អានតួអត្ថបទ
ចិន-អាមេរិក

ទូត​ចិន​និងទូត​​អាមេរិក​នៅ​ភ្នំពេញ សាច​ទឹក​ដាក់​គ្នា​ជុំ​វិញ​សំណុំ​រឿង​រដ្ឋប្រហារឆ្នាំ​១៩៧០

សំណុំ​រឿង​រដ្ឋប្រហារ​ លន់ នល់ ក្នុង​​ឆ្នាំ​១៩៧០ បាន​ក្លាយ​ជា​ប្រធាន​បទ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​ពីរ​នៅ​កម្ពុជា នោះ​គឺ ស្ថានទូត​ចិន និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​។ ស្ថានទូត​​អាមេរិក ដែល​អះអាង​ថា អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដែល​នាំ​ឲ្យ​លោក លន់ នល់ ឡើង​កាន់​អំណាច​ទេ​។ ជា​ការ​ឆ្លើយ​តប តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​០១ កុម្ភៈ​ម្សិលមិញ ស្ថានទូត​ចិន បាន​សរសេរ​ឡកឡឺយ​ទៅ​អាមេរិក​វិញ​ថា រដ្ឋប្រហារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​នោះ មិន​ទាក់ទង​នឹង​អាមេរិក​ទេ តែ​​មាន​ទាក់ទង​នឹង​ក្រុម​ចារកម្ម​របស់​អាមេរិក CIA។

ទង់​ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​ជាតិ​ចិន
ទង់​ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​ជាតិ​ចិន រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

«រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​យ៉ាង​យូរ​នោះ មិន​មាន​ទំនាក់ទំនង​អ្វី​នឹង US ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង CIA។» នេះ​គឺ​ជា​សំណេរ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន នា​ថ្ងៃ​សុក្រ ទី​០១ ខែ​កុម្ភៈ​។ ការ​លើក​ឡើង​របស់​ស្ថានទូត​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​អាមេរិកសរសេរ​ឆ្លើយ​តប​ទៅកាន់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើ​ទំព័រ​របស់​ខ្លួន​ថា សហរដ្ឋ​អាមេរិក មិន​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​លោក លន់ នល់ ឡើយ​កាន់​អំណាច​ឡើយ​។ បើ​តាម​សហរដ្ឋ​អាមេរិក រហូត​មក​ទល់​ពេល​នេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការ​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួយ​ដល់​លោក លន់ នល់ ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៧០​នោះ​ទេ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​សំណេរ​ដដែល ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ថែ​ម​ទាំង​​បានចោទ​ប្រកាន់​ប្រទេស​ចិន​​ទៀត​។ ចិន ដែល​អាមេរិក​សង្កត់​ធ្ងន់​ថា បាន​ជួយ​គាំទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​រយៈ​ពេល​ក្រោយ​ៗ​មក​​។

ជា​ការ​កត់​សម្គាល់ ​សំណេរ​ឆ្លើយ​ឆ្លង​រវាង​​ស្ថានទូត​ចិននិង​ស្ថានទូត​អាមេរិក ជុំ​វិញ​សំណុំ​រឿង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​នៅ​កម្ពុជា​ដូច្នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្ដរជាតិ​មើល​ឃើញ​ថា ជា​ការ​មិន​សម​រម្យ​ទាល់​តែ​សោះ​។ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​មិន​មែន​ជា​កូន​អុក​សម្រាប់​ពួក​មហាអំណាច យក​ទៅ​ធ្វើ​ជា​ល្បែង​នយោបាយ​​ឡើយ​។ ជា​សច្ចភាព លោក គិន ភា បំភ្លឺ​ថា ទាំង​សហរដ្ឋ​អាមេរិក និង​ចិន គឺ​សុទ្ធ​តែមាន​ជាប់​ពាក់ព័ន្ធ​ក្នុង​របប​គ្រប់​គ្រង​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩​។

ក្នុង​នោះសម្រាប់​សហរដ្ឋ​អាមេរិក ថ្វី​ត្បិត​តែ​គ្មាន​ឯកសារ​ជា​ភស្តុតាង​ចង្អុល​ច្បាស់​លាស់​ពី​ការ​គាំទ្រ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ក៏​ពិត​មែន ប៉ុន្តែ​ភ្លាម​ៗ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១៨​មីនា​ឆ្នាំ​១៩៧០ សហរដ្ឋ​អាមេរិក​បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់​។ ចំណែក​ប្រទេស​ចិន​វិញ មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​អាច​សរ​បញ្ជាក់​អំពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង ប្រទេស​ចិន ជាមួយ​របប​ប៉ុលពត​។ នេះ​បើ​តាម​លោក គិន ភា។

សម្រាប់​អ្នក​ជំនាញ​ខាង​ទំនាក់ទំនង​អន្ដរជាតិ​រូប​នេះ ​ប្រវត្តិសាស្ត្រ​ គឺ​ជា​សច្ចភាព​ដែល​មិន​អាច​កែ​ប្រែ​បាន​។ និង​ថា ប្រទេស​មហា​អំណាច​មិន​គួរ​ណា​យក​បញ្ហា​ប្រវត្តិសាស្ត្រ មកសរសេរ​​ឆ្លើយ​ឆ្លង​គ្នា ដើម្បី​តែយុទ្ធសាស្ត្រ​ឬ​គោលដៅ​នយោបាយ​របស់​ខ្លួន​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ