អានតួអត្ថបទ
កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​គាំទ្រ​​តួនាទី​​យុវជន​​នៅ​ក្នុង​​មហា​​អនុ​តំបន់​​ទន្លេមេគង្គ​

ដំណើរ​​ទស្សនកិច្ច​​សិក្សា​​រយៈពេល​​មួយ​​សប្តាហ៍​​របស់​​យុវជន​៣៦នាក់​ មក​ពី​​បណ្តា​​ប្រទេស​​ជាប់​​ទន្លេ​មេគង្គ​ ក្នុង​នោះ​​មាន​​ពលរដ្ឋ​​ខ្មែរ​៦​នាក់​​ផង​ដែរ​ ត្រូវ​បាន​​រៀប​ចំ​ឡើង ​ដោយ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ ​យុវជន​​ទាំង​នេះ​​នឹង​​បញ្ជូន​​សារ​​របស់​ខ្លួន​​ទៅ​កាន់​​កិច្ច​ប្រជុំ​​កំពូល​​លើក​​ទី៥ ​នៃ​​ប្រទេស​​ក្នុង​​មហា​​អនុតំបន់​​ទន្លេមេគង្គ ​ដែល​​នឹង​ធ្វើ​​ឯ​​ទីក្រុង​​បាងកក ​នា​​សប្ដាហ៍​​ក្រោយ។​ អេ​ឌី​ប៊ី​ (ADB)​ ដែល​​ប្រកាស​​អំពី​​រឿង​នេះ​​កាល​ពី​​ម្សិល​មិញ ​អះអាង​ថា ​ខ្លួន​​គាំទ្រ​​គំនិត​​ផ្តួច​ផ្តើម​​នានា​​ដើម្បី​​លើក​កម្ពស់​​តួនាទី​​យុវជន​​នៅ​ក្នុង​​តំបន់​​នេះ​។​

ទន្លេមេគង្គ
ទន្លេមេគង្គ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

យុវជន​ខ្មែរ៦នាក់ រួមជាមួយ​យុវជន៣០នាក់​ផ្សេងទៀត ដែល​មកពី​បណ្តា​ប្រទេស​ជាប់​ទន្លេមេគង្គ៥ទៀត កំពុង​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ នៅ​សប្តាហ៍​នេះ។ ពួកគេ​ត្រូវ​ធ្វើដំណើរ​ពេញ​មួយ​សប្តាហ៍​ពី​ក្រុង ជី​ង​ហុង (Jinghong) នៃ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ប្រទេស​ភូមា ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ឆ្ពោះទៅ​រាជធានី​បាងកក​របស់​ថៃ។ គឺ​នៅ​ទីនោះ​ហើយ​នៅ​ថ្ងៃទី២០ ខែធ្នូ ដែល​ពួកគេ​ត្រូវ​ផ្តល់​សារ​របស់ខ្លួន ទៅឱ្យ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​មក​ប្រជុំ​កំពូល​ចាប់ពី​ថ្ងៃទី១៩ ដល់​ថ្ងៃ២០ ខែធ្នូ។  

«ដំណើរ​ទស្សនកិច្ច​នេះ​ជា​វេទិកា​មួយ​សម្រាប់​អ្នកចូលរួម ក្នុងការ​បង្កើត​សារ​ដែល​ពួកគេ​ប៉ង​បញ្ជូន​ទៅកាន់​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ»។ នេះ​បើ​យោងតាម​អ្នកស្រី ឡេ​នី ថូ​ម៉ាស (Lainie Thomas) អ្នកឯកទេស​ខាង​សង្គម​ស៊ីវិល​ធនាគា​អភិវឌ្ឍន៍អាស៊ី ដែល​បន្តថា៖ «ខ្លឹមសារ​នៃ​សារ​នោះ​គឺ​អាស្រ័យ​លើ​ការយល់ឃើញ​របស់​ពួកគេ​ផ្ទាល់ ប៉ុន្តែ​វា​ទំនងជា​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការទទួលស្គាល់​ការចូលរួម​របស់​យុវជន ចំពោះ​អនាគត​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ក៏ដូចជា​អំពី​បញ្ហាលំបាក​ទាំងឡាយ ដែល​ពួកគេ​ប្រឈមមុខ ក្នុងការ​ចូលរួម​នោះ»។

ដំណើរ​នេះ​អនុញ្ញាតឱ្យ​យុវជន​ទាំង៣៦នាក់​នោះ​សិក្សា​បន្ថែមទៀត​អំពី​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ សមិទ្ធិផល​ដែល​កម្មវិធី​នេះ​បានសម្រេច និង​បញ្ហា​ប្រឈម​របស់​វា។ ទស្សនកិច្ច​នេះ​ក៏​ជួយ​អ្នកចូលរួម​ឱ្យ​យល់​អំពី​បញ្ហា​នានា​ដែលមាន​ឥទ្ធិពល​លើ​យុវជន និង​អំពី​របៀប​នៃ​ការភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់​ដែល​អាច​លើកស្ទួយ​ការអភិវឌ្ឍន៍។ ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​ពួកគេ​នឹង​បញ្ចូល​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ខាង​ការអភិវឌ្ឍន៍ ឧទ្ទេសបទ និង​ការ​សំចត​នៅតាម​គម្រោង​នានា​ទាក់ទង​នឹង​ថាមពល បរិស្ថាន សុខាភិបាល ការសម្រួល​ពាណិជ្ជកម្ម ទេសចរណ៍ និង​គមនាគមន៍ ដែល​អេ​ឌី​ប៊ី (ADB) ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍អាស៊ី​លើកឡើងថា នេះ​ជា«កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រំលេច​ឱ្យឃើញ​នូវ​វិភាគទាន​របស់​យុវជន​ចំពោះ​មហា​អនុតំបន់​ទន្លេមេគង្គ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ