អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក វេង សាខុន​៖ ​ស្ថាន​ភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​ភាព​ស្ងប់​ស្ងាត់​បន្តិច​

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន តម្រូវ​ឲ្យ​សត្ត​ឃាត​ឬ​កន្លែង​សម្លាប់​សត្វ បោះ​ត្រា​លើ​ស្បែក​ជ្រូក​ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​សាច់​ដល់​អ្នក​បរិភោគ​។ ការ​តម្រូវ​ឲ្យ​បោះ​ត្រា​លើ​ស្បែក​ជ្រូក​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​ធំ​ផ្អាក​បរិភោគ​សាច់​ជ្រូក​បណ្ដោះ​អាសន្ន​។ បើ​តាម​លោក​រដ្ឋ​មន្ត្រី​គិត​មក​ដល់​ពេល​នេះ ស្ថាន​ភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​ភាព​ស្ងប់​ស្ងាត់​បន្តិច​។ 

ការពិនិត្យ និងបោះត្រាទៅលើសាច់ជ្រូកដែលមានសុវត្ថិភាព
ការពិនិត្យ និងបោះត្រាទៅលើសាច់ជ្រូកដែលមានសុវត្ថិភាព @Internet
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន បាន​គូស​បញ្ជាក់​ថា ជា​គោល​ការណ៍​សាច់​ជ្រូក​ដែល​បោះ​ត្រា​លើ​ស្បែក​គឺ​បាន​ឆ្លង​កាត់​ដំណាក់​កាល​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​សុខភាព​សត្វ ទើប​សាច់​ជ្រូក​ចរាចរ​លើ​ទីផ្សារ​បាន​។ បន្ថែម​ពី​លើ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​អះអាង​ជា​ថ្មី​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​ឡើយ​។

សូម​ជម្រាប​ជូន​ថា គិត​មក​ដល់​ពេល​នេះ​ជ្រូក​ជាង​២ពាន់​ក្បាល​បាន​ងាប់​ដោយ​សារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ទាប់​ពី​ជំងឺ​នេះ​កំពុង​តែ​ផ្ទុះ​នៅ​ក្នុង​ខេត្ត ត្បូងឃ្មុំ ស្វាយរៀង​ តាកែវ កណ្ដាល រតនគិរី។ តែ​ទោះ​ជា​បែប​នេះ​ក្ដី រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​ភាព​ធូរ​ស្រាល​បន្តិច​ហើយ ពោល​គឺ​នៅ​មិន​ទាន់​មាន​ការ​វិវត្តន៍​ថ្មី​នៅ​ឡើយ​ទេ​។

នៅគ្រា​ដែល​មានផ្ទុះ​ជំងឺ​នេះ ក្រសួង​កសិកម្ម​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ ចិញ្ចឹម​ ទិញ លក់ និង​ដឹក​ជញ្ជួន​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ពី​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។ ក្នុងនោះក្រសួង​កសិកម្ម​បាន​ អំពាវ​នាវ​ឲ្យ​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​ រក្សា​ភាព​ស្ងប់​ស្ងាត់ ​និង​អត់​ធ្មត់ ​ដោយ​ក្រសួង​នឹង​បញ្ជូន​មន្រ្តី​ជំនាញ​បសុព្យា​បាល​ រួម​ទាំង​ឧបករណ៍​វិភាគ​ ចុះ​ពិនិត្យ​ជា​បន្ទាន់​ដល់​ទី​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

គួររំលឹកដែរថា នៅ​ក្នុង​ប្រតិបត្តិ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិត​ខាង​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក​វេង សាខុន បាន​ព្រមាន​ថា​នឹង​ដក​តំណែង​មន្ត្រី​បសុពេទ្យ​ណា ដែល​មាន​ការ​ធ្វេស​ប្រហែស​នឹង​ការ​ងារ ខណៈប្រធាន​ការិយាល័យ​បសុ​ពេទ្យ​មួយ​រូប នៅ​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ដក​ពី​តំណែង ដោយ​សារ​មិន​មាន​កិច្ច​សហការ​ពេញ​លេញ​នៅ​ក្នុង​ការងារ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ