ក្លាយ​ជា​ទំនិញ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ រហូត​ធ្វើ​ឲ្យ​កុមារ​ក្លាយ​ជាជនរងគ្រោះ​នៃ​ការកេងប្រវ័ញ្ច​ និង​ជួញដូរ​របស់​មណ្ឌលកុមារកំព្រាដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើង ©Hope and Homes for Children
ផ្សាយពាណិជ្ជកម្ម

ទើបមាន​ជា​លើកទី​១​លើ លោក ច្បាប់​ថ្មី​របស់​អូស្រា្តលី បាន​ចាត់ទុក ការបន្លំ បញ្ចូល​កុមារ​ឲ្យ​ទៅ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា ថា ជា​សកម្មភាព​ឧក្រិដ្ឋ។ ច្បាប់​ថ្មី​ដែល​សភា​អូស្ត្រាលី​បានបោះឆ្នោត​អនុម័ត​នៅថ្ងៃ​ម្សិលមិញ បាន​សំដៅ​ចាត់ទុក​ផងដែរ ការជួញដូរ​កុមារ នៅ​តាម​មណ្ឌលកុមារ​កំព្រា ជា​ប្រភេទ​ទាសភាព​សម័យទំនើប។

ច្បាប់​ថ្មី​របស់​អូស្ត្រាលី​ត្រូវ​បាន​បង្កើតឡើង បន្ទាប់ពី​ការសិក្សា​ជាច្រើន​បាន​ព្រមាន​ពី​ការកើន​ឡើង នៃ​ការបន្លំ កេងប្រវ័ញ្ច​លើ​កុមារ នៅ​ក្នុង​ប្រទេស​ក្រីក្រ ដោយសារ​តែ​ទេសចរណ៍ កុមារ​កំព្រា។ ជារួម ច្បាប់ថ្មី​បស់​អូស្ត្រាលី មាន​គោលដៅ ទប់ស្កាត់ ទេសចរណ៍ នៅ​តាម​មជ្ឈមណ្ឌល​កុមារ​កំព្រារ​នៅ​បរទេស។

របាយការណ៍​របស់​ទីភ្នាក់ងារ ដែល​មាន​ឈ្មោះថា គិតឡើងវិញ ពី​មជ្ឈមណ្ឌល​កុមារកំព្រា បាន​បង្ហាញ​ថា សកលវិទ្យាល័យ អូស្ត្រាលី ប្រមាណ ៥៧ភាគរយ បាន​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឲ្យ​គេ ធ្វើ​យុទ្ធនាការ ស្វែងរក​ថវិការ ជួយ កុមារកំព្រា ឬ​ទៅ​ធ្វើការ​ស័្មគ្រចិត្ត នៅតាម​មណ្ឌល​កុមារ​កំព្រា នៅក្នុង​ប្រទេស​ក្រីក្រ។ សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី លោកស្រី Linda Reynolds ធ្លាប់​បាន​និយាយ​ថា សកម្មភាព​បំផុសបំផុល​ឲ្យ​មានទេសចរណ៍ នៅតាម​មណ្ឌលកុមារ​កំព្រា នៅ​បរទេស បាន​បង្កើត បញ្ហា ច្រើនជាង​ការជួយ ព្រោះថា ជំនួយ​របស់​អ្នកស្ម័គ្រចិត្ត មាន​ប្រសិទ្ធិភាព​តែមួយភ្លែត ប៉ុន្តែ ផ្ទុយទៅវិញ បាន​បង្ក​ជា​ផលវិបាក​យូរអង្វែង។

គេ​បាន​វាយតម្លៃថា ៨០ភាគរយ​នៃ​កុមារកំព្រា ដែល​រស់នៅ​តាម​មជ្ឈមណ្ឌល​កុមារ​កំព្រា​ក្នុង​ពិភពលោក មាន​យ៉ាងហោចណាស់ ឪពុក ឬ​ម្តាយ ដែលនៅរស់​មាន​ជីវិត។ ប៉ុន្តែ ពួកគេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅរស់នៅ​តាម​មណ្ឌលកុមារ​កំព្រា ដោយសារ​គ្រួសារ​សង្ឃឹមថា ពួកគេ​នឹង​អាច​ទទួលអាហារ​គ្រប់គ្រាន់ ការសិក្សា​អប់រំ​ដោយ​មិនគិតថ្លៃ។ ប៉ុន្តែ នៅក្នុង​ការពិតជាក់ស្តែង កុមារ​នៅ​តាម​មណ្ឌល​កុមារ​កំព្រា ដូចជា​នៅ​តាម​ប្រទេសនេប៉ាល់ ឬ​កម្ពុជា​ជាដើម ត្រូវ​បាន​គេ​ប្រើ ដើម្បី​ជា​ប្រភព​អូសទាញ​ថវិកាជំនួយ ដែល​ភាគច្រើន​ធ្លាក់ទៅក្នុង​ហោប៉ៅ​របស់​ប្រធានសមាគម ឬ​មណ្ឌលកុមារ​កំព្រា។

ថ្មីៗនេះ ក្រសួងការបរទេស​អាមេរិក ធ្លាប់​បានអះអាងថា កុមារ​កំព្រា​ជាច្រើន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រាំ ច្រើន​ជាង​បាន​ទទួល​ការសិក្សា ពោល​គឺ​ដើម្បី​ទាក់ទាញ​ម្ចាស់ជំនួយ។ សកម្មជន​ការពារ​សិទ្ធិ​កុមារ សង្ឃឹមថា ជាមួយ​នឹង​ច្បាប់​ថ្មី នេះ ប្រទេស​ដទៃទៀត នឹង​យកគំរូ​តាម​អូស្ត្រាលី ដើម្បី កាត់បន្ថយ ទេសចរណ៍ នៅ​តាមមណ្ឌលកុមារ​កំព្រា ដែល​ជាប្រភព​មួយ នៃការកើនឡើង នៃ​ការជួញដូរ​កុមារ​កំព្រា ក្នុង​ពិភពលោក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ