អានតួអត្ថបទ
កម្ពុជា

កម្លាំង​​ប៉េ​អឹម​​៦១២​នាក់​ ចូលរួម​​ក្នុង​​ប្រតិបត្តិ​ការ​លុបបំបាត់​​អាជីវកម្ម​​រ៉ែ​​ខុស​ច្បាប់​​ទូទាំង​ប្រទេស​

ក្រសួង​រ៉ែ​ និង​​ថាមពល​ បាន​ចាប់ផ្តើម​​បើក​​ប្រតិបត្តិ​ការ​លុប​បំបាត់​​អាជីវកម្ម​​រ៉ែ​​ខុស​ច្បាប់​​នៅក្នុង​​ក្របខណ្ឌ​​ទូទាំង​ប្រទេស​។ ​ប្រតិបត្តិការ​​នេះ ​នឹង​​ប្រើ​​កម្លាំង​​កង​រាជអាវុធហត្ថ​​លើ​​ផ្ទៃ​​ប្រទេស​ (PM)​ ៦១២​នាក់ ​ដោយ​​ចាប់ដៃ​​ជាមួយ​​កម្លាំង​ ប៉ូលីស ​ទាហាន ​និង​​ស្ថាប័ន​​តុលាការ​​ជា​ច្រើន​​ទៀត​។​ ប្រតិបត្តិការ​​នេះ​ នឹង​​បញ្ចប់​​នៅ​ត្រឹម​​ដំណាច់​ត្រីមាស​​ទី១​នៃ​​ឆ្នាំ​២០១៥​។​

@kheng Tito Facebook
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោកខេង ទី​តូ បានប្រកាសថា ចាប់ពី​ថ្ងៃទី៥មី​នា​ឆ្នាំ២០១៥នេះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (PM)នឹង​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចំនួន៦១២នាក់ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​លុបបំបាត់​ការជីក​រ៉ែ អនាធិបតេយ្យ គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស។ នៅក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​​ប៉េ​អ៊ឹម (PM) ទាំង៦១២នាក់ នឹង​ចាប់ដៃ​សហការ​ជាមួយ​កម្លាំង​ប៉ូលីស ទាហាន ក្រសួង​រ៉ែ​និង​ថាមពល និង​ស្ថាប័ន​តុលាការ​ផងដែរ ដោយ​ធ្វើ​ការចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ពី​សកម្មភាព​នៃ​ការជីក និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។  
 
យោងតាម​សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​បង្កើត​ក្រុមការងារ​ចំនួន​បី ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​រ៉ែ និង​រ៉ែ​សំណង់​គ្រប់​ប្រភេទ ក្នុងនោះ ក្រុមទី១ ដឹកនាំ​ដោយ​លោក ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល ដែល​ចុះទៅ​កាន់​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ មណ្ឌល​គី​រី រតនគីរី ក្រចេះ និង​ខេត្តស្ទឹងត្រែង។ ក្រុមទី២ ដឹកនាំ​ដោយ​លោក ហូ វិចិត្រ ចុះទៅ​កាន់​ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ហើយ​ក្រុមទី៣ ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា ចុះទៅ​កាន់​ខេត្តកំពង់ស្ពឺ កំពត កែប កោះកុង តាកែវ ស្វាយរៀង ព្រៃវែង ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ។ ក្រុមការងារ​ទាំងបី ត្រូវ​បញ្ចប់​ការងារ​របស់ខ្លួន អោយបាន​មុន​ដំណាច់ត្រីមាស​ទី១នៃ​ឆ្នាំ២០១៥ ដោយ​ធ្វើ​របាយការណ៍​សរុប​ជូន​ក្រសួង​ពិនិត្យ និង​វាយតម្លៃ​ការងារ​បច្ចេកទេស ការការពារ​បរិស្ថាន និង​ភាព​អនុលោម​ទាំងឡាយ​ផ្សេងទៀត ដើម្បី​សម្រេច​ចាត់វិធានការ​បន្ត។
 
ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចាត់ទុកថា ប្រតិបត្តិការ​នេះ គឺ​យោងទៅតាម​ភាពចាំបាច់​របស់​ក្រសួង​ហើយ​ថា ការអភិវឌ្ឍន៍​ធនធាន​រ៉ែ​ប្រកបដោយ​ចេរភាព ជា​កក្តា​ដ៏​ចាំបាច់​ដើម្បី​ចៀសវាង​ការខាតបង់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ។

គួរ​ជំរាបជូន​ថា មុនពេល​មាន​ប្រតិបត្តិការ​នេះ  ប្រមាណ​ជា​ពីរ​បី​ខែ​មុន រូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ការធ្វើ​អាជីវកម្ម​រ៉ែ​យ៉ាង​អនាធិបតេយ្យ​បានកើត​ឡើង​នៅ​ក្នុងព្រៃ​ចំការកៅស៊ូ ខេត្ត​រតនគីរី ដែល​បង្ករ​ឡើង​ដោយ​ជនជាតិ​វៀតណាម ត្រូវបាន​គេ​បង្ហោះ​នៅលើ​ទំព័រFacebook ដែលនាំអោយ​មានការ​រិះគន់​យ៉ាងខ្លាំង។ ចំណាត់ការ​បឋម​ក៍​ត្រូវបាន​ធ្វើឡើង​ផងដែរ ប៉ុន្តែ​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​បែបនេះ ទើបតែ​ធ្វើ​ឡើងជា​លើក​ទី១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ